ក្រុមហ៊ុនអាកាសចរណ៍នៅ​ក្នុងទីផ្សារកាបូនធំជាងគេបំផុតនៅលើពិភពលោក នឹងត្រូវបង់ថ្លៃ​លើ​ការបំពុល​ចេញពីយន្តហោះ​ ក្រោយ​សហភាពអឺរ៉ុប​ពង្រឹងគោលនយោបាយ​នៃ​ការ​កាត់​បន្ថយ​ការប្រែ​ប្រួល​អាកាស​ធាតុ​​​របស់​ខ្លួ​នក្រោមកិច្ចព្រមព្រៀងបៃតងថ្មី​ (Green New Deal)។

សំណើរបស់គណៈកម្មការអឺរ៉ុប​ រួមបញ្ចូលទាំងដំណាក់កាល នៃ​ការ​បង់​ថ្លៃ​ស្ដី​អំពី​កា​របំភាយឧស្ម័ន​ជា​បណ្តើរ​ៗ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដែល​ជាផ្នែកមួយនៃវិធានការដែលត្រូវប្រកាសនៅថ្ងៃទី ១៤ ខែកក្កដា ខាង​មុខ​។ វិធាន​ការ​នេះ​ ក៏នឹងជួយ​ណែនាំ​ឱ្យក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន​ឱ្យ​ចេះ​ប្រើ​ប្រាស់​ប្រេង​ស្អាត​ជាង​មុន​ និង​ថាម​ពល​ផ្សេងៗ​ ដែល​មិន​ប៉ះពាល់​បរិស្ថាន​។

សហគមន៍អឺរ៉ុបមានគោលបំណងប្រែក្លាយ​​​កិច្ចព្រមព្រៀងបៃតងនិងមហិច្ឆតានៃ​ការថែរក្សាបរិស្ថាន​ ឱ្យ​ក្លាយ​​ទៅ​ជា ​​យុទ្ធសាស្ត្រកំណើន​សេដ្ឋកិច្ចថ្មី​ពី​ការ​​ងើប​ឡើងវិញនៃ​វិបត្តិ​កូវីដ១៩​។ វិធានការ​ថ្មីនេះ ក៏​រួម​បញ្ចូល​ទាំងការពង្រឹង និងពង្រីកទីផ្សារកាបូនរបស់ប្លុក ដោយ​បង្កើតកម្មវិធីពាណិជ្ជកម្មការបំភាយឧស្ម័នថ្មី​សម្រាប់​អគារនិងការដឹក ជញ្ជូនតាមផ្លូវនិង​កំណត់ស្តង់ដាការបំភាយឧស្ម័នថ្មីសម្រាប់រថយន្តផងដែរ​។

ប្រភពមួយ​ ដែលសុំ​មិនបញ្ចេញឈ្មោះ ដោយសារ​សេចក្ដី​ព្រាង​​នេះ នៅ​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​​​នៅឡើយ​ បានឱ្យ​ដឹង​ថាគណៈកម្មការនេះ​ចង់ធ្វើ​ឱ្យ​ក្រុមហ៊ុនផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​​បង្កើន​ការ​ផ្គត់​ផ្គង់​ប្រេងឥន្ធនៈ ដល់ក្រុមហ៊ុន​អាកាសចរណ៍ប្រកបដោយចីរភាពឱ្យ​ដូច​ទៅ​នឹង​ប្រេងឥន្ធនៈ​យន្តហោះ​ ដែល​មាន​លក់​ស្រាប់នៅ​អាកាសយានដ្ឋានសហភាពអឺរ៉ុប។ លើសពីនេះទៀតនាយក​ប្រតិបត្តិ​សហភាព​អឺរ៉ុប​ គ្រោង​នឹងជំរុញឱ្យមាន ការស្រូបយ​កឥន្ធនៈកាបូនសំយោគទាប​​ ឬ​ អ្វីដែលគេហៅថាFit for 55 package។

ឥន្ធនៈមិន​ប៉ះពាល់​បរិស្ថាន​ ក៏នឹងទទួលបានការអនុគ្រោះពន្ធ​ ​ក្រោមក្របខ័ណ្ឌពន្ធ​ថាមពល​ថ្មី​របស់​សហភាព​អឺរ៉ុប​ផងដែរ​។ការជំរុញផ្នែកនីតិប្បញ្ញត្តិនេះ គឺសំដៅតម្រឹម​សេដ្ឋកិច្ចអឺរ៉ុបជាមួយនឹងគោលដៅថ្មី​ ដើម្បី​កាត់​បន្ថយឧស្ម័នផ្ទះកញ្ចក់យ៉ា​ងហោចណាស់ ៥៥ ភាគរយ ​នៅឆ្នាំ ២០៣០ ពីឆ្នាំ ១៩៩០។

វិធានដដែលនេះ ក៏នឹងរួមបញ្ចូលនូវសំណើដើម្បីបង្កើនចំណែកថាមពលកកើតឡើងវិញ​ បង្កើន​ប្រសិទ្ធភាព​ថាមពលនិងគោ​លដៅកាត់បន្ថយការបំភាយជាតិពុល​ជាដើម​។ នៅក្នុងសេចក្តីព្រាងឯកសារដែល​នឹង​ត្រូវបញ្ជូនទៅរដ្ឋា ភិបាលជាតិនិងសភាអឺរ៉ុបនៅសប្តាហ៍ក្រោយ​ គណៈកម្មការនេះគ្រោងនឹង​ធ្វើឱ្យ​ការ​ផ្លាស់​ប្តូរ​នេះក្លាយ​ជា​ការ​ផ្លាស់​ប្ដូរ​ «ប្រកបដោយប្រសិទ្ធភាពចំណាយនិងស្មើភាព»៕