ការ​សិក្សា​មួយ​ដោយ​សាកលវិទ្យាល័យ Oxford បាន​រក​ឃើញ​ថា​ ការ​ចាក់​វ៉ាក់សាំង​លាយ​បញ្ចូល​គ្នា​រវាង​វ៉ាក់សាំង​ដែល​ផលិត​ដោយ​​ក្រុមហ៊ុន​ Pfizer​-BioNTech​ និង​វ៉ាក់សាំង AstraZeneca ផលិត​ដោយ​សាកល​វិទ្យាល័យ​ Oxford ​អាច​បង្កើន​នូវ​ប្រព័ន្ធភាព​ស៊ាំ​ខ្លាំង​ប្រឆាំង​នឹង​វីរុស​កូវីដ ១៩។

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​កំពុង​សិក្សា​លើ​ការ​ស្រាវជ្រាវ​មួយ​ហៅ​ថា​ Com-COV ស្ដី​អំពី​ការ​ពិនិត្យ​មើល​លើ​លទ្ធភាព​នៃ​ការ​ប្រើ​វ៉ាក់សាំង​ផ្សេង​គ្នា​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​លើក​ទី១​ ឬ​ «បឋម»​ និង​ការ​ចាក់​លើក​ទី២​ ឬ​ «បង្កើន» ​ដើម្បី​បង្កើត​បាន​នូវ​ភាព​ស៊ាំ​ខ្លាំង​ប្រឆាំង​នឹង​វីរុស​កូវីដ ១៩​។

ទោះ​យ៉ាង​ណា​ក្ដី​ ការ​សិក្សា​នេះ​​បាន​រក​ឃើញ​ថា​ ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធភាព​ស៊ាំ​របស់​វ៉ាក់សាំង​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​លំដាប់​នៃ​ការ​ចាក់​វ៉ាក់សាំង​ ពោល​គឺ​ការ​ចាក់​វ៉ាក់សាំង​ Oxford-AstraZeneca លើក​ទី​១ ហើយ​ចាក់​វ៉ាក់សាំង ​Pfizer-BioNTech ជា​លើក​ទី២ ​វា​នឹង​មាន​ប្រសិទ្ធភាព​​ល្អ​ប្រសើរ​ជាង​លំដាប់​មួយ​ទៀត។

គម្លាត​នៃ​ការ​ចាក់​ដូស​នីមួយៗ ​ត្រូវ​​បាន​កំណត់​ជា​រយៈពេល​ចំនួន​ ៤ ​សប្តាហ៍ ហើយ​​ទិន្នន័យ​ស្ដី​អំពី​គម្លាត​​ ១២ ​សប្តាហ៍​ នឹង​បង្ហាញ​ឆាប់ៗ​នេះ។ ​នេះ​បើ​តាម​ឱ្យ​ដឹង​ពី ក្រុម​អ្នក​ស្រាវជ្រាវ​ក្រោយ​មាន​របាយការណ៍​នៃ​ការ​សិក្សា​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា៖​ «ការ​លាយ​វ៉ាក់សាំង​ទាំង​ ២ (តាម​​​លំដាប់​ Pfizer-BioNTech ​មុន​រួច​ហើយ​ Oxford-AstraZeneca ក្រោយ​ និង​លំដាប់​ Oxford-AstraZeneca មុន​ហើយ​ Pfizer-BioNTech ក្រោយ) ​ជា​ការ​បង្កើន​អង្គ​បដិបក្ខ​ប្រាណ​ខ្ពស់​​ប្រឆាំង​នឹង​ប្រូតេអ៊ីន SARS-CoV2 ​ដូចគ្នា​នឹង​ប្រូតេអ៊ីន​ IgG ​ក្រោយ​ពេល​វ៉ាក់សាំង​ទាំង​ ២ ដូស ​ត្រូវ​បាន​​គេ​ចាក់​ក្នុង​គម្លាត​ ៤ សប្ដាហ៍»។

ប្រភព​ដដែល​បាន​បន្ត​ថា៖ «នេះ​​​មាន​ន័យ​ថា ​រាល់​កាល​វិភាគ​ចែកចាយ​វ៉ាក់សាំង​ណា​ដែល​រួម​​មាន​នឹង​ការ​ចាក់វ៉ាក់​សាំង ​Oxford-AstraZeneca ​និង​វ៉ាក់សាំង ​Pfizer-BioNTech​ អាច​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ទៅ​តាម​កាល​វិភាគ​ដែល​បាន​កំណត់​»។

