ការិយាល័យត្រួតពិនិត្យសន្តិសុខនៃប្រព័ន្ធ​អ៊ីន​ធឺណិត​ដែលជាអង្គភាពឃ្លាំមើលមួយ​នៃ​រដ្ឋបាល​ Cyberspace ចិន (CAC) កាលពីថ្ងៃសុក្រ បានប្រកាស​បញ្ជាឱ្យ​មាន​ការស៊ើបអង្កេតលើ​មូលដ្ឋាន​សន្តិសុខ​ថ្នាក់​ជាតិ​​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ Didi Chuxing ដែលជាក្រុមហ៊ុនកក់សេវាធ្វើដំណើរ (ស្រដៀងនឹង Grab និង Uber) បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បើក​ដំណើរ​ជាសាធារណៈ​ដំបូងនៅ​ទីក្រុង​ញូវយ៉ក​។​

ចំណាត់​ការ​នេះ​ ធ្វើ​ឡើង​ក្រោយ​មាន​សេចក្តីថ្លែងការណ៍មួយទៀតកាលពីថ្ងៃអាទិត្យ ដែល​រដ្ឋបាល CAC បានបញ្ជា​ឱ្យបិទការទាញយកកម្មវិធី Didi ជាបណ្ដោះអាសន្ន​ ក្រោយ​រដ្ឋ​បាលដដែល​នេះ​បាន​រកឃើញ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យាមួយ​នេះ​ បានប្រព្រឹត្តល្មើសប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

បើយោងតាមកាសែតចិន Global Times ដែល​និយាយនៅក្នុងបទវិចារណកថាមួយ ​កាល​ពីថ្ងៃចន្ទ ក្រុមហ៊ុនេះ​ តម្រូវ​ឱ្យ​មាន​ព័ត៌មានរបស់អ្នក​ប្រើប្រាស់​លម្អិតបំផុត​ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ​នា​នា​​។​ ក្រុមហ៊ុននេះ បាន​​ធ្វើការវិភាគទិន្នន័យធំៗ អំពីទម្លាប់ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ដោយ​បង្ក​ជា​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​ផងដែរ។

កាលពីព្រឹកថ្ងៃចន្ទ ការិយាល័យពិនិត្យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតបាននិយាយថា ខ្លួន​កំពុង​បើកការស៊ើប​អង្កេត ប្រហាក់ប្រហែលគ្នាលើមូលដ្ឋានសន្តិសុខជាតិ លើ​ក្រុមហ៊ុន​កក់​សេវា​ធ្វើដំ​ណើរស្រដៀងគ្នានេះ​ ដែលមានឈ្មោះថា Yunmanman និង Huochebang ក៏ដូចជា កម្មវិធីជ្រើសរើសបុគ្គលិក​ ដែលដំ​ណើរការដោយក្រុមហ៊ុន​ Boss Zhipin ។

ខណៈពេល ដែល​មន្ទិល​នានា​នៅ​តែ​កើត​មាន​ឡើង រួម​មាន​ទាំង​សេចក្តី​លម្អិតបន្ថែមទៀត​ស្ដី​អំពីការ​រំលោភ​សិទ្ធិឯកជនភាពនានា​ ដោយ​ក្រុមហ៊ុន​ Didi និងកម្មវិធីផ្សេងទៀត ការស៊ើបអង្កេតនេះ ក៏​បាន​បោះ​ជំហាន​មួយ​ជើង​ទៀត​ឆ្ពោះទៅរក​ការត្រួតពិនិត្យ​ទៅ​លើ​ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់ប្រទេសចិន និង​បាន​​បន្ថែមនូវភាពមិ​នប្រាកដប្រជាថ្មីមួយ​ទៀត​ ដែល​បាន​​បន្តស៊ើប​អង្កេត​​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា ​ដែល​បាន​ចុះបញ្ជី​នៅ​អាមេរិកផងដែរ។

