សារព័ត៌មានបោះពុម្ព​ប្រចាំ​ថ្ងៃ​ ឆ្វេងនិយម​ ​Haaretz បានដកស្រង់សម្តី​ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett ចេញ​ពី​កាសែត​ក្នុង​ស្រុក​មួយថា ប្រទេសនេះ បានយល់ព្រមផ្គត់ផ្គង់​វ៉ាក់សាំង Pfizer-BioNTech ចំនួន ៧០ ម៉ឺនដូស​ដល់​ប្រទេសកូរ៉េខាងត្បូង។

លោក Bennett បាននិយាយថា ការចែកចាយ​ចំនួន​ដូសទាំងនេះ​ គឺនឹងចាប់ផ្តើមនៅចុងខែកក្កដានេះ​។ នៅក្នុង​កិច្ច​ព្រមព្រៀង អ៊ីស្រាអែល​នឹងទទួលបាន​នូវ​ចំនួន​វ៉ាក់សាំង​ដដែល​វិញ​ពីខាង​ភាគីកូរ៉េ​​នៅ​ខែ​កញ្ញា និងខែតុលា​។

អ្នកនាំពាក្យក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន​មិន​មាន​មតិ​យោបល់​អ្វី​ទាក់​ទិន​នឹង​របាយការណ៍ខាង​លើ​នេះទេ​។

កូរ៉េខាងត្បូងបានចែកចាយវ៉ាក់សាំងកូវីដ ១៩ ដែលខ្លួនមានទាំង​ប៉ុន្មាន​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​នេះ​ ​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ខ្វះ​វ៉ាក់សាំង​គ្រប់គ្រាន់ចែក​ចាយ​ ក្នុង​អំឡុងពេល​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភព​លោក​មិន​ទាន់​តម្រូវ​ការ​​ជាពិសេសនៅអាស៊ី។

រដ្ឋាភិបាលប្រទេស​ដដែល​នេះ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនសង្ឃឹមថា ប្រទេស​ខ្លួន​អាច​នឹង​បង្កើ​ត​នូវ​ភាព​ស៊ាំ​សហគមន៍​ឱ្យ​បានមុន​ខែវិច្ឆិកា ដោយ​គ្រោង​នឹង​ចែក​ចាយ​វ៉ាក់សាំង​ដូស​ទី១ ដល់​ប្រជាជន​យ៉ាងតិច ៧០ ភាគ​រយ​ ទូទាំង​ប្រទេស ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ mRNA ដូចជាវ៉ាក់សាំង​ Pfizer នេះ​ជាដើម​៕