
កម្មករម្នាក់ចុះតាមជណ្តើរសំណង់នៅទំនប់វារីអគ្គិសនីអេត្យូពី។ AFP
រដ្ឋាភិបាលអេហ្ស៊ីបឱ្យដឹងថា ខ្លួនបានទទួលសេចក្តីជូនដំណឹងជាផ្លូវការមួយពីប្រទេសអេត្យូពីថា ប្រទេសនេះ បានចាប់ផ្តើមដំណាក់កាលសាងសង់ដំបូងរបស់ខ្លួន ក្រោយចាក់បំពេញទំនប់វារីអគ្គិសនីដ៏ធំមួយលើដៃទន្លេដ៏សំខាន់របស់ទន្លេនីល និងជាទីតាំងបង្កឱ្យមានភាពតានតឹងជាច្រើនថ្ងៃមុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនេះ ចេញកាលពីល្ងាចថ្ងៃចន្ទថា ក្រសួងធារាសាស្រ្តអេហ្ស៊ីបបដិសេធ យ៉ាងដាច់អហង្ការចំពោះសកម្មភាពឯកតោភាគីនេះ ហើយបាននិយាយថា សកម្មភាពនេះរំលោភច្បាប់ និង បទដ្ឋានអន្តរជាតិដែលគ្រប់គ្រងលើគម្រោងសាងសង់នៅលើព្រំដែនទឹករួមគ្នានៃទន្លេអន្តរជាតិ មួយនេះ។
ទំនប់វារីអគ្គិសនីហ្គ្រេនអេត្យូពី (GERD) ដែលត្រូវបានគេកំណត់ថាជាគម្រោងវារីអគ្គិសនីធំបំផុតនៅទ្វីបអាហ្រ្វិកបានក្លាយទៅជាប្រភពជម្លោះផ្នែកការទូតជិត១ទសវត្សរ៍រវាងប្រទេសអេត្យូពី និងប្រទេសនៅខាងក្រោមទន្លេ រួមមានប្រទេសអេហ្ស៊ីបនិងស៊ូដង់។
ប្រទេសអេហ្ស៊ីបនិងស៊ូដង់ចង់ឱ្យប្រទេសនេះយល់ព្រមលើកិច្ចព្រមព្រៀងត្រីភាគីស្តីពីប្រតិបត្តិការទំនប់វារីអគ្គិសនី មុននឹងដំណើរការនៃការចាក់បំពេញចាប់ផ្តើម។ប៉ុន្តែប្រទេសអេត្យូពីនិយាយថា កត្តាធម្មជាតិ គឺជាផ្នែកមួយនៃការសាងសង់គម្រោងនេះ ដូច្នេះហើយដំណើរការសាងសង់ មិនអាចពន្យារពេលបានទេ។
កាលពីឆ្នាំមុនប្រទេសស៊ូដង់ បាននិយាយថា ដំណើរការនេះ បណ្តាលឱ្យមានការខ្វះខាតទឹករួមទាំងនៅទីក្រុង Khartoum ដែលជាដែនដីមានជម្លោះជាមួយនឹងប្រទេសអេត្យូពី។
លោក Yasser Abbas រដ្ឋមន្រ្តីក្រសួងទឹករបស់ប្រទេសស៊ូដង់ បានព្រមានកាលពីខែមេសាថា ប្រសិនបើ ប្រទេសអេត្យូពីឈានទៅមុខដល់ដំណាក់កាលទី២ នៃការចាក់បំពេញ ប្រទេសលោកនឹងប្តឹងក្រុមហ៊ុនអ៊ីតាលី ដែលជាអ្នកសាងសង់ទំនប់វារីអគ្គិសនីនិងរដ្ឋាភិបាលអេត្យូពីផងដែរ។
ភាគីប្រទេសអេត្យូពី បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ប៉ុន្តែរដ្ឋាភិបាលនៅទីក្រុង Cairo និងក្រុង Khartoum បារម្ភថា គម្រោងនេះ អាចនឹងធ្វើឱ្យមានការរអាក់រអួលដល់ការទទួលទឹកដល់ប្រជាពលរដ្ឋខ្លួន។
ទោះយ៉ាងណា គេមិនឃើញមានអត្ថាធិប្បាយភ្លាមៗ ពីមន្រ្តីរដ្ឋាភិបាលអេត្យូពី ដែលបញ្ជាក់ថា ការចាក់បំពេញក្នុងដំណាក់កាលទី២ បានចាប់ផ្តើមហើយ ឬ នៅនោះទេ ប៉ុន្តែមន្ត្រីក្រសួងទឹកជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងAFPថា កាលបរិច្ឆេទនៃការសាងសង់នឹងធ្វើឡើងស្របតាមកាលវិភាគ ដែលប្រទេសអេត្យូពីគ្រោងទុក។
ប្រទេសអេត្យូពី បានអះអាងថា ការបន្ថែមទឹកទៅក្នុងអាងស្តុកទឹកជាពិសេសក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅខែកក្កដានិងសីហាគឺជាផ្នែកមួយនៃសំណង់ ដែលជួយដល់លំហូរទឹកតាមធម្មជាតិ។ មន្ត្រីជាន់ខ្ពស់នៅក្រសួងទឹកបាននិយាយថាការចាក់បំពេញបន្ថែមនេះ នឹងជួយដល់លំហូរទឹកនៃការសាងសង់គម្រោង។ ប្រសិនបើទឹកភ្លៀង ត្រូវធ្លាក់ខ្លាំងក្នុងនៅខែកក្កដា អញ្ចឹងវាគង់តែនឹងចាប់ផ្តើមនៅខែដដែលនេះ។
អ្នកនាំពាក្យក្រសួងធារាសាស្រ្តអេហ្ស៊ីបលោក Mohamed Ghanim បានប្រាប់បណ្តាញទូរទស្សន៍ក្នុងស្រុកមួយថា បរិមាណទឹកដែលបានរាំងស្ទះ នឹងអាស្រ័យលើបរិមាណទឹកភ្លៀងតាមរដូវដែលបានហូរចុះនៅក្នុងប្រទេសអេត្យូពី។ លោកបាននិយាយថា៖ «យើងនឹងមិនទាន់ទទួលឥទិ្ធពលណាមួយពីគម្រោងលើទន្លេនីលភា្លមៗនោះទេ។ ប៉ុន្តែ យើងត្រូវចាំមើល១ខែឬ១ខែកន្លះទៀត ស្ថានភាពនឹងក្លាយជាយ៉ាងណា»?
