
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុប ថ្លែងនាពេលកន្លងមក។ រូបថត AFP
បណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោកត្រូវប្រឈមនឹងរលកថ្មីនៃវិបត្តិកូវីដ ១៩ ដោយបាន និងកំពុងដាក់ចេញនូវការរឹតបន្តឹងថ្មីការពារនូវការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មី បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 ព្រមានថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានគំរាមកំហែងដោយវ៉ារ្យ៉ង់ថ្មី និងវិសមភាពនៃការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G20 រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយថា៖ «ការស្ទុះឡើងនៃសេដ្ឋកិច្ច និងការវិលត្រឡប់ទៅភាពប្រក្រតីវិញ ត្រូវបានកំណត់កម្រិតនៃការប្រឈមនឹងហានិភ័យនៃស្ថានភាពឆ្លងនៅក្នុងបណ្ដាប្រទេសទូទាំងពិភពលោក ជាពិសេសការរីករាលដាលនៃវ៉ារ្យ៉ង់ថ្មី និងការចាក់វ៉ាក់សាំងរៀងៗខ្លួន»។
ប្រធានគណៈកម្មាធិការសហគមន៍អឺរ៉ុបលោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា៖ «វ៉ាក់សាំងប្រហែល ៥០០ លានដូសនឹងត្រូវបានចែកចាយទៅគ្រប់តំបន់ទាំងអស់នៅអឺរ៉ុបក្នុងរយៈពេលដ៏ខ្លីខាងមុខ»។
យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុបសមាមាត្រនៃអ្នកទទួលបានវ៉ាក់សាំងទៅតាមក្រុមមនុស្សពេញវ័យ (មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ) នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅអឺរ៉ុបមានត្រឹមតែ ៤៤,១ ភាគរយប៉ុណ្ណោះ។
ដោយឡែកបើ ក្រឡេកមើលប្រជាជាតិជាច្រើនទូទាំងទ្វីបអាហ្វ្រិក និងអាស៊ីកំពុងប្រឈមនឹងវិបត្តិកង្វះវ៉ាក់សាំងជាច្រើនខែ ក្រោយទទួលបានវ៉ាក់សាំងមួយចំនួនពីកម្មវិធីចែកចាយវ៉ាក់សាំងសកល (COVAX) កន្លងមក។
តួយ៉ាងទ្វីបអាហ្វ្រិក គឺជាតំបន់ងាយរងគ្រោះបំផុតដោយក្នុងចំណោមប្រជាជនចំនួន ១,៣ ពាន់លាននាក់ (ឬស្មើនឹង ១៨ ភាគរយនៃចំនួនប្រជាជនពិភពលោក) ប្រមាណ ២ ភាគរយប៉ុណ្ណោះ នៃចំនួនវ៉ាក់សាំងសម្រាប់ចែកចាយនៅលើពិភពលោកត្រូវបានចែកចាយនៅទ្វីបនេះ ខណៈបណ្តាប្រទេសអាហ្វ្រិក មួយចំនួននៅមិនទាន់ទទួលបានវ៉ាក់សាំង ១ ដូសនៅឡើយ។
ទីប្រឹក្សារបស់អង្គការសុខភាពពិភពលោកកាលពីខែមិថុនា បាននិយាយថា ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៨០ នៅទូទាំងពិភពលោកដែលបានទទួលវ៉ាក់សាំងតាមរយៈកម្មវិធីវ៉ាក់សាំងសកលនេះប្រមាណជា ៤០ ប្រទេស ត្រូវទទួលរងវិបត្តិខ្វះវ៉ាក់សាំង ឬជិតនឹងអស់វ៉ាក់សាំង។
អ្នកជំនាញផ្នែកសុខភាព និងអ្នកដឹកនាំពិភពលោក តែងព្រមានម្តងហើយម្តងទៀតថា ទោះបីប្រទេសអ្នកមានចាក់វ៉ាក់សាំងការពារប្រជាជនរបស់ពួកគេក៏ដោយ ក៏មិនអាចបង្រ្កាបជំងឺរាតត្បាតនេះបានដែរ ប្រសិនបើវីរុសនេះនៅតែរីករាលដាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោក John Nkengasong អ្នកជំនាញខាងរោគសាស្ត្រ និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអា្រហ្វិកបានមានប្រសាសន៍ថា៖ «យើងតែងនិយាយថា យើងរួមគ្នាបញ្ឈប់ជំងឺរាតត្បាតទាំងអស់គ្នា អ៊ីចឹងយើងនៅមិនទាន់ឆ្លងផុតវានៅឡើយទេ ប្រសិនបើបណ្ដាប្រទេសនានានៅប្រឈមនឹងគ្រោះថ្នាក់នៅឡើយ»។
ការធ្លាក់ចុះនៃកម្មវិធីចែកចាយវ៉ាក់សាំងអាចបណ្តាលឱ្យមានវ៉ារ្យ៉ង់ថ្មី ចម្លងដល់មនុស្សដែលចាក់វ៉ាក់សាំងរួចហើយទៀតផង។ បណ្តាប្រទេសដែលគ្មានថវិកាសម្រាប់ទិញវ៉ាក់សាំង ក៏ត្រូវប្រឈមនឹងវិបត្តិកង្វះហិរញ្ញវត្ថុក្នុងការទិញវ៉ាក់សាំងពីទីផ្សារឯកជនដែលមានតម្លៃថ្លៃជាងវ៉ាក់សាំងទូទៅ ហើយប្រសិនបើនៅផលិតមិនទាន់វិញទៀតប្រជាជនដែលងាយរងគ្រោះរួមមានមនុស្សវ័យចំណាស់ និងបុគ្គលិកសុខាភិបាល ក្រោយទទួលបានដូសទី១ ហើយត្រូវរង់ចាំទម្រាំបានវ៉ាក់សាំងដូសទី២ ទៀត។
ជាមួយគ្នានេះ ប្រទេសដែលមានប្រជាជនទទួលបានវ៉ាក់សាំងច្រើនហើយរួមមានចក្រភពអង់គ្លេសជាដើម ក៏បានប្រកាសបន្ថយការរឹតត្បិតក្នុងរយៈពេល ២ សប្តាហ៍ទៀត បង្កជាការព្រួយបារម្ភពីសំណាក់បណ្ដាប្រទេសនានា ក៏ដូចជាអង្គការសុខភាពពិភពលោកផងដែរ។
ទោះយ៉ាងណា សមាគមវេជ្ជសាស្រ្តអង់គ្លេស (BMA) បានសម្តែងការព្រួយបារម្ភអំពីការសម្រេចរបស់ប្រទេសនេះថា រដ្ឋាភិបាលគួរតែបន្តវិធានការប្រឆាំងនឹងមេរោគឆ្លងដែលអាចទទួលយកបាន ហើយចាត់វិធានការតាមទិន្នន័យឆ្លង មិនមែនតាមកាលបរិច្ឆេទទេនៅពេលធ្វើការសម្រេចចិត្តលើការការពារអាយុជីវិតប្រជាជន។
អង្គការសុខភាពពិភពលោក (WHO) បានព្រមានរដ្ឋាភិបាលនានាជុំវិញពិភពលោកកុំឱ្យបន្ធូរបន្ថយការរឹតបន្តឹងឆាប់ៗពេក ដោយនិយាយថា ប្រទេសដែលប្រថុយប្រថាននឹងរឿងនេះ នឹងត្រូវទទួលនូវបញ្ហាប្រឈមទៅតាមសកម្មភាពរបស់ខ្លួន៕