កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ នាយក​រដ្ឋមន្រ្តី​អង់គ្លេស លោក Boris Johnson គ្រោង​នឹង​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​ជំហាន​ចុង​​ក្រោយ​នៃ​ការ​បន្ធូរបន្ថយ​វិធាន​ការពារ​ជំងឺ​ឆ្លង​កូវីដ ១៩ ​រួមមាន​ ​ការ​រក្សា​គម្លាត​ ការ​ពាក់​ម៉ាស់ ​នៅ​ទីសាធារណៈ និង​​ការ​ធ្វើ​ការ​ពី​ផ្ទះ​ផង​ដែរ​។

បន្ទាប់​ពី​មាន​ការ​រឹត​ត្បិត​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ចក្រភព​អង់គ្លេស​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ លោក​ Johnson កំពុង​ត្រៀម​ដក​ការ​រឹតត្បិត​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​អង់គ្លេស នៅ​ថ្ងៃទី ១៩ ខែ​កក្កដា ដោយ​សេចក្ដី​សម្រេច​ចុង​ក្រោយ​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ ខែ​កក្កដា ខាងមុខ​​។

ទិន្នន័យ​បាន​បង្ហាញ​ថា ករណី​នានា​នឹង​បន្ត​កើន​ឡើង​ ដោយសារ​តែ​ការ​រឹត​បន្តឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​មន្ទីរពេទ្យ និង​ករណី​ស្លាប់​ត្រូវ​បាន​ចុះ​ខ្សោយ​ដោយសារ​កម្មវិធី​ចាក់វ៉ាក់​សាំង​របស់​​ប្រទេស​នេះ​។

លោក​ Johnson បាន​និយាយ​ថា ប្រជាជន​ត្រូវ​រៀន​រស់នៅ​ជាមួយ​វីរុស​នេះ​ ដូច​ដែល​ជំងឺ​ផ្តាសាយ​ ហើយ​លោក​រំពឹង​ថា ករណី​សម្រាក​នៅ​មន្ទីរពេទ្យ​ ករណី​ធ្ងន់ធ្ងរ​ និង​ករណី​ស្លាប់​នឹង​បន្ត​កើត​មាន​ ប៉ុន្តែ​នៅ​កម្រិត​ទាប​ជាង​មុន​ពេល​មាន​កម្មវិធី​ចាក់​វ៉ាក់សាំង។

ទោះ​យ៉ាងណា​ក្ដី លោក Johnson ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ដោយសារ​ប្រទេស​អង់គ្លេស​បាន​ទទួល​រង​នូវ​ចំនួន​មនុស្ស​ស្លាប់​ខ្ពស់​បំផុត​លំដាប់​ទី៧ និង​ត្រូវ​ទទួលរង​ការ​បិទ​ខ្ទប់​ប្រទេស​ដល់​ទៅ ៣ ​លើក​រួច​មក​ហើយ​។

យ៉ាងណា​មិញ ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ​អង់គ្លេស​បាន​ចែកចាយ​វ៉ាក់សាំង​ដល់​ទៅ​ ៨៦ ភាគរយ សម្រាប់​ដូស​​ទី១ ​​នៃ​ប្រជាជន​ពេញ​វ័យ និង​ប្រមាណ​ ៦៤ ភាគរយ ​សម្រាប់​ដូស​ទី​២ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​៕