យ៉ាងណាមិញ ទាំងប្រទេសអេហ្ស៊ីបនិងស៊ូដង់បានជំរុញប្រទេសអេត្យូពីឱ្យចុះហត្ថលេខាលើកិច្ចព្រម ព្រៀងមួយស្តីពីការចាក់បំពេញនិងប្រតិបត្តិការទំនប់នេះ ហើយបានទទូចដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យដោះស្រាយបញ្ហានេះនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៀតផង។
កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ត្រូវបានស្នើសុំដោយទុយនេស៊ីក្នុងនាមប្រទេសអេហ្ស៊ីបនិងស៊ូដង់។ ប៉ុន្តែឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមប្រឹក្សារបស់ខ្លួន មិនអាចធ្វើអ្វីបាន ក្រៅពីការបង្រួបបង្រួមភាគីនោះទេ។ នេះបើតាមឱ្យដឹងពីប្រភពការទូត ដែលប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីបលោក Sameh Shoukry បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅអង្គការសហប្រជាជាតិថា ការចរចាគឺស្ថិតក្នុងភាពជាប់គាំង អេហ្សីប បានចោទប្រកាន់ប្រទេសអេត្យូពីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយនិរទេសដែលបានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរួមរបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀងរួមមួយនៃភាគីទាំង ២។
ទោះយ៉ាងណា កន្លងមករដ្ឋាភិបាលអេត្យូពី តែងប្រកាសថាខ្លួននឹងបន្តទៅដំណាក់កាលទី២ នៃការចាក់បំពេញទន្លេបន្តទៀត នៅខែកក្កដា បើទោះកិច្ចព្រមព្រៀងរួមនេះធ្វើចេញ ឬ មិនចេញក៏ដោយ។
ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ធ្លាប់បានព្រមានប្រទេសអេត្យូពីកាលពីដើមឆ្នាំនេះ ថា រដ្ឋាភិបាលអេហ្ស៊ីប នឹងមិនអត់ធ្មត់ចំពោះវិធានការណាមួយដែលនឹងកាត់បន្ថយចំណែកទឹករបស់អេហ្ស៊ីបពីទន្លេនីលទេ។
ដោយឡែក ប្រទេសស៊ូដង់ក៏សង្ឃឹមថា គម្រោងនេះ នឹងជួយទប់ទល់ទឹកជំនន់ប្រចាំឆ្នាំប៉ុន្តែខ្លាចថា ទំនប់វារីអគ្គិសនីនេះ នឹងរងការខូចខាត ព្រោះគ្មានកិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការរវាងអេត្យូពី និងប្រទេសដទៃ។
គួរបញ្ជាក់ផងដែរថា ទំនប់វារីអគ្គិសនីខ្នាតធំនេះ មានប្រវែង ១៤៥ ម៉ែត្រដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០១១ និងមានសមត្ថភាពផលិតបាន ៧៤ ពាន់លានម៉ែត្រគុប។ ដំណើរការចាក់បំពេញបានចាប់ផ្តើមកាលពីឆ្នាំមុនដោយប្រទេសអេត្យូពី និងបានប្រកាសនៅខែកក្កដា ឆ្នាំ ២០២០ ថា ខ្លួនបានសម្រេចគោលដៅរបស់ខ្លួនក្នុងការសាងសង់អាងស្តុក មានសមត្ថភាពផ្ទុកទឹកបានទៅដល់ ៤,៩ ពាន់លានម៉ែត្រគុប គ្រប់គ្រាន់ដើម្បីសាកល្បងតួប៊ីន២ដំបូងរបស់ទំនប់ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការផលិតថាមពលក្នុងពេលឆាប់ៗ៕