វ៉ារ៉្យង់ Delta ថ្មី បាន​ឆ្លង​រីករាល​ដាលរាប់ចាប់តាំង​​ពី​អូស្រ្តាលី​រហូតដល់​ហុងកុង ដែល​សុទ្ធតែ​ជា​ប្រទេស​ ​ដែល​មាន​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ ដោយសារ​កូវីដទាប ​និង​​​មាន​អត្រាចាក់វ៉ាក់សាំ​ងរួច​ទាបដូចគ្នា​។ វ៉ារ៉្យង់ Delta ថ្មី កំពុង​សាយ​ភាយ​ដល់​ប្រទេស​យ៉ាងហោចណាស់ចំនួន​ ៨៥ នៅ​លើ​ពិភព​លោក និង​មាន​សមត្ថភាព​ចម្លង​បាន​លឿន​ជាង​ វ៉ារ្យ៉​ង់​ Alpha ដល់ទៅ ៦០ ភាគរយ​ទៀត​ផង​។

ខណៈពេលដែលសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាច្រើន កំពុង​ប្រឈម​នឹង​ការ​រីករាល​ដាល​នៃវ៉ារ៉្យង់​ថ្មី និង​កំពុង​ដាក់​ចេញ​នូវ​វិធាន​ការ​តឹងរ៊ឹង​នៅតាម​ព្រំដែនយ៉ាងណាក្ដី ​ការរឹត​បន្តឹង​ជាបណ្តោះអាសន្នមិនមែន​មាន​ន័យ​ថា នឹង​មាន​ប្រសិទ្ធភាព​ជាង​ការ​ចាក់​វ៉ាក់សាំង​នោះ​ទេ។​

ជា​ឧទាហរណ៍ ប្រទេសអូស្រ្តាលីដែលត្រូវបានគេចាត់ទុកថា ទទួលបាន​ជោគជ័យក្នុងការ​ទប់​ស្កាត់​នូវ​ការ​រីក​រាល​ដាល​ពេល​កន្លងមក ​ ក្នុង​ប៉ុន្មានថ្ងៃថ្មីៗនេះ ខ្លួន​ទើប​តែ​បាន​បិទខ្ទប់​ប្រទេស​ទាំង​មូល​ដោយសារ​រក​ឃើញ​នូវ​វ៉ារ៉្យង់​ Delta មានប្រភព​មកពី​​ប្រទេសឥណ្ឌា ហើយ​​បានឆ្លង​ពី​ប្រទេសមួយ​ទៅប្រទេស​មួយ​យ៉ាង​លឿន​​​គួរ​ឱ្យ​កត់សម្គាល់​។

លោក Hassan Vally អ្នកជំនាញផ្នែករោគសាស្ត្រ​នៃសាកលវិទ្យាល័យ​ La Trobe University ក្នុង​ទីក្រុង​ Melbourneបាន​មានប្រសាសន៍ថា៖ «ដរាប​ណាប្រទេស​យើង​នៅ​មិនទាន់ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ខ្ពស់​ នោះ​យើង​នៅតែ​ស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរ​ និងងាយរងគ្រោះ​ជានិច្ច ហើយ​យើង​មិន​ត្រូវ​ធ្វើ​អើពើ​ចំពោះ​បញ្ហានេះទេ»។

គួរបញ្ជាក់ផងដែរថា ប្រជាជន​ប្រមាណ​តិចជាង ៥ ភាគរយនៃចំនួនប្រជាជនអូស្រ្តាលីសរុប​ ទើប​តែ​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ទាំង ២ ​ដូស បើ​គិត​ចាប់​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនា​ការ​វ៉ាក់សាំង​ពី​ខែ​កុម្ភៈ មកដែល​អត្រា​នេះ​ បាន​ធ្វើឱ្យ​ប្រទេស​អូស្ត្រាលី​​ ក្លាយជា​ប្រទេស ដែល​មាន​អត្រា​អ្នក​ទទួល​វ៉ាក់សាំង​ទាប​បំផុត​ក្នុង​ចំណោម​​ប្រទេសអភិវឌ្ឍន៍​។

ក្នុង​អំឡុង​ពេល​ត្រូវ​បាន​គេ​រិះគន់​ជុំវិញ​ការចាក់វ៉ាក់សាំងនេះ​ លោកនាយករដ្ឋមន្រ្តី Scott Morrison នៅ​សប្តាហ៍​នេះ​ បានប្រកាសថា ការចាក់វ៉ាក់សាំង​នឹងត្រូវចាក់​ជា​ចាំបាច់​សម្រាប់​តែ​បុគ្គ​លិក​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​ និង​ចាស់​ជរា និ​ងនិយោជិតសណ្ឋាគារប៉ុណ្ណោះ ហើយ​វ៉ាក់សាំង AstraZeneca ដែល​កំណត់សម្រាប់​ចាក់​តែ​លើ​​មនុស្សវ័យចំណា​ស់នឹងត្រូវ​ប្រើ​ប្រាស់​លើ​ប្រជាជន​ ដែ​លមានអាយុក្រោម ៦០ ឆ្នាំដូច​គ្នា ប៉ុន្តែ​ត្រូវ​​យល់ព្រមលើ​លក្ខខណ្ឌ​លើក​លែង​ការ​សង​ជំ​ងឺ​ចិត្ត​​ពី​រដ្ឋា​ភិបាល​។

