អគារ​លំនៅ​ឋាន​មួយ​ដួល​រលំ​នៅ​ក្រុងម៉ៃអាមី​ រដ្ឋហ្វ្លរីដា​ សហរដ្ឋ​អាមេរិក​បង្កឱ្យ​ មានអ្នក​ស្លាប់​ចំនួន​ ៩​ នាក់ ​ខណៈការ​ស្រាវជ្រាង​រកជន​រង​គ្រោះនៅ​តែបន្ត​។

កាលពី​សប្តាហ៍មុន​ អគារ​ស្នាក់​នៅមួយ​នៅរដ្ឋ​ ហ្វ្លរីដា​បានដួល​រលំ​ហើយ​បង្កឱ្យ​ គ្រួសារ​ដែលស្នាក់​នៅ​ក្នុង​អគារនោះ​ស្លាប់ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​រក​ពុំទាន់​ឃើញ។​ចំនួនអ្នក​ស្លាប់​បានកើន​ឡើងដល់ ​៩ នាក់​ដែលធ្វើ​ឱ្យ​ សាច់​ញាតិ​របស់​សាក​សពអស់​សង្ឃឹម​ចំពោះ​ដំណឹង ​និង​ព្រួយបារម្ភ​ដោយ​ការ​ស្វែងរកនេះ​មាន​ភាព​យឺតយ៉ាវ។

លោក Earl Tilton​ ម្ចាស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​សេវាកម្ម​ជួយ​សង្គ្រោះ​ជីវិត​នៅ​រដ្ឋ​ North Carolina​ បាន​និយាយថា ​ក្រុមអ្នកជួយ​សង្គ្រោះ​នៅតំបន់​ Miami-Dade កំពុង​បំពេញ​ការងារ​បាន​យ៉ាងល្អ។ ​លោក ​Tilton ​បាន​និយាយ​ថា ការប្រញាប់​ប្រញាល់​ចូលទៅ​ក្នុងគំនរ​អគារ​ដោយ​មិនមាន​ផែនការ និង​ការ​ប្រតិបត្តិ​ដោយប្រុង​ប្រយ័ត្ន​នឹង​អាច​បណ្តាលឱ្យ​ មាន​គ្រោះថ្នាក់​ដល់​អ្នក​ជួយសង្គ្រោះ ​និង​មនុស្ស​ដែលពួកគេ​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​។​

តាមការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​សិង្ហបុរី​ CNA ​លោក ​Tilton ​បាន​និយាយ​ថា៖ «ខ្ញុំយល់ពី​កង្វល់​របស់​ក្រុម​គ្រួសារ​ចំពោះ​បញ្ហានេះ។​ ប្រសិន​បើអ្នក​ដែលនៅ​ក្នុងអគារ​នោះជា​សមាជិក​គ្រួសារ​ខ្ញុំ ខ្ញុំចង់​ឱ្យ​អ្នករាល់​គ្នានៅ​ទីនោះ​ទាញកម្ទេច​ថ្មឱ្យ​ លឿន​បំផុតតាម​ដែល​អាចធ្វើ​ទៅ​បាន។ ប៉ុន្តែការ​ផ្លាស់​ប្តូរ​បំណែក​កម្ទេច​កម្ទីដោយ​មិន​ពិចារណា​អាច​បណ្តាលឱ្យ​ថ្មទាំងនោះ​ធ្លាក់​ទៅលើ​ពួកគេ​» ។

របាយការណ៍​របស់​វិស្វករ​សំណង់​បាន​បង្ហាញពី​ការ​ព្រួយ​បារម្ភអំពី​ការ​ខូចខាត​រចនា​សម្ព័ន្ធ​ចំពោះការ​ចាក់បេតុង​នៅខាង​ក្រោម​អាង​ហែលទឹក​របស់​អាគារ​នោះ និងស្នាម​ប្រេះនៅ​កន្លែង​ចត​រថយន្ត។ ការ​ការពារ​ទឹកជ្រាប​នៅខាង​ក្រោមអាង​ទឹកមិន​បានល្អបាន​បណ្តាល​ឱ្យខូចខាត​រចនា​សម្ព័ន្ធ​សំខាន់ៗ​។

តែទោះ​ជា​យ៉ាងណា​របាយការណ៍នេះ​មិន​បានបញ្ជាក់ថា ​តើ​រចនា​សម្ព័ន្ធនោះ​ស្ថិតក្នុង​ហានិភ័យ​នៃការ​ដួលរលំ​ ឬ​យ៉ាងណា​នោះទេ។​ តាម​ការរាយ​ការណ៍​របស់​សារព័ត៌មាន​ CNN ថា ​របាយការណ៍​ Morabito ​បាន​បង្ហាញ​ថា ពួកគេ​បាន​ផ្តល់​ការ​ប៉ាន់​ប្រមាណ​អំពី​ការ​ចំណាយ​ទៅ​សមាគម​អគារ​ស្នាក់​នៅ​ក្នុងការ​ជួសជុល​ឱ្យបាន​ទូលំ​ទូលាយ និងចាំបាច់​ហើយ​ធានា​សុវត្ថិភាព​ដល់​ប្រជាជន ​និង​សាធារណ​ជនទូទៅ​។

គួរបញ្ជាក់​ផង​ដែរថា ​កាលពី​ខែ​វិច្ឆិកាឆ្នាំ ​២០១៨ ​មន្ត្រី​សាងសង់​ទីក្រុងម្នាក់​បាន​ប្រាប់​ប្រជាជន​ថា អគារនោះ​ស្ថិតក្នុង​សភាព​ល្អ​បន្ទាប់ពី​ទទួល​បាន​របាយការណ៍​ដែលបាន​ព្រមាន​អំពីការ​ខូចខាត​រចនា​សម្ព័ន្ធ​សំខាន់ៗ​ដែល​ជា​កត្តា​អាច​បណ្តាលឱ្យ​ មាន​ការ​បាក់រលំ៕