The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ជំទង់ម្នាក់​ស្លាប់​ដោយ​សារជំងឺ​សាច់​ដុំ​កន្ត្រាក់​ ឈាម​បេះដូង​ ៦ ថ្ងៃ បន្ទាប់ពីចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី១​

យុវជន​ជំទង់ម្នាក់​ស្លាប់​ដោយ​សារជំងឺ​សាច់​ដុំ​កន្ត្រាក់​ ឈាម​បេះដូង​ ៦ ថ្ងៃ បន្ទាប់ពីចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី១​

Content image - Phnom Penh Post
មន្ត្រីសុខាភិបាលសិង្ហបុរីទទួលបានការចាក់វ៉ាក់សាំង នាពេលកន្លងទៅ។ រូបថត AFP

យុវជន​ជំទង់ម្នាក់​ស្លាប់​ដោយ​សារជំងឺ​សាច់​ដុំ​កន្ត្រាក់​ ឈាម​បេះដូង​ ៦ ថ្ងៃ បន្ទាប់ពីចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូសទី១​

ក្រសួងសុខាភិបាលសិង្ហបុរី​បានឱ្យដឹង​កាលពី​ថ្ងៃចន្ទថា ខ្លួនកំពុងស៊ើបអង្កេតករណីក្មេងជំទង់​ម្នាក់​ អាយុ ១៦ ឆ្នាំ ដែល​បាន​ស្លាប់ ​ដោយ​សារ​ជំងឺសាច់ដុំកន្ត្រាក់ឈាមបេះដូង (cardiac arrest) ក្រោយ​​ពីយុវជន​ នេះ បាន​​លើក​ដុំ​ដែក​ ៦ ថ្ងៃ​ បន្ទាប់ពីការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ហើយ​។

ប្រភពដដែល​បាន​ឱ្យ​ដឹងថា ករណី​នេះ ត្រូវបាន​​រាយ​ការណ៍​​ដោយមន្ទីរពេទ្យ Khoo Teck Puat Hospital កាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ​។ យុវជន​ជំទង់​នេះ​ ត្រូវ​បាន​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យនេះ ក្រោយ​ពី​គេ​រក​ឃើញ​យុវជន​រូប​នេះ​ ដួស​សន្លប់​នៅផ្ទះ​ នៅ​ព្រឹក​បន្ទាប់​ពី​ការ​លើក​ទម្ងន់​ដុំ​ដែក​នៅ​ឯ​កន្លែងហាត់ប្រាណ។ ក្រោយមកទៀត គេ​ក៏​បាន​បញ្ជូន​រូប​គាត់​ទៅ​មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ (NUH) ជាកន្លែងដែល​គាត់ កំពុងស្ថិតក្នុងស្ថានភាពកាន់​តែ​ធ្ងន់ធ្ងរឡើង​។

ក្រសួងសុខាភិបាល បាននិយាយថា ក្មេងជំទង់នេះ បានទទួលវ៉ាក់សាំង Pfizer-BioNTech/Comirnaty ដូសទី១ កាលពីថ្ងៃទី ២៧ ខែមិថុនា។ យុវជន​រូប​នេះ ត្រូវ​បាន​បុគ្គលិកថែទាំ​សុខភាពណែនាំ​ឱ្យសម្រាក​រយៈ​ពេល​​ ៣០ នាទី ដើម្បីសង្កេត​មើល​ប្រតិកម្ម​របស់​វ៉ាក់សាំ​ង​មុ​ន​នឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះវិញ។ ក្រសួងបានបន្តថា គា​ត់​​​មានសុខភាពល្អធម្មតា​អំឡុងពេល​​ ៥ ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង។