លោក Matthew Snape ​សាស្រ្តាចារ្យ​នៃ​សាកល​វិទ្យាល័យ ​Oxford បាន​ឱ្យ​ដឹង​ថា​ ការ​ស្រាវជ្រាវ​នេះ នឹង​ត្រូវ​ប្រើប្រាស់​ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​ ប៉ុន្តែ​​មិន​មាន​ទំហំ​ធំ​គ្រប់គ្រាន់​ ដែល​អាច​ផ្លាស់​ប្តូរ​កាល​វិភាគ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ហើយ​នោះ​ទេ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​កំណត់​សម្គាល់​ឃើញ​ថា ​ការ​លាយ​​​វ៉ាក់សាំង​ទាំង ២ ​នេះ​ បញ្ចូល​គ្នា​អាច​បង្កើន​សមត្ថភាព​​អង្គ​បដិបក្ខ​ប្រាណ​ខ្ពស់​ជាង​សមត្ថភាព​របស់​វ៉ាក់សាំង​ Oxford-AstraZeneca ​ចំនួន​ ២ ​ដូស​ទៅ​ទៀត។

បច្ចុប្បន្ន​នេះ​ វ៉ាក់សាំង ​AstraZeneca ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ចាក់​ក្នុង​ចន្លោះ​រយៈពេល​ពី​ ៨ ទៅ ១២ សប្តាហ៍ ​រវាង​ដូស​ទាំង​ ២។ ការ​សាកល្បង​មុនៗ​ បាន​រក​ឃើញ​ថា​ គម្លាត​កាន់​តែ​យូរ​ប្រសិទ្ធភាព​វ៉ាក់សាំង AstraZeneca-Oxford នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​​ពោល​ គឺ​អាច​កើន​ដល់​ ៨២,៤ ​ភាគរយ ​ក្នុង​ការ​ប្រឆាំង​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ ១៩​។

សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​អង់គ្លេស​លោក​​ Jonathan Van-Tam ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ​មិន​មាន​ហេតុ​ផល​ណា​មួយ​ដែល​​ថា ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​នេះ​​​អាច​នឹង​ប្ដូរ​កាល​វិភាគ​នៃ​ការ​ចាក់​​វ៉ាក់សាំង​ ឬ​ធ្វើ​ឱ្យ​វា​ទទួល​​បាន​ជោគជ័យ​ដូចគ្នា​ នឹង​ចក្រភព​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​។

លោក​បាន​បន្ត​ថា​៖ « ទោះ​ជា​យ៉ាង​ណា​ក្ដី​ ការ​សិក្សា​នេះ​​ គឺ​ជា​អ្វី​ដែល​គេ​គួរ​សម្លឹង​មើល​នា​ពេល​អនាគត។ ការ​លាយ​វ៉ាក់សាំង​បញ្ចូល​គ្នា​នេះ ​អាច​ផ្តល់​ឱ្យ​យើង​សម្រប​ខ្លួន​ និង​សម្រួល​ដំណើរការ​នៃ​ការ​ចែក​វ៉ាក់សាំង​ ខណៈ​ពេល​ដែល​ប្រទេស​នានា​ ​កំពុង​ខិតខំ​ការ​ចែកចាយ​វ៉ាក់សាំង​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​នៃ​ការ​​ផ្គត់ផ្គង់​វ៉ាក់សាំង​»។

បច្ចុប្បន្ន ​ប្រទេស​ខ្លះ​កំពុង​ប្រើ​វ៉ាក់សាំង​លាយ​គ្នា​ផង​ដែរ​រួមមាន​ ប្រទេស​អេស្ប៉ាញ​ និង​អាល្លឺម៉ង់​ ដែល​កំពុង​ចាក់​វ៉ាក់សាំង​ Pfizer ឬ Moderna mRNA ជា​វ៉ាក់សាំង​ទី​២ ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង ​AstraZeneca ជា​វ៉ាក់សាំង​ទី១ ​បើទោះ​ជា​មាន​ការ​ព្រួយបារម្ភ​អំពី​ករណី​ឈាម​កម្រ​កក​ក៏​ដោយ​ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​។

ការ​លាយ​វ៉ាក់សាំង​នេះ ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ក្នុង​ការ​ជំរុញ​ឱ្យ​​ប្រព័ន្ធភាព​ស៊ាំ​របស់​យើង​ឱ្យ​​បង្កើត​អង្គ​បដិបក្ខ​ប្រាណ​ ដើម្បី​ការពារ​យើង​ពី​វីរុស។

ជាមួយ​គ្នា​នេះ​ កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ចក្រភព​អង់គ្លេស​ កំពុង​ត្រូវ​​បាន​គេ​សាទរ​ពាស​ពេញ​ពិភព​លោក​ដោយសារ​ល្បឿន​​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​របស់​ខ្លួន ដោយ​មក​ដល់​បច្ចុប្បន្ន​ប្រជាជន​ប្រមាណ​ ៨៤,១ ភាគរយ​ នៅ​ចក្រភព​អង់គ្លេស​សុទ្ធ​តែ​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​១ ​ហើយ​ ខណៈ​ប្រជាជន ៦១,៦ ភាគរយ​ បាន​ទទួល​​វ៉ាក់​សាំង​ទាំង​ ២ ដូស​ហើយ៕