នេះជាលើកទី១ នៅក្នុងប្រទេសចិន ដែលការិយាល័យត្រួតពិនិត្យសន្តិសុខតាមអ៊ីនធឺណិតដែល​ត្រូវ​បាន​បង្កើតឡើងកាលពីឆ្នាំមុនធ្វើ​ ជាទីភ្នាក់ងារសម្របសម្រួលក្នុងចំណោមក្រសួងចំនួន ១២ បានចេញ​វិធាន​ការ​ក្ដៅ​ដាក់​ក្រុមហ៊ុ​នបច្ចេកវិទ្យាក្នុងស្រុកដ៏ធំ​មួយនេះ​។

វាខុសគ្នាពីការស៊ើបអង្កេតប្រឆាំងនឹងសេចក្ដីទុកចិត្ត ឬតម្លៃលើក្រុមហ៊ុ​នបច្ចេកវិទ្យាក្នុងស្រុកដ៏ធំរបស់​ប្រទេស​ចិនលើក​មុន​ៗ។​ និយតករ ដែលទទួលបន្ទុកការស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ Didi គឺជាការិយាល័យ​ត្រួត​ពិនិត្យ​សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត​ផ្ទាល់​ មិនមែនរដ្ឋបាល​សម្រាប់​បទប្បញ្ញត្តិទីផ្សារ​ទេ​ ហើយ​ការ​ស៊ើប​អង្កេត​ទៅលើក្រុមហ៊ុន​នេះ គឺ​ត្រូវ​ចាត់​បញ្ជូល​ជា​​បញ្ហាសន្តិសុខជាតិ ជាបញ្ហាធ្ងន់ធ្ងរជាង​ឥរិយាបថ​ផ្តាច់​មុខ និង​ភាពមិនទៀងទាត់នៃការកំណត់ត​ម្លៃរបស់​ក្រុមហ៊ុន​មុនៗ​។

លោកស្រី Angela Zhang នាយកមជ្ឈមណ្ឌលច្បាប់ចិននៃសាកលវិទ្យាល័យហុងកុង មានប្រសាសន៍ថា៖ «ការស៊ើបអង្កេតនាពេលបច្ចុប្បន្ន​ទៅ​លើ​ក្រុមហ៊ុន Didi ផ្តើមចេញពីក្តីបារម្ភអំពីសុ​វត្ថិភាព​តាម​អ៊ីនធឺ​ណិត ​ជា​ពិសេសទាក់ទងនឹងបញ្ហា​ផ្ទេរ​ទិន្នន័យឆ្លងកាត់ព្រំដែនជាដើម»។

យោងតាមសាស្រ្តាចារ្យរងផ្នែកច្បាប់នៃសាកលវិទ្យាល័យគ្រប់គ្រងនៅសាកលវិទ្យាល័យសិង្ហបុរី លោក Henry Gao គោលបំណង​ដំបូង​នៃ​ការស៊ើបអង្កេតទាក់​ទង​នឹង​ក្រុមហ៊ុន​ Didi ជុំវិញ​សន្តិសុខជាតិ​នេះ គឺជា​ករណី​ធ្ងន់ធ្ងរ។

ករណីក្រុមហ៊ុន Didi នេះ ទំនងជានឹងបង្កើតនូវ​ក្រុមការងារ​គំរូសម្រាប់​ដំណើរការ​ស៊ើបអង្កេត​ស្រដៀង​គ្នា​នេះ​លើ​​ក្រុមហ៊ុនធំៗ ផ្សេងទៀត។ ក្រុមការងារនេះ នឹង​ក្លាយ​ទៅជា​​អ្នកឃ្លាំមើលថ្មី​លើបញ្ហាការ​អនុលោម​តាម​​ច្បាប់​ថ្មី និងការគំរាមកំហែងកាន់តែធ្ង​ន់ធ្ងរដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​។​

