កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ២៧ ​មិថុនា​ ប៉ូលិស​ហុងកុង​ បាន​ចាប់​ខ្លួន​អតីត​អ្នក​កាសែត​របស់​កាសែត​ Apple Daily នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ដោយ​ចោទ​ប្រកាន់​លោក ពី​បទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ។

លោក Fung Waikong ​ជា​បុគ្គលិក​ទី៧ ​នៃ​កាសែត ​Apple Daily ​មាន​ទំនោរ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បំពាន​ច្បាប់​សន្តិសុខជាតិ​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​លោក​ជា​និពន្ធ​នាយក​ និង​ជា​អ្នក​សរសេរ​អត្ថបទ​នៅ​កាសែត​ Apple Daily។

ប៉ូលិស​ហុងកុង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ លោក ​Fung Wai-kong ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស​ ឬ​កងកម្លាំង​បរទេស​ ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ ​ពួក​គេ​បាន​និយាយ​បន្ថែម​ថា​ លោក​ត្រូវ​បាន​ឃុំ​ខ្លួន។​ អាជ្ញាធរ​បាន​និយាយ​ថា ​អត្ថបទ​ជា​ច្រើន​រាប់​សិប​សន្លឹក​​ប្រហែល​ជា​បាន​រំលោភ​​​លើ​ច្បាប់​សន្តិសុខ​ជាតិ​ ដែល​កំណត់​ដោយ​​ប្រទេស​ចិន៕