កាលពី​ថ្ងៃសៅរ៍ ​ទី ៩ កក្កដា ​តុលាការ​កាណាដា​បាន​បដិសេធ​សំណើ​របស់​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ក្រុមហ៊ុន​បច្ចេក​វិទ្យាចិន ​Huawei Technologies ក្នុងការ​បញ្ជូន​ភ័ស្តុតាង​ថ្មីទៅ​ក្នុងសវនា​ការ​បត្យាប័ន​របស់​លោកស្រី Meng Wanzhou។​

តាមការ​ស្រង់សម្តី​របស់​សារ​ព័ត៌មាន​ Reuters​ ប្រធានផ្នែក​យុត្តិធម៌​នៃ​តុលាការ​កំពូល​ លោក​ស្រី Heather Holmes​ បាន​និយាយ​កាលពី​ថ្ងៃទី​៨​កក្កដាថា ​សំណើ​របស់​លោក​ស្រី ​Meng Wanzhou ត្រូវបាន​បដិសេធ​។

គួរ​បញ្ជាក់​ផងដែរថា​ កាណាដា​បាន​ចាប់ខ្លួន​លោកស្រី ​Meng Wanzhou ​ប្រធានផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Huawei​ នៅ​ឯអាកាស​យានដ្ឋាន​ Vancouver ​កាលពី​ឆ្នាំ ​២០១៨ តាមសំណើ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចង់ឱ្យ​ លោកស្រីធ្វើ​បត្យាប័ន​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឆបោក​។

សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ក្រុមហ៊ុន​ Huawei ថា​បានប្រើ​ក្រុមហ៊ុ​ន​ហុងកុង​មួយ​ដើម្បី​លក់​ឧបករណ៍​ទៅឱ្យ​អ៊ីរ៉ង់​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហ​រដ្ឋអាមេរិក។ ​អាមេរិក​បាន​ចោទប្រកាន់​លោក​ស្រី Meng ថា​បាន​បំភាន់​ធនាគារ​ HSBC​ អំពីការ​ធ្វើអាជីវកម្ម​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។

ឯកសារ​មេធាវី​លោកស្រី ​Meng ​បានស្នើ​ធ្វើជា​ភ័ស្តុតាង​រួមមាន​បណ្តាញ​អ៊ី​មែល​ និង​សៀវភៅ​បញ្ជីរបស់​ក្រុមហ៊ុន​របស់​លោកស្រី៕