ការប៉ះទង្គិចគ្នាជា​សាធារណៈ​ដ៏ជូរចត់​រវាង​អារ៉ាប់រួម​ និង​អារ៉ាប់ប៊ី​ សាអ៊ូឌីត​ ជុំវិញ​តម្លៃផលិត​កម្ម​ប្រេង​នៅ​សប្តាហ៍​នេះ បណ្តាល​ឱ្យ​កិច្ចពិភាក្សា​រវាង​ប្រទេស​ផលិត​ប្រេងធំជាង​គេបំផុត​នៅលើ​ពិភព​លោក​ទាំង​ ២ ​នេះ​​ ត្រូវគេ​ចាត់​ទុក​ជា​មោឃៈ ដោយ​បង្ក​ឱ្យ​ទីផ្សារ​ថាមពល​ស្ថិត​ក្នុង​ភាព​មិន​ជាក់​លាក់​ ដែល​នឹង​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុងរ​យៈពេល ៦ ​ឆ្នាំ។ នេះ​បើ​តាម​ឱ្យ​ដឹងពីការផ្សាយ​របស់​សារព័ត៌មាន​ BBC។

ក្រុម​ប្រទេសនាំ​ប្រេង​ចេញចំនួន ២៣ (Opec+) រួមមាន​ទាំង​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ចេញ​ប្រេង​ និង​សម្ព័ន្ធមិត្តដូចជា​ប្រទេសរុស្ស៊ី​ ត្រូវពន្យារ​ពេលការ​ចរចា​របស់ពួកគេ​ដោយ​គ្មាន​ការ​កំណត់​ច្បាស់លាស់​ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ័យខ្លាច​អំពីស្ថិរភាព​ក្រុមប្រទេស​ទទួល​​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រេង​ ​កំពុងប្រឈម​នឹង​វិបត្តិសេដ្ឋ​កិច្ចពិភព​លោកក្នុង​រយៈពេល ១៨ ​ខែ​កន្លង​មក។

បញ្ហានេះ​បាន​ចា​ប់ផ្តើមកាលពី​សប្តាហ៍​មុននៅ​ពេលដែល​ប្រទេស​អារ៉ាប់រួម បាន​ច្រាន​ចោល​សំណើ​របស់​មេដឹកនាំ​ក្រុមប្រទេស ​Opec+​ គឺ​ប្រទេស​អារ៉ា​ប៊ី សាអ៊ូឌីត ​និងរុស្ស៊ី​ ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រីក​ការ​ទប់ស្កាត់​ទិន្នផល​សម្រាប់​ទប់​ទ​ល់​នឹង​ការ​នាំ​ចេញ​រយៈពេល ​៨ ខែទៀត។

អារ៉ាប់រួមចង់​ចរចា​ឡើងវិញ​នូវមូលដ្ឋាន​បច្ចុប្បន្ន​របស់ខ្លួន ​ស្ដីអំពីកម្រិតពី​ការកាត់បន្ថយ​ផលិតកម្ម ឬការកើនឡើង​ត្រូវបាន​គណនា​កន្លង​មក ​ដើម្បីផ្តល់​សិទ្ធិសេរីភាព​ក្នុងការ​បូមប្រេង​បន្ថែម​ទៀត។ ទោះយ៉ាងណា​ អារ៉ាប៊ី សាអ៊ូឌីត​ និងរុស្ស៊ី បាន​ប្រឆាំង​នឹង​សំណើ​របស់​អារ៉ាប់​រួម​។ ប្រតិកម្មនេះ ​បាន​ក្លាយ​ទៅជា​សកម្មភាព​​មិន​ធម្មតា​នៅពេល​ ដែល​​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​រវាង​រដ្ឋមន្ត្រី​ថាមពល​នៃ​អារ៉ាប់រួម និងអារ៉ាប់ប៊ី សាអ៊ូឌីត បាន​សម្តែង​​គោល​គំនិត​ផ្ទុយ​គ្នា​ជាសាធារណៈ​។

លោក Ben Cahill សមាជិក​ជាន់ខ្ពស់នៅ​មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រ​ និង​អន្តរជាតិ​នៅ​វ៉ាស៊ីន​តោន​ បានប្រាប់​សារព័ត៌មាន​ BBC ថា៖ «ការប្រេះឆា​គ្នា​នេះ​ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ប៉ុន្តែ​ភាព​ច្របូក​ច្របល់​ ដែល​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​នេះ គឺជា​រឿង​​ចៀសមិនរួច»។

លោក​បានបន្តថា​៖ «សមត្ថភាព​ផលិត​របស់​អារ៉ាប់រួម​ មាន​ភាព​ផ្ទុយពី​កូតា​របស់​ក្រុម​ប្រទេស​Opec។ ប្រទេស​នេះ បា​នវិនិយោគ​ប្រាក់ជាច្រើន ​ដើម្បីបង្កើន​ផលិតកម្ម​របស់ខ្លួន​ ហើយឥឡូវនេះ ​តម្រូវ​ការ​ក៏​កំពុង​កើន​ឡើងដូចគ្នា​។ ដូច្នេះហើយ​ទើបអារ៉ាប់​រួម​មាន​ភាព​អន្ទះសា​អំពីភាព​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ផលិតកម្ម​កាល​ពី​ឆ្នាំ​មុន»។

