កាលពីថ្ងៃ​ពុធ ​ទី ៣០ មិថុនា​ ប្រទេស​ចិន ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់ថា ​គ្មានជំងឺ​គ្រុនចាញ់​បន្ទាប់ពី​មានការ​ខិតខំប្រឹង​ប្រែងអស់រយៈ​ពេល ៧០ ​ឆ្នាំ ដើម្បី​លុប​បំបាត់​ជំងឺនេះ​។

ប្រទេសចិន​បាន​រាយការណ៍​ថា​ មាន​ជំងឺ​គ្រុន​ចាញ់ចំនួន​ ៣០ លាន​ករណី​ ជា​រៀងរាល់​ឆ្នាំ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ ប៉ុន្តែ​ក្នុងរយៈពេល ​៤ ​ឆ្នាំ ជាប់ៗ​គ្នា​ចុងក្រោយនេះ ​មិនមាន​ជំងឺគ្រុនចាញ់​ឡើយ។

អគ្គនាយក​អង្គការ​សុខភាពពិភព​លោក​លោក​ Tedros Adhanom Ghebreyesus​ បាន​និយាយថា៖ «យើង​អបអរសាទរ​ប្រជាជន​ចិនចំពោះ​ការលុបបំបាត់​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស»។ ​

លោកបាន​បន្ត​និយាយ​ថា ជាមួយ​នឹង​ការប្រកាសនេះ​ប្រទេស​ចិន​ បាន​ចូលរួមជា​មួយបណ្តា​ប្រទេសផ្សេង​ទៀត ​ដែល​បង្ហាញ​ពិភពលោកថា​ នាពេល​អនាគត​នឹង​គ្មាន​ជំងឺ​គ្រុនចាញ់ ​ហើយក៏​ជា​គោលដៅ​ដែលអាច​សម្រេច​បាន។

បណ្តាប្រទេស​ដែលគ្មាន​ករណី​គ្រុន​ចាញ់យ៉ាងតិច​ ៣ ឆ្នាំ ជាប់​គ្នា​អាច​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​សុខភាពពិភពលោកពីស្ថានភាពគ្មានជំងឺគ្រុនចាញ់៕