ក្រសួងបានឱ្យដឹងថា៖ «មុនពេល យុវជនរូបនេះ​ ដួលសន្លប់​នៅ​ថ្ងៃទី ៣ ខែកក្កដា គាត់​បាន​ទៅ​លើ​ក​ទម្ងន់​នៅឯ​កន្លែងហាត់ប្រាណ។ ពួកយើង​យល់ថា គាត់ហ្វឹកហាត់ជាមួយទម្ងន់​ធ្ងន់ដែលលើសទម្ងន់​របស់​គាត់​»។

«យើងកំពុងទាក់ទងជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ NUH ដែលកំពុងផ្តល់​ការព្យាបាល​យ៉ាង​ជិត​ស្និទ្ធ​ដល់​អ្នកជំងឺ។ ការធ្វើរោគវិនិច្ឆ័យបឋមនៃស្ថានភាពរបស់គាត់គឺ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ជា​ករណី​សាច់ដុំ​កន្ត្រាក់​ឈាមបេះដូង (cardiac arrest) ក្រៅមន្ទីរពេទ្យ។ ការធ្វើតេស្តគ្លីនិក និងមន្ទីរពិសោធន៍ កំពុង​ដំណើរការ​ជា​បន្តបន្ទាប់​ ដើម្បីស្វែង​យល់ពីមូលហេតុមូលដ្ឋាន»។ ក្រសួង​បាន​ឱ្យដឹង​ដូច្នេះ។

ក្រសួងបាន​បន្តថា៖ «យើងក៏នឹងធ្វើការជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ NUH បន្តទៀត ដើម្បីកំណត់​ថា​​​ តើបញ្ហានេះអាចទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ របស់គាត់ដែរឬទេ? នេះ​នឹងរួមបញ្ចូល​ទាំង​ការ​ពិចារ​ណាយ៉ា​ងហ្មត់ចត់ថា​ តើមានជំងឺរលាកសាច់ដុំបេះដូងធ្ងន់ធ្ងរដែលជាការរលាកធ្ងន់ធ្ងរនៃ​សាច់ដុំ​បេះដូង​ ដែល​ប៉ះពាល់ដល់មុខងារបេះដូង គឺ​ជា​ហេតុ​បង្ក​ឱ្យគាត់​​ស្លាប់​ឬយ៉ាងណា?»

គណៈកម្មាធិការជំនាញស្តីពីវ៉ាក់សាំងកូវីដ ១៩ នឹងតាមដានលទ្ធផលនៃការស៊ើបអង្កេតនេះ។ ទន្ទឹម​នេះ បន្ទាប់ពីការពិនិត្យមើលទិន្នន័យក្នុង និងក្រៅគណៈកម្មាធិការនិង​អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បានណែនាំកាលពីថ្ងៃចន្ទថា ប្រជាជនគួរតែចៀសវាងការហាត់ប្រាណខ្លាំងពេក បន្ទាប់​ពី​ទទួល​វ៉ាក់សាំង​រួច។

នេះគឺជាការធ្វើបច្ចុប្បន្នភាពចុង​​ក្រោយ​​ពីការផ្តល់យោបល់ពីមុន​រ​បស់គណៈកម្មាធិការនៅថ្ងៃទី ១១ ខែមិថុនា ដែលបានណែនាំថា អ្នកដែលចាក់វ៉ាក់សាំងគួរតែចៀសវាងការហាត់ប្រាណខ្លាំងពេក​ ​ក្នុង​រយៈ​ពេល​ ១ សប្តាហ៍ ​បន្ទាប់ពីការចាក់វ៉ាក់សាំងនៅដូសទី២។

គណៈកម្មាធិការដដែលនេះ បានឱ្យដឹងដែរថា កាលពី​ថ្ងៃទី ៣០ ខែមិថុនា អាជ្ញាធរHSA បាន​ទទួល​របាយការណ៍​ស្ដីអំពី​ករណី​រលាកសាច់ដុំ​បេះដូង និងរលាក​ស្រោមបេះដូង សួត ចំនួន ១២ ករណី ដែល​កើត​ឡើង​ ចំពោះអ្នក​ដែល​ទទួល​វ៉ាក់សាំង​រួច​។

