ធនាគារ​ពិភព​លោក (World Bank) នៅ​ថ្ងៃ​ពុធ ​បាន​សន្យា​ថា​ នឹង​បង្កើន​មូលនិធិ​សម្រាប់​ការ​ទិញ​វ៉ាក់សាំង​កូវីដ ១៩ និង​បង្កើន​​កញ្ចប់​មូលនិធិ​ដល់​ទៅ​ ២០ ពាន់​លាន​ដុល្លារ ច្រើន​ជាង​គោល​ដៅ​មុនៗ​ ដែល​មាន​ត្រឹម ១២ ពាន់​លាន​ដុល្លារ​ដោយ​​​តម្រូវ​ការ​ហិរញ្ញប្បទាន​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​កំពុង​កើន​ឡើង​ខ្លាំង។

ប្រធាន​ធនាគារ​ពិភព​លោក​ លោក David Malpass និយាយ​ថា​ ធនាគារ​អភិវឌ្ឍន៍​ពិភព​លោក​បាន​ផ្តល់​ថវិកា​ជាង ៤ ​ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ៥១ ​ប្រទេស ​សម្រាប់​ទិញ​ និង​ចែកចាយ​វ៉ាក់សាំង​ទូទាំង​ពិភព​លោក​ ហើយ​គ្រោង​នឹង​បន្ថែម​​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៀត ​សម្រាប់ ២៥ ​ប្រទេស​​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក Malpass បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «មាន​ផែនការ​​ជាច្រើន​ទៀត ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ» ដោយ​លោក​បាន​លើក​ឡើង​អំពី​សំណើ​សរុប​ចំនួន ៤១ ​ច្បាប់​​ទៀត ដែល​ទទួល​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​ដែល​ប្រជាជន​តិច​ជាង​ពាក់​កណ្តាល​នៅ​ប្រទេស​នេះ​ ទើប​ទទួល​បាន​វ៉ាក់សាំង​។

នៅ​​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ ធនាគារ​ពិភព​លោក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​អង្គការ​សុខភាព​ពិភព​លោក​​បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ ឬ G20 ត្រូវ​សម្រេច​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​គោលដៅ​យ៉ាង​ហោច​ណាស់ ៤០ ភាគរយ​នៅ​ចុង​ឆ្នាំ ២០២១ និង​ឱ្យ​បាន​ ៦០ ភាគរយ ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២២៕