ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​អាល្លឺង់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ចូល​និវត្តន៍​ម្នាក់​របស់​អាល្លឺម៉ង់​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​ប្រទេស​ចិន​ អស់​រយៈពេល​ជិត​ ១ ទសវត្សរ៍​មក​ហើយ​ ដោយ​ប្រើ​ទំនាក់ទំនង​នយោបាយ​ដែល​រូប​លោក​បាន​បង្កើត​ឡើង​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ដទៃ​ទៀត​នៅ​ក្នុង​ពេល​ពិភាក្សា។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​បុរស​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Klaus L.។​ បើ​យោង​តាម​ទំនៀម​ទម្លាប់​របស់​អាល្លឺម៉ង់​អ្នក​នយោបាយ​រូប​នេះ​ ត្រូវ​បាន​គេ​ជ្រើសរើស​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​បង្រៀន​នៅ​សៀងហៃ​ក្នុង​ឆ្នាំ ២០១០ ​ពោល​គឺ​មាន​រយៈពេល​ជិត ១០ ឆ្នាំ​ បន្ទាប់​ពី​លោក​ចូលរួម​ក្នុង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នយោបាយ​​ដទៃ​ទៀត ​និង​បញ្ជូន​ព័ត៌មាន​ជា​ទៀងទាត់​រហូត​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៩​ ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់ និង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​។

ទូរទស្សន៍​សាធារណៈ ​ARD ​បាន​ឱ្យ​ដឹង​ថា ​លោក Klaus L.ក៏​ធ្លាប់​ធ្វើ​ជា​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ឱ្យ​ស្ថាប័ន​ស៊ើប​អង្កេត​អាល្លឺម៉ង់ ​(the BND) អស់​រយៈពេល​កន្លះ​សតវត្សរ៍​មុន​ពេល​ចូល​និវត្តន៍​ផង​ដែរ​។ ប្រភព​ដដែល​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា ​លោក Klaus L. បាន​ធ្វើ​ការ​ឱ្យ​មូលនិធិ Hanns Seidel ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មុយនិច​ និង​ជា​មូលនិធិ​មាន​ទំនាក់ទំនង​ជាមួយ​សហភាព​សង្គម​គ្រិស្ទាន (CSU) ​ជា​សាខា​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​គ្រិស្ទាន​របស់​អាល្លឺម៉ង់ (CDU) ក្នុង​រដ្ឋ​ Bavarian របស់​អធិការបតី​អ្នកស្រី​ Angela Merkel។

មូលនិធិ​នេះ​ បាន​និយាយ​ថា ​​ខ្លួន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​មក​ម្ល៉េះ។

អ្នក​នាំពាក្យ​សម្រាប់​ក្រុម​អ្នក-​វិទ្យាសាស្ត្រ​នយោបាយ​បាន​ឱ្យ​ដឹង​ថា​៖ «វា​អាច​ទៅ​រួច​ទាក់ទិន​​សកម្មភាព​ស៊ើបការណ៍​​សម្ងាត់​​របស់​លោក ​Klaus L. ហើយ​នេះ​ គឺ​ជា​សកម្មភាព​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»​៕