ទីក្រុង​ម៉ូស្គូ​ នៃ​ប្រទេស​រុស្ស៊ី​ រក​ឃើញ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​វីរុស​ប្រចាំថ្ងៃ​ដ៏​អាក្រក់​បំផុត​ ខណៈ​ប្រទេស​នានា​នៅ​ទូទាំង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ​បាន​ពង្រីក​ ឬ​ដាក់​កម្រិត​វិធានការ​ការពារ​ឡើង​វិញ ​ដើម្បី​ទប់ទល់​នឹង​រលក​ថ្មី​ដែល​បណ្ដាល​មក​ពី​វ៉ារ៉្យង់​ Delta ​ថ្មី​នេះ។

ទីក្រុង Moscow ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​រក​ឃើញ​ករណី​ឆ្លង​ប្រមាណ​ ១៤៤ ​ក្នុង ​១ ថ្ងៃ​ ក្រោយ​ក្រុង​ Saint Petersburg នៃ​ប្រទេស​នេះ​ ទើប​រក​ឃើញ​ករណី​ខ្ពស់​បំផុត​ពេល​ថ្មីៗ​នេះ​។ ​ប្រទេស​រុស្ស៊ី​ ទាំង​មូល​បាន​រក​​ឃើញ​ករណី​ផ្ទុះ​ឡើង​សាជា​​ថ្មី​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា មក​​​ដែល​បង្ក​ដោយ​វ៉ារ្យ៉ង់​ Delta ​ថ្មី​នេះ​។

ការ​កើន​ឡើង​ករណី​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មន្រ្តី​នៅ​ទីក្រុង​ Moscow បាន​​ និង​កំពុង​ជំរុញ​ឱ្យ​ប្រជាជន​រុស្ស៊ី​ ដែល​ជា​បុគ្គល​មាន​ការ​សង្ស័យ​លើ​វ៉ាក់សាំង​រុស្ស៊ី​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ផង​ដែរ។​ អភិបាល​ក្រុង​ Moscow លោក Sergei Sobyanin ​បាន​និយាយ​កាល​ពី​​ថ្ងៃ​សៅរ៍​ថា​៖ «ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​​នេះ រឿង​ចាំបាច់​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​ការ​ចាក់​វ៉ាក់សាំង​ខ្នាត​ធំ​ឱ្យ​ឆាប់​រហ័ស។ យើង​ពិបាក​នឹង​រក​ដំណោះ​ស្រាយ​ផ្សេង​ទៀត​ខ្លាំង​ណាស់»។

ជាមួយ​គ្នានេះ​ដែរ​ប្រទេស​រុស្ស៊ី​ក៏​បាន​សារភាព​ថា ​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​មាន​បញ្ហា​ ប៉ុន្តែ​ជាមួយ​នឹង​ការ​ផ្ទុះ​នូវ​ករណី​ថ្មី​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​កើន​ឡើង​ក្នុង​ចំណុច​ខ្ពស់​បំផុត​នោះ អាច​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ដែល​សង្ស័យ​ ប្រសិទ្ធភាព​វ៉ាក់​សាំង​ភ្ញាក់​ខ្លួន​មក​ទទួល​យក​វ៉ាក់សាំង​វិញ​ដែរ ​ឬ​យ៉ាង​ណា?​

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​បាន​លើក​ឡើង​ថា ​មាន​តែ​ប្រជាជន​ជាង​ ១១ ភាគរយ ​នៃ​ប្រជាជន​ចំនួន​ ១៤៦ លាន​នាក់ ​របស់​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​ ដែល​មក​ទទួល​យក​វ៉ាក់សាំង​មិន​ដឹង​ថា​ ចំនួន​នេះ​មក​ពី​ការ​សង្ស័យ​លើ​វ៉ាក់សាំង​ទូទៅ​ការ​សង្ស័យ​លើ​វ៉ាក់សាំង ​Sputnik ឬ​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស ​រុស្ស៊ី ឬ​យ៉ាង​ណា​ឡើយ។​

ប៉ុន្តែ​ជាមួយ​នឹង​ករណី​ថ្មី​ជាង ២ ​ម៉ឺន​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល ២ ​ថ្ងៃ​ចុង​ក្រោយ ​គួប​ផ្សំ​ជាមួយ​នឹង​ការ​រឹត​បន្តឹង​ថ្មី​ដ៏​តឹងរ៊ឹង​លើ​អ្នក​ដែល​មិន​បាន​​ទទួល​វ៉ាក់សាំង​បាន​ជំរុញ​ឱ្យ​ប្រជាជន​រុស្ស៊ី​ជា​ច្រើន​តម្រង់​ជួរ​គ្នា​ហួស​មាត់​ច្រក​ចូល​កន្លែង​ចាក់​វ៉ាក់សាំង​។