មេដឹកនាំបក្សកុម្មុយនីស្តចិន នឹង​មិន​បន្ថយ​ដៃ​ឱ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នេះ បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ងាយៗ​ឡើយ​។ បញ្ហាសំខាន់ៗ គឺ​ការអនុវត្តបែបផ្តាច់មុខ និង​ការដោះស្រាយទិន្នន័យអ្នកប្រើប្រាស់។ ទើបតែ​មកដល់ពេលថ្មីៗនេះទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យា​ចិន បានដំណើរការនៅក្នុង​តំបន់​ប្រផេះ​ (មិន​មាន​ការ​ត្រួត​ពិនិត្យ) និង​មាន​បទប្បញ្ញត្តិ​បែបសេរី​ ក្នុង​ការបង្កើតគំរូអាជីវកម្មរបស់​ខ្លួន និង ទាមទារ​ឱ្យ​អ្នក​ផ្ដល់​សេវា និង​អ្នកប្រើប្រាស់​ចុះឈ្មោះ បំពេញ​ទិន្នន័យរបស់​ខ្លួន និង​ ប្រមូលទិន្នន័យអ្នកប្រើប្រាស់​ ដើម្បី​ស្វែង​យល់ពីតម្រូវ​ការ​អ​តិថិជនកាន់​តែច្បាស់។

លោក Shaun Rein ស្ថាបនិកនិងជានាយកគ្រប់គ្រងក្រុមស្រាវជ្រាវទីផ្សារចិននៅសៀង​ហៃបាននិយាយថា​ បន្ទាប់ពីប្រទេសចិន បានណែនាំកម្មវិធី​ត្រួតពិនិត្យសុខភាព​ និង​កម្មវិធី​ពិនិត្យ​ការធ្វើចត្តាឡីស័ក​ បានបង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់ថា ក្រុមហ៊ុនបច្ចេកវិទ្យា ដូច​ជាក្រុមហ៊ុនអេឡិចត្រូនិក Alibaba និងក្រុមហ៊ុនហ្គេម Tencent បានគ្រប់គ្រងទិន្នន័យរបស់​អ្នកប្រើប្រាស់​យ៉ាងច្រើន។

លោក​បាន​មានប្រសាសន៍ថា៖ «ខ្ញុំគិតថា រយៈពេលមួយឆ្នាំកន្លះ​កន្លងមកនេះ ដែលយើងអាចចាប់​ផ្តើម​មើល​ឃើញ​ថា ​តើ​ក្រុមហ៊ុ​ន​បច្ចេក​វិទ្យា​ទាំងនេះ មានឥទ្ធិ​ពលកម្រិតណា»។

ក្រុមហ៊ុន Alibaba Group Holding ថ្មីៗនេះ ត្រូវបានពិន័យជាប្រាក់ចំនួន ២,៨ ពាន់លានដុល្លារ​ពី​បទ​រំលោភ​លើ​ការប្រឆាំងនឹង​សេចក្តីទុកចិត្ត។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ក៏ត្រូវ​រដ្ឋពិន័យ ឬស៊ើបអង្កេត ចំពោះ​អាកប្បកិរិយាប្រឆាំងនឹងការប្រ​កួតប្រជែង និង​ភាពយឺតយ៉ាវក្នុ​ងការបង្ហាញហិរញ្ញវត្ថុ​ផង​ដែរ​​។

លោក បានបន្តថា៖ « កាលពី ២ ឆ្នាំមុនអតិថិជនចិនមិនបានយកចិត្តទុកដាក់​ថា ភាពងាយស្រួលនៃ​កម្មវិធី​ទាំង​នេះ អាច​នឹង​ផ្ដល់​ជា​ផលអវិជ្ជមានច្រើន​ប៉ុណ្ណា​។ ប៉ុន្តែ ឥឡូវប្រជាជនចិន​មាន​ការ​ព្រួយបា​រម្ភ​អំពី​​ទិន្នន័យឯកជន​របស់​ខ្លួន ពីព្រោះក្រុមហ៊ុន​ Alibaba និង Tencent ក្ដោបក្ដាប់​ទិន្នន័យ​ច្រើន​ណាស់​ច្រើន​ជាង​រដ្ឋាភិបាល​ទៅទៀត»។

លោកជឿជាក់ថា ការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៃឧស្សាហកម្មបច្ចេកវិទ្យា នឹងធ្វើឱ្យវិស័យ​នេះ​កាន់​តែ​មាន​និរន្តរភា​ព​​ជាមួយនឹងការប្រកួតប្រជែង ដែលមានលក្ខណៈត្រឹមត្រូវ និងផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រា​ស់​ផងដែរ៕