ទីក្រុងធំបំផុតរបស់អូស្រ្តាលី គឺ​ទីក្រុង​ Sydney បានបិទទ្វារ​អស់​រយៈពេល ២ សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វ៉ារ៉្យង់​ថ្មី ហើយ​​ទីក្រុង Saint Petersburg របស់ប្រទេសរុស្ស៊ី​ បាន​ប្រកាស​ពី​ចំនួន​អ្នកស្លាប់ដោយ​សារ​វ៉ារ៉្យង់​នេះ​ ខណៈ​​​ប្រទេស​មួយ​ចំនួន​នៅអឺរ៉ុបចាប់​ផ្ដើមកាត់​បន្ថយ​វិធានការ​សុវត្ថិភាព​នានា​​ បើ​ទោះ​ជា​មាន​ក្ដី​ព្រួយ​ពី​ការ​រាល​ដាល​​នៃ​វ៉ារ៉្យង់ Delta ថ្មីក៏ដោយ។

បើទោះជា​ការ​ចែក​ចាយ​វ៉ាក់សាំង​ បានធ្វើឱ្យការឆ្លងមេរោគធ្លាក់ចុះ​នៅក្នុងប្រទេស​យ៉ាងណាក្ដី វ៉ារ៉្យង់ Delta ថ្មី​ លេចមុខជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា​ បានបង្កឱ្យមានការភ័យខ្លាចថា​ វ៉ារ៉្យង់​ថ្មី​នេះ​អាច​នឹង​ឆក់​យក​ជីវិតជិត ៤ លាននា​ក់។​

ប្រទេស​បង់ក្លាដែស​ បានប្រកាសថា ខ្លួននឹងដាក់ចេញនូវវិធាន​ការ​​បិទខ្ទប់​ប្រទេស​សាជាថ្មី​ចាប់ពីថ្ងៃ​ ចន្ទ​នេះ​ ដោយសារ​វ៉ារ៉្យង់​ថ្មីនេះ ដោយអនុញ្ញាត​តែ​ការដឹកជញ្ជូនទា​ក់ទងនឹ​ងវេជ្ជសាស្ត្រប៉ុណ្ណោះ​ ដែលអាច​ដំណើរ​ការ​បាន​។

ដោយឡែក​មជ្ឈមណ្ឌលកំពង់ផែ​អ៊ូអរ​របស់​ទីក្រុង​ Sydney បែជា​មក​ស្ងប់​ស្ងាត់​វិញ​ ក្រោយ​ពេល​រដ្ឋាភិបាល​បញ្ជា​ឱ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុង​ផ្ទះលើកលែងតែការធ្វើដំណើរសំខាន់ៗ​ ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះឡើ​ងនៃវ៉ារ្យ៉ង់នេះ។

ទន្ទឹមនឹងនេះ ប្រទេស​នូវែលសេឡង់ ដែល​ធ្លាប់​ព្រមាន​ពី​ការផ្ទុះឡើងជាច្រើនដង​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ក៏​បា​នប្រកាសផ្អាក​​​​​​​​​​​​​​​ទេសចរ​គ្មានការ​ធ្វើ​ចត្តាឡីស័ក​​ជាមួយ​ប្រទេសជិត​ខាងធំ​របស់ខ្លួនផងដែរ​។​ គួរបញ្ជាក់ផងដែរថា ការ​បិទខ្ទប់​នៅទីក្រុង Sydney ​បានប៉ះពាល់​ដល់ប្រជាជន​ជាង ៥លា​ននា​ក់​នៅ​ក្នុង​ទីក្រុង​ និង​នៅក្បែរទីក្រុ​ង ដែលធ្លាប់​តែ​មាន​ករណី​ក្នុង​ស្រុក​តិចតួចបំផុត។

