កាលពី​ថ្ងៃ​ទី ២០ ខែមិថុនា ប្រទេសចិន​ បាន​សម្រេច​ចែក​ចាយ​វ៉ាក់សាំងកូវីដ ១៩ ចំនួនជាង ១ ពាន់​លាន​ដូស​ ឬ​ស្មើ​នឹងជិត ៤០ ភាគរយ​​នៃ​ចំនួនវ៉ាក់​សាំង​ ដែល​បាន​ចែក​ចាយ​ប្រមាណ​ ២,៥ ពាន់លានដូស​នៅ​ទូទាំង​ពិភពលោក​។​ វ៉ាក់​សាំង​ដែល​បាន​នាំ​ចេញ​ភាគច្រើន គឺ​វ៉ាក់​សាំង Sinopharm និង Sinovac ក្នុង​ប្រមាណរាប់​រយលាន​ដូស ​ត្រូវបានចែក​ចាយ​​ទៅកាន់ប្រទេសជាង ៨០ នៅទូទាំង​ពិភព​លោក​។

យ៉ាងណាមិញ ករណី​ឆ្លង​កូវីដ ១៩ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅក្នុងប្រទេសជាច្រើន​នៅទូទាំង​ពិភព​លោក​ បាន​​ចោទជា​សំណួរ​ដល់​ប្រសិទ្ធភាពនៃ​​វ៉ាក់សាំង Sinopharm និង Sinovac ក្នុង​ការ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩។

តួយ៉ាង​ វ៉ាក់សាំងផលិតដោយ​ចិនជា​ង​ ៦០ ភាគរយ​ គឺ​ជា​ការ​ទទួល​ទិញ​ ដោយឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​ចំនួន​ករណី​ឆ្លង​ធំ​​បំផុត​ក្នុង​ប្រទេស ដែល​ករណី​ឆ្លង​ថ្មីប្រមាណ​ជិត​ ២ម៉ឺ​ន​ករណី​ក្នុង​ ១ ​ថ្ងៃ​ នៅដើមសប្តាហ៍នេះ ដែ​លភាគច្រើន​ជា​ករណី​វ៉ារ៉្យង់​ Delta ថ្មី។​

លោកស្រី Olivia Herlinda ប្រធានគោលនយោបាយនៅ មជ្ឈមណ្ឌលសម្រាប់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ យុទ្ធសាស្ត្រ​ឥណ្ឌូណេស៊ីបានប្រាប់សារព័ត៌មានតួគី​​ TRT World ថា៖ «ការសន្និដ្ឋាន​ណាមួយ​អំពី​ប្រសិទ្ធ​ភាព​របស់វ៉ាក់សាំង​​​ Sinovac បច្ចុប្បន្ន​វា​ពិបាកថា ដោយសារអត្រាចាក់វ៉ាក់សាំងនៅ​ប្រទេស​នេះ​នៅ​ទាប​នៅ​ឡើយ​​ ហើយអ្នកដែលទទួល​បានវ៉ាក់សាំង Sinovac ភាគច្រើន​ជា​បុគ្គលិក​ក្នុង​វិស័យ​សុខាភិបាល និង​ចំនួន​ប្រជាជន​មាន​អាយុ​ក្រោម ៦០ ឆ្នាំ នៅ​មាន​កម្រិត​ទា​បនៅឡើយ​។

ដូច​ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី​ ដឹងថា មានតែប្រទេសចិនទេ ដែលអាច​ផ្គត់ផ្គ​ង់នូ​វ​ចំនួន​​ដូសក្នុ​ង​កម្រិត​ ដែល​ចាំបាច់​​សម្រាប់ផ្ដល់​​​ឱ្យប្រជាជនចំនួន ៧០ ភាគរយ​ ដើម្បី​សម្រេច​គោល​ដៅ​ទទួលបាន​ភាព​ស៊ាំ​ជា​សហគមន៍​នៅ​ឆ្នាំ​នេះ។​

វេជ្ជបណ្ឌិត Pawin Numthavaj អ្នកជំនាញផ្នែករោគរាតត្បាតនៅមន្ទីរពេទ្យ Ramathibodi ក្នុងប្រទេស​ថៃ​​ បាន​ប្រាប់សារព័ត៌មាន ​TRT World ថា អាជ្ញាធ​រថៃកំពុងពិចារណាទិញ ​​Sinovac ពីព្រោះ​ វា​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ជាង​វ៉ាក់សាំង​ដទៃ​។លោក​ បានបន្ថែម​ថា ថ្មីៗនេះ​រដ្ឋាភិបាល​កំពុង​ស្វែង​រក​វ៉ាក់​សាំង​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​វ៉ាក់សាំង​ផលិតផ្សេងៗទៀត​ ប៉ុន្តែក្រុម​ហ៊ុន​ទាំង​នោះ​ផលិត​យឺតពេលបន្តិច​ ហើយ​ត្រូវ​រង់​​ចាំ​ផលិតកម្មយូរ ត្រូវ​ចាំ​យ៉ាង​ហោច​ក៏​​ដំណាច់ឆ្នាំនេះ​ដែរ​។

