កាល​ពីថ្ងៃពុធ ​ទី ៧ ​កក្កដា​ នាយករដ្ឋ​មន្រ្តីឥណ្ឌា ​លោក ​Narendra Modi​ បាន​ទម្លាក់​រដ្ឋមន្រ្តី​ជាន់ខ្ពស់​ចំនួន ១២​ រូប និង​បានដឹកនាំ​ក្រុមយុវជន​មួយ​ក្រុម​ក្នុងគោល​បំណង​កែលម្អ​មុខមាត់​រដ្ឋាភិបាល​របស់​លោក​ បន្ទាប់ពី​មាន​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​គ្រប់គ្រង​ស្ថាន​ភាពកូវីដ ១៩។

រដ្ឋ​មន្រ្តី​ខុទ្ទកាល័យ​ចំនួន​ ១៥ ​រូប​ និង​រដ្ឋម​ន្រ្តី​ចំនួន​ ២៨ រូប ត្រូវ​បាន​ស្បថ​ចូលកាន់​តំណែងនៅ​ក្នុងពិធី​មួយនៅ​វិមាន​ប្រធានាធិបតី​ កាលពី​ថ្ងៃទី​ ៧ ខែកក្ក​ដា​។ រដ្ឋមន្ត្រី​ថ្នាក់ខ្ពស់​ចំនួន ៨​ រូប ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​គណៈ​រដ្ឋមន្រ្តី។

ការ​ផ្លាស់ប្តូរនេះ ​គឺជា​ការ​រុះ​រើគណៈ​រដ្ឋមន្រ្តី​លើកដំបូង​ ចាប់តាំង​ពី​លោក​ Modi​ ត្រូវបាន​ឡើងកាន់​តំណែង​នៅអាណត្តិទី​២ ​ក្នុង​ឆ្នាំ ​២០១៩។

តាម​ការស្រង់សម្តី​របស់​សារព័ត៌មាន​ CAN​ វិញ ​អ្នក​វិភាគ​នយោបាយ​លោក ​Nilanjan Mukhopadhyay​បាន​និយាយ​ថា នៅពេល​ទេស​រដ្ឋមន្រ្តី​ត្រូវ​បាន​ដកចេញ ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់ថា ​ខ្លួន​បានបរាជ័យ​ក្នុង​ការដោះស្រាយ​បញ្ហាជំងឺ​កូវីដ ១៩។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​លោក​ Harsh Vardhan ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​​ លោក​ Ramesh Pokhriyal Nishank ​រដ្ឋមន្រ្តី​ច្បាប់​ និង​អេឡិចត្រូនិក​ និង​បច្ចេកវិទ្យា​ព័ត៌មាន​លោក​ Ravi Shankar Prasad​ និង​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក Prakash Javadekar ស្ថិត​ក្នុង​ចំណោមអ្នក​ដែលបាន​លាឈប់​ប៉ុន្មានម៉ោង​មុនមាន​ការ​ដកតំណែង៕