បើ​ក្រឡេក​ទៅ​មើ​ល​ទី​ក្រុង Saint Petersburg នៃ​ប្រទេសរុស្ស៊ី​វិញ​ ក៏​មាន​ការ​កើន​ឡើង​នៃ​ករណី​កូវីដ ១៩ ដូច​គ្នា​ ដោយ​កាលពីថ្ងៃសៅរ៍កន្លងទៅ ទីក្រុង​នេះ​ បានរា​យការណ៍ពីចំនួនអ្នកស្លាប់ដោយកូវីដ-១៩ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ ចាប់​តាំងពីវ៉ារ៉្យង់ Delta ថ្មីរាត​ត្បាត​ពេញ​​​ទីក្រុងនេះ។

ទីក្រុងធំ​ទី២ របស់ប្រទេសរុស្ស៊ីដែ​លបានរៀបចំការប្រកួត six Euro 2020 ដោយ​គ្រោង​នឹង​រៀប​ចំ​វគ្គ​ត្រី​មាស​បញ្ចប់​នៅ​ថ្ងៃសុក្រ​សប្តាហ៍ក្រោយនេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​ជាង​ ១០៧ ករណី​ ក្នុង​រយៈពេល ២៤ ម៉ោងចុងក្រោយនេះ​នៅថ្ងៃអាទិត្យនេះ​។

នៅទូទាំងពិភពលោកការរាតត្បាតរាតត្បាត​នៅតែថយចុះដោ​យ​អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍អំពីករណី​ថ្មីទាបបំផុតនៅទូទាំងពិភពលោកចាប់តាំងពីខែកុម្ភៈ និងការថយចុះនៃ​មរណភាព​​ ដែលបង្កដោយ​ជំងឺ​កូវីដ ១៩​។

ប៉ុន្តែ គេ​នៅ​មានការព្រួយបារម្ភ​ចំពោះវ៉ារ៉្យង់ Delta ថ្មីដែល​ឥឡូវនេះ បានរាលដាលដល់ប្រទេសយ៉ាងតិច ៨៥ ហើយ​ជាការឆ្លងរាលដាល​ដោយសារ​វ៉ារ៉្យង់ Delta ថ្មី មាន​ច្រើន​បំផុត​ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​នៅទូទាំង​ពិភពលោក​។

ទោះយ៉ាងណាបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនកំ​ពុងបន្ធូរបន្ថយការរឹតបន្តឹង​ ខណៈ​ដែល​យុទ្ធនាកា​រចាក់​វ៉ាក់សាំង​នៅតែ​បន្ត។ ពោល​នៅក្នុងប្រទេសអង់គ្លេស​ ដែលជាប្រទេស​មាន​ការ​រីករាល​ដាល​វ៉ារ៉្យង់ Delta ថ្មីច្រើន​បំផុត​ បានបង្ខំឱ្យរដ្ឋាភិបាលពន្យាពេលបើក​ដំណើរការប្រទេស​ជាថ្មី។

វ៉ារ៉្យង់ Delta ថ្មី នេះ​មាន​សមត្ថភាព​ចម្លង​ជំងឺ​ខ្លាំ​ងណាស់​ ដោយ​អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ​ប្រជាជនជាង ៨០ ភាគរយ​ត្រូវ​តែទទួល​យក​វ៉ាក់សាំង​ ដើម្បីទប់ស្កាត់​នឹង​វ៉ារ៉្យង់ Deltaថ្មី​នេះ។

វ៉ារ៉្យង់ Delta ថ្មី​ ក៏កំពុង​បង្ក​ឱ្យ​មាន​ការឆ្លងរាលដាលគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសជា​ច្រើន​នៅ​ទូទាំង​ទ្វីប​អាហ្រ្វិក​ ដែល​ករណីឆ្លង​សរុប​​បានកើនឡើង ២៥ ភាគរយក្នុងសប្តាហ៍មុន តួយ៉ាងដូច​ជា​ ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ​នៅទ្វីបអាហ្វ្រិក​ បានព្រមានកាលពីថ្ងៃសៅរ៍ថា ការកើន​ឡើង​នូវវ៉ារ៉្យង់ Delta ថ្មី បាន​ និងកំពុង​​បង្ខំឱ្យ​អាជ្ញាធ​រពិចារណាលើ​ការរឹត​ត្បិតសាជាថ្មី​ផងដែរ​៕