លទ្ធផល​នៅ​ក្នុង​ក្រុម​ប្រទេស​ Opec+​ គឺ​ជាការបន្សល់ ​ដោយការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើងរវាង​ប្រទេសទាំង​ ២ ​ដែល​ព្យាយាម​ធ្វើការ​ពង្រីក​កំណើន​សេដ្ឋកិច្ច​លើ​វិស័យ​ចម្រុះ​​រៀងៗខ្លួន​ ដោយ​កាត់​បន្ថយកា​រពឹង​ផ្អែកសេដ្ឋ​កិច្ច​ខ្លួន​លើ​វិស័យ​ថាមពល​អ៊ីដ្រូ​កាបូន​នេះ​។

ប្រទេសអារ៉ាប់ប៊ី​ សាអ៊ូឌីត ​ទៀត​សោត ​ក៏​បានប្រកាន់​យកនូវយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​មួយ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Mohammed bin Salman ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ កំពុង​ប្រកួត​ប្រជែង​ក្នុង​វិស័យ​មួយ​ចំនួន​ ដូចជាវិ​ស័យទេសចរណ៍​សេវា​កម្មហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ជាដើម​។

លោក Neil Quilliam អ្នក​សិក្សា និង​វិភាគ​​កិច្ចការ​អន្តរជាតិ​នៅ​ស្ថាប័ន Chatham House ប្រចាំ​ការ​នៅ​ ​ទីក្រុងឡុងដ៍​ បាន​ឱ្យដឹងថា​៖ «អារ៉ាប៊ី សាអ៊ូឌីត ​គឺជាប្រទេសយ​ក្សនៅ​ក្នុងតំបន់ដែល​កំពុង​ងើប​ឡើង​វិញ​។ ចំណែក​​ ការ​ងើប​ឡើង​នេះ ពេល​ខ្លះ ​បង្ក​ជា​​ក្តី​កង្វល់ដល់​អារ៉ាប់រួម»​។

លោ​ក​បន្តថា​៖ «ក្នុងរ​យៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខប្រសិនបើអារ៉ាប៊ី សាអ៊ូឌីត ផ្លាស់ប្តូរ​ទៅ​ជា​សេដ្ឋ កិ​ច្ច​​ដ៏​មាន​អំណាច​នោះ​ វា​នឹងក្លាយ​ជាកា​រគំរាមកំហែងមួយ​សម្រាប់គំ​រូសេដ្ឋកិច្ចអារ៉ាប់​រួម​»​។

យ៉ាងណាមិញ គ្មាន​អ្នកណា​ទាន់​អាច​និយាយបាន​ថា អារ៉ាប៊ី សាអ៊ូឌីត និងអារ៉ាប់រួម អាច​នឹងយល់​ព្រម​លើ​​​កិច្ចព្រ​មព្រៀង Opec+ ​ថ្មីនេះ​ដែរឬទេ​។

ប៉ុន្តែលោក Ali Shihabi ​អ្នកវិភាគ​អារ៉ាប៊ី​ សាអ៊ូឌីត ​មិន​ជឿថា ​ការប្រេះឆានេះ​ នឹងរារាំង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ ២ ​ក្នុងរយៈពេល​វែង​នោះទេ ​បើ​ទោះបីជា​ជំហរម៉ឺង​ម៉ាត់​របស់​អារ៉ាប់រួម​ បាន​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលពី​អារ៉ាប់ប៊ី សាអ៊ូឌីត​​ក៏​ដោយ​។ លោក​ជឿជាក់​ថា ​រាល់​ទំនាក់ទំនង​ប្រទេស​នានា តែង​ឆ្លងកាត់​ការ​លំបាក​ និង​ទំនាស់​មួយ​ចំនួន រួមទាំង​សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ផងនោះ​។ ប៉ុន្តែ​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនងនេះ ​រឹង​មាំ​ខ្លាំង​ ដែល​មិន​អាច​បង្កការ​ខូចខាត​ជា​អចិន្ត្រៃយ៍ដល់​សម្ព័ន្ធ​មិត្តនេះ​ទេ។

លោក Eman Alhussein អ្នក​សិក្សា​នៅ​វិទ្យាស្ថាន​នៅឈូងសមុទ្រ​អារ៉ាប់​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ប្រកួតប្រជែង​ក្នុង​តំបន់​រវាង​បណ្តា​ប្រទេស​ឈូងសមុទ្រ​ បាន​កើនឡើង​ជា​ខ្លាំង​នា​ពេលថ្មីៗ​​នេះ ខណៈ​ដែលអារ៉ាប៊ី ​សាអ៊ូឌីត ​និង​អារ៉ាប់រួម​ កំពុងព្យា​យាម​ទាក់ទាញ​វិនិយោគិន ​និង​ទេព កោសល្យពី​បរទេស»។

លោក​បន្តថា៖ «ទោះយ៉ាងណា​អារ៉ាប់ប៊ី​ សាអ៊ូឌីត ​និង​អារ៉ាប់រួម​ នៅតែ​រក្សា​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ ផ្សេងៗ​។​ បណ្តាប្រទេស​នៅ​ឈូងសមុទ្រ​កំពុង​រៀន​រស់នៅជា​មួយ​ បើទោះ​ប្រទេស​នីមួយៗ​មាន​ភាព​ខុស​គ្នា​រៀង​ៗខ្លួន​យ៉ាងណា​ក្ដី​»​៕