ទីក្រុង​ក្វាងចូវ ​(Guangzhou) ប្រទេសចិន គ្រោងនឹង​សាងសង់​មជ្ឈមណ្ឌល​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ និង​ប្រជាជន​ក្នុង​តំបន់ធ្វើ​ចត្តាឡីស័ក​ ដែលធ្វើ​ដំណើរ​មកពី​តំបន់ហានិភ័យ​ខ្ពស់ក្នុង​ការចម្លង​កូវីដ ១៩។ ការបង្កើត​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​នេះ​គឺ​ដោយសារ​សណ្ឋាគារ​ក្នុងស្រុក​មិនអាច​ទប់ទល់​នឹង​ការរីករាល​ដាល​ករណី​កូវីដ ១៩ ​ដូចជាវារ្យ៉ង់​បំប្លែង​ថ្មី​ប្រភេទ ​Delta​ ជា​ដើម។

យោងតាម​ការស្រង់​សម្តី​របស់​សារព័ត៌មាន​ South China Morning Post​អ្នកជំនាញ​ខាងជំងឺ​ផ្លូវដង្ហើម លោក Zhong Nanshan ​បាននិយាយ​នៅក្នុងបទ​សម្ភាស​កាលពីថ្ងៃទី ​២៥ ​មិថុនា​ថា​ បន្ទាប់ពីបាន​សង្កេតឃើញ​ពី​ករណីមេរោគ​កូវីដ ១៩ ​ប្រភេទ​បំប្លែង​ថ្មី Delta នៅ​ខេត្តក្វាង​ទុងក្នុង​អំឡុងពេល ១ ខែ​កន្លងមកនេះ​ លោក​ជឿជាក់​ថា ការ​ប្រើប្រាស់​សណ្ឋាគារ​ជា​កន្លែង​ដាក់ដាច់​ដោយឡែក​នឹងមិន​គ្រប់គ្រាន់​បញ្ឈប់​ការ​រីករាលដាល​នៃជំងឺនេះទេ​។ ​លោក​បន្ថែម​ថា ព្រោះ​មេរោគប្រភេទនេះ​អាច​ងាយចម្លង​ជាងមុន​ការ​បំប្លែង​មេរោគនេះ​ក៏មាន​ន័យថា ​នាពេល​អនាគត​ក៏អាចមាន​មេរោគ​បំប្លែង​ថ្មីផងដែរ​។

លោក Zhong បាន​និយាយថា៖ «​ក្នុងរយៈពេល​វែងមួយ​ក្វាងចូវ​និងហ្សិនជិន​ត្រូវ​តែសាងសង់​និង​បំពាក់​នូវ​គ្រឿង​បរិក្ខា​រនានា​។ បើមិន​ដូច្នោះ​ទេនៅ​ពេល​ដែលមាន​ករណីជា​ច្រើននា​ពេលអនាគត​ហើយ​យើងត្រូវដាក់​ពួកគេ​នៅតាម​សណ្ឋាគារ​វា​នឹងប៉ះពាល់​ដល់​សេដ្ឋកិច្ច។​លោក ​Zhong ​បា​និយាយថា​ ទីតាំង​ដែល​សាងសង់​មជ្ឈមណ្ឌល​នោះមាន​ផ្ទៃដី​ប្រមាណ ២៥ ហិកតា​ ដែល​មាន​ទំហំប៉ុន​ទីលានបាល់​ទាត់ចំនួន ​៤៦ ​ដង»។

ប្រទេសចិន​បានចាត់​តាំង​ខេត្តក្វាង​ចូវ ជាតំបន់​ដើម្បី​ទទួល​និងដាក់​ឱ្យ​ អ្នកទេស​ចរអន្តរជាតិ​ធ្វើ​ចត្តាឡីស័ក​មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​តំបន់​ផ្សេងទៀត​ក្នុង​ប្រទេសចិន។​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ពី ​៨០ ទៅ ៩០ ​ភាគរយ​ចូលមក​ប្រទេសនេះ​តាមរយៈ​ខេត្ត​ភាគ​ខាងត្បូង។

ខេត្តក្វាងចូង​ ក៏ត្រូវ​បានស្នើឱ្យ​ជា​កន្លែងដែល​ចូលរួម​ការពារ​ពី​ការរាល​ដាលដល់​ខេត្តដទៃ​ទៀត​ក្នុង​ពេលមាន​ការផ្ទុះឡើងថ្មីៗ​នេះ​ដោយ​កាត់បន្ថយ​ចំនួនអ្នក​ធ្វើដំណើរ​ក្នុងតំបន់​។ ប្រជាជន​ដែលធ្វើ​ដំណើរ​មកពី​ទីក្រុងជា​ច្រើនក្នុង​ខេត្តក្វាងចូវ​ត្រូវបាន​ស្នើសុំឱ្យ​ ធ្វើ​តេស្តរក​កូវីដ ១៩ មុនពេល​អនុញ្ញាត​ឱ្យចាក​ចេញទី​តំបន់​ផ្សេងទៀត។

ចាប់តាំង​ពីថ្ងៃទី ២១ ​ខែឧ​សភា ​តំបន់ក្វាង​ចូវ​និងហ្សិ​​ជិន​មាន​ករណី​កូវីដ ១៩​ ប្រភេទ​បំប្លែង​ថ្មី​សរុប​ចំនួន ១៦៧ ​ករណី​ ហើយតំបន់​ហ្សិន​ជិន​មានឆ្លងចំនួន ​៧ ក​រណី គិត​ត្រឹម​សប្តាហ៍​មុន៕