ដោយ​ឡែក​​នៅហុងកុងវិញ​ប្រជាជនតិចជាង ២០ ភាគរយ ទើប​​ទទួលការចាក់វ៉ាក់សាំងទាំង ២ ដូស ​ក្នុង​នោះ​ប្រជាជនមាន​អាយុលើសពី ៧០ ឆ្នាំ មាន​ចំនួន​​តិចជាង ៥ ភាគរយ។ អាជ្ញាធរកាលពីថ្ងៃចន្ទ ក៏​បាន​ហាម​ឃាត់​ជើង​ហោះហើរពីចក្រភពអង់គ្លេសដែលជាប្រទេស​មាន​ករណីវ៉ារ៉្យង់ Delta ថ្មី ​ស្មើនឹង ៩៩ ភាគរយ​ចំនួន​ករណីឆ្លង​សរុប​។

ទន្ទឹមនឹងនេះ នៅ​ប្រទេស​នូវែលសេឡង់ ឯណោះវិញ​ ​​មាន​ប្រជាជន​ទទួល​បាន​វ៉ាក់សាំងតិចជាង ១០ ភាគរយ​នៃ​ចំនួន​ប្រជាជនរបស់ខ្លួន​ កាលពីសប្តាហ៍មុន ក៏​បានបិទគោល​ការ​ណ៍​ឆ្លង​ប្រទេស​ដោយ​គ្មាន ចត្តាឡីស័ក​របស់​ខ្លួន​​ជាមួយប្រទេស​អូស្រ្តាលី ដើម្បីចៀសវាងការ​រីករាល​ដាល​នៃ​វ៉ារ៉្យង់ Delta ថ្មី។

លោកវេជ្ជបណ្ឌិត Michael Baker ជាសាស្រ្តាចារ្យផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Otago នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ​បានមានប្រសាសន៍ថា​ វិធីសាស្រ្ត​លុប​បំបាត់​នូវ​គោល​ការណ៍​ធ្វើ​ដំណើរ​ដោយ​គ្មាន​ចត្តាឡីស័ក​នេះ បានបង្កើតនូវ​លទ្ធផល​ ដែល​មិន​សូវ​ប៉ះពាល់​ដល់​សេដ្ឋកិ​ច្ច​ ​និងសុខុមាលភាព​ អាជ្ញាធរ​មិន​អាច​ចេះ​តែ​យក​ការ​ចាក់​វ៉ាក់សាំង​ជាអ្វី ដែល​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​ការរីករាលដាល​នេះទេ​។

ទោះបីជាវ៉ារ្យ៉ង់​ថ្មី​នេះ មាន​លក្ខណៈ​ឆ្លងខ្លាំង​ និ​ងមានភាពស៊ាំទៅនឹងវ៉ាក់សាំងជា​ងប្រភេទដ​ទៃ​ទៀត​ ក៏ដោយ​ ប្រទេស​ដែល​មាន​អត្រា​ទទួល​បាន​វ៉ាក់សាំងទាប រមែង​ទទួល​រង​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាល​ដាល​នៃ​វ៉ារ្យ៉ង់​នេះ។

វ៉ាក់សាំងមួយ​ចំនួន​រួមមាន​ វ៉ាក់សាំង ​Pfizer មានប្រសិទ្ធភាព ៩៦ ភាគរយ ប្រឆាំង​នឹង​ករណីធ្ងន់ធ្ងរ​ ដែល​ត្រូវ​ការ​កាសម្រាក​ព្យាបាលនៅមន្ទីរពេទ្យ ក្រោយ​ដូស​ទី២ រីឯវ៉ាក់សាំង AstraZeneca ផ្តល់ប្រសិទ្ធភាព ៩២ ភាគរយ។ នេះ​បើយោងតាមការវិភាគសុខភាពសាធារណៈអង់គ្លេសចេញផ្សាយកាលពីខែមិថុនា។ ប្រសិទ្ធភាព Pfizer បានធ្លាក់ចុះដល់ ​៩៤ ភាគរយ ខណៈ​ AstraZeneca ធ្លាក់​ចុះដល់ ៧១ ភាគរយ ​ក្រោយ​ទទួល​បាន​វ៉ាក់សាំង​ដូសទី១។