មាន​ចំនួន​៥ ករណីក្នុងចំណោម​ករណីសរុប​ខាង​លើ កើតឡើងចំពោះមនុ​ស្សពេញវ័យដែល​មានអាយុ ចាប់ពី ៣០ ឆ្នាំឡើងទៅខណៈ​ករណីចំនួន ៧ ទៀត​ កើតឡើង​ចំពោះ​បុរសដែ​លមានអាយុក្រោម ៣០ ឆ្នាំដែល​គណៈកម្មាធិការ​ បានកត់សម្គាល់ឃើញថា មាន​ចំនួន​ខ្ពស់ជាងការរំពឹងទុកសម្រាប់ក្រុមអាយុនេះ​ ដោយ​ផ្អែក​លើ​អត្រានៃ​ការកើតមាន​ជាយថាហេតុ។

អាជ្ញាធរHSAបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកទី៣ថា ខណៈ​ពេល​ករណី​ជាង​ពាក់​កណ្តាលដែល​បានរាយការណ៍កើតឡើងប​ន្ទាប់ពីការចាក់វ៉ាក់សាំងដូស​ទី២ យើង​ទទួល​បាន​របាយការណ៍​ចំនួន ៦ ករណី ដែ​លបានកើតឡើង បន្ទាប់ពីចាក់វ៉ាក់សាំង​លើកដំបូង។ ដោយឡែក បើ​ក្រឡេក​មើល​ ប្រសិទ្ធភាព​វ៉ាក់សាំង​លើ​ប្រជាជន​ក្រុម​ក្មេង​វ័យ ពោល​គឺ​មាន​ប្រតិកម្មល្អ​ក្នុង​ការ​ព្យាបាល​ ហើយ​បានជាសះ ស្បើយ ឬក៏ធូ​រស្បើយពីមន្ទីរពេទ្យដូច​ធម្មតា​។

តែទោះ​ជា​យ៉ាងណា ​គណៈកម្មាធិការ​រំឭ​ថា ខណៈពេលនេះ ករណី​រលាកសាច់ដុំ​បេះដូង អាច​ក្លាយ​ទៅ​ជា​ករណី​ធ្ងន់​ធ្ង​រ​ ដោយសារកត្តាឬសកម្មភាពណា​ ដែល​ចំណាយ​ថាម​ពលខ្លាំង ​អាចប៉ះពាល់ដល់ ចង្វាក់​បេះដូង។ ប្រភពដដែល​បាន​បន្ថែមថា ចំពោះ​បុគ្គលណា​ ដែល​ត្រូវ​បាន​គេ​រក​ឃើញថា​ មាន​ជំងឺ​រលាកសាច់ដុំ​បេះដូងបន្ទាប់ពីបានចាក់វ៉ាក់សាំងប្រភេទ​mRNA បុគ្គល​ទាំង​នោះ​ មិន​គួរ​ទទួលយក​វ៉ាក់សាំង​ដូសទី២ ទៀត​ទេ។

អាជ្ញាធរដដែល​បានឱ្យដឹងថា ក្នុងចំណោមវ៉ាក់សាំង ៥ ៤៧០ ៤២៥ ដូស ដែល​បាន​ចែក​ចាយ​កាលពីថ្ងៃទី ៣០ ខែ​មិថុនា គេសង្ស័យថា វ៉ាក់សាំង​ចំនួន ៦ ៦០៦ មាន​ប្រតិកម្ម​មិន​ល្អ​។ ក្នុង​ចំណោម​នោះ​ វ៉ាក់សាំងចំនួន ​២៥២ ដូស ត្រូវ​​គេ​សង្ស័យ​​ និង​ចាត់ថ្នាក់ជាវ៉ាក់សាំងបង្កប្រតិកម្ម​ធ្ងន់ធ្ងរ៕

អត្ថបទគួរចាប់អារម្មណ៍