ការធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតី Jair Bolsonaro ធ្វើឡើង​​ពាសពេ​ញ​ប្រទេសប្រេស៊ីល​កាល​ពី​ថ្ងៃសៅរ៍ ក្នុង​អំឡុង​ពេល​ ១ ថ្ងៃ​ បន្ទាប់ពីតុលាការកំពូល​បានអនុញ្ញាតឱ្យមាន​ការស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ទៅ​លើការឆ្លើយតបរបស់លោក​ ចំពោះការចោទប្រកាន់អំពីអំពើពុករលួយ​ ដែលអាចកើ​ត​មា​ន​ពាក់ព័ន្ធ​នឹ​ងកិច្ចព្រមព្រៀងវ៉ាក់សាំង។​

ក្រុមបាតុករបានប្រមូលផ្តុំគ្នាដោយមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងជាង ៤០ ដើម្បី​ឱ្យ​មាន​ការ​ចែក​ចាយ​វ៉ាក់​សាំង​ឱ្យ​កាន់​តែច្រើនជាង​នេះ បើ​មិន​ដូច​នេះ​ទេ​ ​​លោក​ Bolsonaro ត្រូវ​តែ​លា​លែងពីតំណែង។​ ​

នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃសុក្រ តុលាការកំពូល​បាន​ឱ្យ​ដឹងថា​ ការស៊ើបអង្កេត​ត្រូវ​បាន​គាំទ្រ​ដោយ​សក្ខីកម្មថ្មីៗនៅក្នុងគណៈកម្មាធិការព្រឹទ្ធសភាមួយដែលស៊ើបអង្កេតលើការដោះស្រាយ​របស់​រដ្ឋាភិបាល​លើ​ការរីករាលដាលនៃជំងឺកូវីដ ១៩​។

រដ្ឋ​អាជ្ញាក៏​នឹង​ស៊ើបអង្កេតថា តើ Bolsonaro បានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលតម្រូវឱ្យ​មាន​ការ​ពន្យារ​ពេលឬបដិសេធសកម្មភាព ដែល​ជាផ្នែកមួយនៃកាតព្វកិច្ចរបស់មន្ត្រីសាធារណៈ​សម្រាប់​ហេតុផ​ល ​ប្រយោជន៍​ផ្ទាល់ខ្លួន ឬយ៉ាង​ណា​? តុលាការ​មិន​បាន​បញ្ជាក់​ថា​ តើ​ករណី​ចោ​ទ​ប្រកាន់​ផ្សេង​ទៀត​របស់​លោក​ Bolsonaro នឹង​ត្រូវ​បាន​គេ​ស៊ើបអង្កេតដែរ ឬយ៉ាង​ណាឡើយ​?

ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីលោក Luis Ricardo Miranda ប្រធានផ្នែកនាំចូលផលិត​ផល​ឱសថ​សាស្ត្រ​​របស់​ក្រសួង​សុខាភិបាល បាននិយាយថា លោក​ត្រូវ​គេ​បង្ខំ​ឱ្យ​ចុះហត្ថលេខាលើការនាំចូល​វ៉ាក់សាំង​ចំនួន​ ២០ លានដូស​ពី​ឱសថឥណ្ឌា Bharat Biotech ។

លោកបាននិយាយថា កិច្ច​ព្រម​ព្រៀង​នោះ​​ មានភាពមិនប្រក្រតី​នៅក្នុ​ងវិក្កយបត្រជាពិសេសការ​ទូទាត់ប្រាក់ចំនួន ៤៥ លានដុល្លារ​ដល់​ក្រុមហ៊ុន​ ដែល​មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ផងដែរ​៕