បើ​ក្រឡេក​មើល​ ប្រទេសម៉ុងហ្គោលី បើ​ទោះ​ជា​មាន​ការ​បិទ​ខ្ទប់​ និង​ចំនួន​ប្រជាជន​ទទួល​បាន​វ៉ាក់សាំង​ទាំង​ ២ ដូស​ ក្នុង​ប្រទេស​មាន​ដល់​ទៅ​ ៥០ ភាគ​រយ​នៃចំនួនប្រជាជនរបស់ពួកគេ​ (ភាគច្រើន​ជាវ៉ាក់សាំង​ចិន​) ក៏​ដោយ​ក៏​ចំនួន​នៃ​ការ​ឆ្លង​ក្នុង​ស្រុក​នៅ តែ​មាន​ចំនួន​ច្រើន​ជា​និច្ច​ ពោល​គឺ​ច្រើន​ជាង ១០០ ករណី​ ក្នុង​ ១ ​ថ្ងៃ។​

វេជ្ជបណ្ឌិត Fiona Russell អ្នកជំនាញខាងរោគឆ្លង​ និង​វ៉ាក់សាំង​នៅសាកលវិទ្យាល័យ​ University of Melbourne បាននិយាយថា៖ «មានហេតុផលជាច្រើនដែលអាចកើតមានចំពោះបញ្ហានេះ​។​

យើង​ត្រូវ​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់​ ជាជាង​ការ​និយាយ​ដោយ​ស្មាន។លោកស្រីបាននិយាយថា ករណី​ ដែល​កើន​ឡើង​នោះ កើត​ចំពោះ​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង​ ឬ ​ចាក់​មិន​ទាន់គ្រប់​ ឬប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំង​នឹង​វ៉ារ៉្យង់​ថ្មី​នៅ មិនទាន់​គ្រប់​គ្រាន់​ ឬការ​ចែក​ចាយ​វ៉ាក់សាំង​ដល់​ប្រជាជន​​ទូទាំ​ង​ប្រទេស​នៅ​មិនទាន់​ដល់​កម្រិត​ឱ្យ​​​បង្កើ​ត​ភាព​ស៊ាំ​ជា​សហគមន៍ ឬយ៉ាងណា»។ ​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin​ បាន​ច្រាន​ចោល​នូវ​ចម្ងល់​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ Sinopharm និង Sinovac របស់ប្រទេស​ចិនថា ជា​ការរិះគន់ បែប​លម្អៀ​ង​ និង​លាបពណ៌ផងដែរ​។

ទោះយ៉ាងណា ក្រុមអ្នកជំនាញនិយាយថាទោះបីវ៉ាក់សាំងចិនទាំងនេះ មិនមានប្រសិទ្ធភាព​ខ្លាំង​ដូច​វ៉ាក់សាំង​ដទៃ​ក៏​មិន​មែន​មាន​ន័យ​ថា​វ៉ាក់សាំង​ចិន​​មិន​មាន​ប្រសិទ្ធភាព​ដែរ។ មិនមាន​វ៉ាក់សាំង​ណាមួយ​ផ្តល់​ការ​ការពារ​ ១០០ ភាគរយ​ប្រឆាំងនឹងកូវីដ ១៩ ទេ។ វ៉ាក់សាំង​ចិន​មាន​សារៈ​សំខាន់​ក្នុង​ការការពារ​កុំ​​ឱ្យ​មាន​ករណី​ស្លាប់និង​ការសម្រាកនៅមន្ទីរពេទ្យ​ច្រើន មិនមែន​ធ្វើ​ឱ្យ​ករណី​ឆ្លង​ធ្លាក់​ដល់​សូន្យ​នោះទេ។

សាស្រ្តាចារ្យ Jin Dong-yan សាកលវិទ្យាល័យហុងកុង បាន​និយាយថា៖ «ប្រសិនបើ​យើង​ចង់​កាត់​បន្ថយ​ករណី​ធ្ងន់ធ្ង​រ និងចំនួនអ្នកស្លាប់ ​វ៉ាក់សាំង​ Sinopharm និង Sinovac អាចជួយបាន»។ លោក Ben Cowling សាស្ត្រាចារ្យផ្នែករោគឆ្លងនៃសាកលវិទ្យាល័យតែមួយបាននិយាយថា៖ «វ៉ាក់សាំង​ចិន​ ហាក់​ដូចជាបន្ថយ​​ចំនួនអ្នកឆ្លងធ្ងន់ធ្ងរ និង​អ្នក​ស្លាប់ ​បាន​ជួយ​ជីវិត​មនុស្ស​ច្រើន​ណាស់»​។

អ្នកស្រី Enkhsaihan Lkhagvasuren មន្ត្រី​ក្រសួងសុខាភិបាលម៉ុងហ្គោលី បាន​អះអាង​ថា វ៉ាក់សាំង​ Sinopharm មានប្រសិទ្ធភាពណាស់។ អ្នក​ស្រី​បាន​បន្ថែមថា៖ «យើងមិនអាចបែងចែកប្រសិទ្ធភាព​វ៉ាក់សាំង​ដោយនិយាយថា វ៉ាក់សាំងនេះ មិនល្អឬវ៉ាក់សាំងមួយណាល្អជាង​ឡើយ​»៕