ចាប់​ពី​ថ្ងៃ​ចន្ទ ​តទៅ​ហាង​កាហ្វេ ​និង​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ម៉ូស្គូ​ ​នឹង​តម្រូវ​ឱ្យ​មាន​លេខ​កូដ​ QR សម្រាប់​ប្រជាជន​ចាក់​វ៉ាក់សាំង​ផង​ដែរ​។ ទីធ្លា​សាធារណៈ​រួម​ទាំង​កន្លែង​លេង​នៅ​ខាង​ក្រៅ​ក៏​ត្រូវ​បាន​បិទ​ដូច​​គ្នា​​។ ស្ថាប័ន​រដ្ឋាភិបាល និង​​ឧស្សាហកម្ម​សេវាកម្ម​ក៏​តម្រូវ​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ ៦០ ភាគរយ​នៃ​និយោជិត​សរុប​របស់​ពួក​គេ។

យ៉ាងណា​មិញ យោង​តាម​ទិន្នន័យ​អង្គការ​សុខភាព​ពិភព​លោក ​(WHO) វ៉ារ៉្យង់​ Delta ថ្មី ​បាន​និង​កំពុង​រីក​រាលដាល​ដល់​ប្រទេស​ជាង ៨៥ គិត​ត្រឹម​ថ្ងៃ​ អាទិត្យ​ដែល​កំពុង​បង្ក​ក្ដី​បារម្ភ​ដល់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ និង​អូស្ត្រាលី ​ដែល​កំពុង​រឹត​បន្តឹង​វិធាន​ការ​ការពារ​បន្ថែម​ទៀត​ ដើម្បី​ទប់ទល់​នឹង​វ៉ារ្យ៉ង់​ទាំង​នេះ​ផង​ដែរ។

ប្រហាក់​ប្រហែល​គ្នា​​នេះ​ដែរ​ វ៉ារ៉្យង់​ Delta ថ្មី ​ត្រូវ​បាន​គេ​ឃើញ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​ ដោយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​រក​ឃើញ​ចំនួន​ករណី​ឆ្លង​ថ្មី​​ច្រើន​ជាង​ ២១​ ០០០ ​ក្នុង​ ១ ថ្ងៃ​។ ដោយ​ឡែក​នៅ​ប្រទេស​ ថៃ ចាប់​ពី​ថ្ងៃ​ចន្ទ ​នេះ​ត​ទៅ​​ក៏​ចាប់​ផ្ដើម​រឹតត្បិត​លើ​វិធានការ​សុវត្ថិភាព​លើ​ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ​និង​ការ​ជួបជុំ​នៅ​រដ្ឋធានី​បាងកក​ផង​ដែរ​ ក្រោយ​រលក​ថ្មី​នៃ​ប្រទេស​នេះ​ចាប់​ផ្ដើម​កាល​ពី​ខែ​មេសា​។

បើ​ក្រឡេក​មើល​ ប្រទេស​ម៉ាឡេស៊ី ​ដែល​នៅ​ជា​ប្រទេស​ជិត​ខាង​ នាយក​រដ្ឋមន្រ្តី​ប្រទេស​នេះ​ ក៏​បាន​ប្រកាស​ពី​ការ​បិទ​ខ្ទប់​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ប្រហែល​ ១ ខែ​ នឹង​បន្ត​ទៅ​ទៀត ​ដោយ​បច្ចុប្បន្ន​រដ្ឋាភិបាល​មិន​ទាន់​បាន​ផ្តល់​ពី​កាល​បរិច្ឆេទ​សម្រាប់​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅ​ឡើយ​ទេ​។

នៅ​ប្រទេស​បង់ក្លាដែស​ទៀត​សោត​ ក៏​នឹង​ដាក់​ចេញ​នូវ​ការ​បិទ​ខ្ទប់​ប្រទេស​សា​ជា​ថ្មី​ចាប់​ពី​ថ្ងៃ​ចន្ទ ដោយ​ការិយាល័យ​នានា​ត្រូវ​បាន​បិទ​អស់រយៈ​ពេល ១ សប្តាហ៍​ ហើយ​មាន​តែ​ការ​ដឹក​ជញ្ជូន​ទាក់ទង​នឹង​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ​ ដែល​អាច​ដំណើរការ​បាន​៕