តួយ៉ាង នៅចក្រភពអង់គ្លេសប្រជាជនជាង ៨០ ភាគរយ​ បាន​ទទួល​វ៉ាក់សាំង​ដូស​លើក​ទី១​ ដោយ​ករណី​ស្លា​ប់ដោយសារ​វ៉ារ្យ៉ង់​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ បើទោះជា​ករណី​ឆ្លង​នៅតែ​មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​ចុងខែឧសភា ​​ហើយ​បើទោះបី​ជា​បានពន្យារពេលការបើកប្រទេស​​ឡើងវិញ រ​ហូតដល់ថ្ងៃទី ១៩ ខែកក្កដា ក៏​ដោយ​។

លោក Peter Horby ប្រធានក្រុមផ្តល់យោបល់ដល់ក្រុមប្រឹក្សារដ្ឋ​ស្តី​ពី​ការគំរាមកំហែង​ និង​ការ​ស្ដារ​ប្រទេស​ពី​វិបត្តិកូវីដ បានប្រាប់វិទ្យុ ​BBC​ នៅចុងសប្តាហ៍នេះថា​ វ៉ាក់សាំងទាំងនេះ​ បាន​ធ្វើ​ឱ្យ​ករណី​ឆ្លង និង​ការស្លាប់​ធ្លាក់​ចុះជាង​មុន បើ​ទោះបីវា​មិនទាន់ត្រូវ​បាន​បាត់​​ទាំងស្រុងក៏ដោយ។

លោក Sajid Javid រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសដែលទើបត្រូវបានតែងតាំងកាលពីថ្ងៃ​ចន្ទ បាន​បង្ហាញ​ថា​«ទិវាសេរីភាព» របស់​ប្រទេស​នេះ​នឹងដំណើរការដូចការគ្រោងទុកនៅ​ខែក្រោយ​ ដោយ​លើកឡើង​ថា​ប្រទេស​អង់គ្លេស​ត្រូវតែ​ចេះ​រៀនរស់នៅជាមួយនឹង​​វីរុសនេះ។

ទោះយ៉ាងណាក្ដី អ្នកជំនាញមួយចំនួននៅអង់គ្លេស​​​បារ​ម្ភ​ថា​ មេរៀនសំខាន់ៗអំពី​លទ្ធផល​របស់​វ៉ារ្យ៉ង់​នៅ​​ប្រទេស​នេះ​ អាច​នឹង​ត្រូ​វបាន​ប្រទេស​នេះ​ព្រងើយកន្តើយ។​ប្រភព​ដដែល​​បាន​ ជំរុញឱ្យ​ប្រទេស​ផ្សេង​ទៀត​ឃ្លាំមើ​លអង់គ្លេសយ៉ាងដិតដល់ ជាពិសេស​ក្រោយ​ប្រទេស​នេះ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ ក្នុង​ពេល​ដែល​​វ៉ារ៉្យង់​ថ្មីកំពុង​រីករាល​ដាល​ពេញប្រទេស​។

ដោយសារ​ភាពចចេសរឹងរូសរបស់​ប្រទេស​នេះ អ្នកជំនាញ​​ព្រួយ​បារម្ភ​នឹង​ជំរុញឱ្យមា​នវិធីសាស្រ្តរួមមួយ​ ដើម្បី​ទប់​ស្កាត់​លទ្ធផល​អាក្រក់​ ដែល​អា​ច​នឹង​កើត​មាន​ឡើង​។ អ្នក​ជំនាញ​បានលើក​ឡើងថា អ្វី​ដែល​ក្រុម​អ្នកជំនាញ​មើល​ឃើញនាពេល​បច្ចុប្ប​ន្ន គឺ​គ្រោះថ្នាក់​នៃយុទ្ធសាស្ត្រ​ចែក​ចាយ​វ៉ាក់សាំងតែប៉ុណ្ណោះ។ វ៉ាក់សាំង ​គឺ​ជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតប​នឹង​ការ​រីករាលដាល ប៉ុន្តែយើងចាំបាច់ត្រូវ​ការពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​ច្រើន​ដូច​គ្នា។

ស្រដៀងគ្នានេះដែរ លោក Peter Collignon អ្នកជំនាញជំងឺឆ្លង​សាលាវេជ្ជសាស្ត្រនៃសាកល​វិទ្យាល័យ​ជាតិ​​អូស្ត្រាលី​​ បាន​និយាយ​ថា​ លោករំពឹងថា ប្រទេសអូស្ត្រាលី​ នឹងអាចបញ្ឈប់​ការ​បិទបើក​ប្រទេស​ដូច​អំពិល​អំពែក​ ដោយ​ប្រទេស​នេះ​គួរ​បិទ​ខ្ទប់​រហូត​ដល់​ពាក់កណ្តាលឆ្នាំក្រោយ នៅពេ​លដែលវ៉ាក់សាំង Pf​izer និង Moderna បាន​មក​ដល់​ និង​បាន​ចែក​ចាយ​ដល់ប្រជាជន​រួច​​ ដោយ​លោក​លើក​ឡើង​ថា ប្រទេស​នេះត្រូវ​ការពេល​ប្រមាណពី ៤ ទៅ ៥ ខែទៀត៕