បន្ទាប់ពី​បាន​រកឃើញ​សាកសព​ក្មេងៗ​ជនជាតិ​ដើម​ភាគតិច​រាប់​រយនាក់​នៅ​ក្នុង​រណ្តៅនៅ​លើ​អតីត​បរិវេណ​សាលា​ ក្រុមជនជាតិ​ដើមភាគ​តិច​បាន​អំពាវនាវ​ឱ្យ​ លុបចោល​ថ្ងៃទិវា​ជាតិ​កាណាដា។

កាលពី​សប្តាហ៍មុន​ ផ្នូរ​កប់​ខ្មោច​ចំនួន ៧៥០ ត្រូវបានរក​ឃើញនៅ​លើផ្ទៃដី​ដែលជា​អតីតសាលា​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ដែល​ឧ​បត្ថម្ភ​ដោយរដ្ឋា​ភិបាលនៅ​ប្រទេស​កាណាដា។ ​ការរ​កឃើញនេះ​ ត្រូ​វ​បានធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ បន្ទាប់ពី​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​រក​នៅឯ​សាលារៀន​នៅថ្ងៃទី ១​ ខែ​មិថុនា​នេះ​។

ប្រធាន​សហព័ន្ធ​ប្រជាជាតិជន​ជាតិ​ដើម​ភាគតិច​សហព័ន្ធ​លោក Bobby Cameron​ បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត ​កាល​ពី​សប្តាហ៍​មុននេះ​ថាវា​គឺជា​បទ​ប្រឆាំង​មនុស្សជាតិ។​ លោកបាន​និយាយ​ថា៖ «យើងជា​មនុស្សដែល​មាន​មោទន​ភាព​ហើយ​បទល្មើស​ដែល​យើងប្រព្រឹត្ត​តែមួយគត់​គឺកើតមក​ជាជនជាតិ​ដើម​ភាគតិច​»។

ផ្នូរទាំងនោះ​ត្រូវបាន​រកឃើញ​នៅ​អតីត​សាលារៀន​ដែល​កុមារ​ជនជាតិ​ដើម​ភាគតិច​ទទួលរង​អំពើ ហិង្សាលើរាងកាយផ្លូវភេទការបំផ្លាញផ្លូវចិត្តភាពស្រេក​ ឃ្លាន​និងការរំលោភបំពាន​ផ្សេងៗ​ទៀត។​

នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ឈាន​ដល់​ទិវាបុណ្យ​ជាតិ​កាណាដា​មេដឹកនាំ​សហគមន៍​ និង​អ្នកតស៊ូមតិ​ជនជាតិ​ដើមភាគតិច​បានជំរុញ​ឱ្យ​ប្រជាជន​កាណាដា​លុបចោល​ការប្រារព្ធ​ពិធី​ណាមួយ​។ ផ្ទុយទៅ​វិញពួកគេ​កំពុងស្នើសុំ​ឱ្យថ្ងៃនោះ​ក្លាយជាថ្ងៃ​មួយ​ដើម្បីឆ្លុះ​បញ្ចាំងពី​ប្រវត្តិពិត​របស់​កាណាដា​និងគាំទ្រ​ដល់​ជនជាតិ​ដើម។

សមាជិក​ក្រុម​ប្រឹក្សា​ Oshkaatisak លោក Mallory Solomon បាន​និយាយនៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​កាលពីថ្ងៃទី​ ២៩​ មិថុនា​ថា៖ «ក្នុងនាម​ជាជនជាតិ​ដើម​ភាគតិច ​យើងត្រូវ​តែឈរ ហើយ​ស្រែកវា​ទៅកាន់​ប្រទេស​កាណាដា។ ​ទីបំផុត​ប្រវត្តិសាស្ត្រ​ពិតរបស់​ប្រទេសនេះ​ត្រូវបាន​បង្ហាញ​ហើយវា​ដល់ពេល​ដែលត្រូវ​រួមគ្នា និង​ទាមទារយុត្តិ​ធម៌​និង​គណនេយ្យភាព។»

ទីក្រុង​កាណាដាជា​ច្រើន​បាន​លុបចោល​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​កាណាដា​របស់​ពួកគេ​ ដើម្បីឆ្លើយ​តបទៅ​នឹងការរក​ឃើញផ្នូរ​សាកសព​កុមារ​ជនជាតិ​ដើម​ចំនួន ២១៥ ​នាក់ នៅឯ​សាលា ​Kamloops Indian Residential School ក្នុង​តំបន់ British​ Columbia (BC) និងកន្លែង​បញ្ចុះសព​ដែលមិន​មាន​ស្លាក​សម្គាល់ចំនួន ​៧៥១​ នាក់​នៅ​ឯសាលា Marieval Indian Residential នៅ​តំបន់​ Saskatchewan។

នាយករដ្ឋមន្រ្តី​កាណាដា ​លោក Justin Trudeau​ បាន​និយាយកាល​ពីសប្តាហ៍មុន​ថា​ទិវាជាតិ​កាណាដាជា​ពេលវេលា​សម្រាប់​ជនជាតិ​កាណាដាឆ្លុះ​បញ្ចាំងពី​ការផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ដើមភាគតិច​និងរបៀបដែល​វាបានវិឌ្ឍ និង​របៀប​ដែលវា​ត្រូវការ​ ដើម្បីបន្ត​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។

អំពាវនាវឱ្យ​លុបចោល​ទិវាជាតិ​កាណាដានេះ ​មិនមែន​សុទ្ធតែអ្ន​ករាល់​គ្នាយល់​ស្របនឹង​ការ​អំពាវនាវនេះ​ទេដូច​ជា​មេដឹកនាំ​គណបក្ស​អភិរក្ស​សហព័ន្ធ​ លោក Erin O’Toole​ ដែលលោក​បាន​និយាយថា​ លោក​មាន​ការព្រួយ​បារម្ភថា​ភាពអយុត្តិធម៌​ក្នុង​ពេល​អតីតកាល​ឬ​ក្នុង​ពេលបច្ចុប្បន្ននេះ ​ត្រូវបាន​ក្រុមសកម្មជន​មួយក្រុម​តូចប្រមូល​ផ្តុំគ្នា​ដោយប្រើវា​ ដើម្បីវាយ​ប្រហារ​គំនិត​របស់​ប្រទេស​កាណាដា៕