ប្រទេស​កាណាដា​ បាន​ប្រកាស​ពី​វិធានការ​ថ្មីៗ​ ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ​ ក្រោយ​ពី​មាន​ការ​កើន​ឡើង​កម្តៅ​ខ្លាំង​កាល​ពី​ខែ​មុន​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​កើត​ឡើង​ជាច្រើន​នៅ​តំបន់​ភាគ​ខាង​លិច​របស់​ប្រទេស។

កាល​ពី​ថ្ងៃ​អាទិត្យ ​នាយកដ្ឋាន​​ដឹកជញ្ជូន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រៀបរាប់​ថា​ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវដែក​នឹង​ត្រូវ​កាត់​បន្ថយ​ល្បឿន​រថភ្លើង​ នៅ​ពេល​សីតុណ្ហភាព​​ឡើង​ដល់ ​៣០ អង្សាសេ​ ហើយ​អ្នក​ត្រួត​ពិនិត្យ​រថភ្លើង​ត្រូវ​ធានា​ថា ​រថភ្លើង​មិន​មាន​ផ្ទុក​វត្ថុធាតុ​ដើម​ដែល​អាច​ឆេះ​បាន​។

អ្នក​ត្រួត​ពិនិត្យ​នឹង​ត្រូវ​តម្រូវ​ឱ្យ​​ចុះផ្សាយ​ និង​រាយការណ៍​អំពី​អគ្គិភ័យ​ដែល​មាន​នៅ​តាម​បណ្តោយ​ផ្លូវ​​របស់​ពួក​គេ​ផង​ដែរ។​ វិធានការ​នេះ​​បាន​ចូល​ជា​ធរមាន​នៅ​ពាក់​កណ្តាល​​អធ្រាត្រ​ថ្ងៃទី​ ១១​ កក្កដា។

តាមការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera ​រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន ​លោក​ Omar Alghabra ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ស្ថានភាព​អាកាសធាតុ​បែប​នេះ គឺ​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ​ ហើយ​ស្ថានភាព​​អាកាសធាតុ​នេះ​បន្ត​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រតិបត្តិការ​សុវត្ថិភាព​សាធារណៈ​ និង​ផ្លូវ​ដែក។

លោក Alghabra ​បាន​បន្ត​ថា​ រដ្ឋាភិបាល​ប្រទេស​កាណាដា​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ ហើយ​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​សកម្មភាព​ចាំបាច់ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ទាំង​នេះ​​​ ចំពោះ​សុវត្ថិភាព​សាធារណៈ​នៃ​ផ្លូវ​ដែក​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឡើយ។​

ក្រុម​អ្នក​ជំនាញ​បាន​ចង្អុល​បង្ហាញ​​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​ជា​កត្តា​មួយ​ ដែល​បាន​ធ្វើ​ឱ្យ​អាកាសធាតុ​កាន់​តែ​អាក្រក់​ឡើង​​ដែល​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​​ព្រៃ​រលក​កម្តៅ​ និង​ព្យុះ​ត្រូពិក។

នាយក​គ្រប់គ្រង​ផ្នែក​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​កាណាដា ​លោក​ Brian Wiens ដែល​ជា​ក្រុម​ស្រាវជ្រាវ​បាន​និយាយ​ថា​ កម្តៅ​នា​ពេល​ថ្មីៗ​នេះ នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស​កាណាដា​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​រលក​កម្តៅ​ដែល​មាន​លក្ខណៈ​ខ្យល់​ក្តៅ​ស្ងួត​​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ធំ​ និង​ធ្វើ​ឱ្យ​សីតុណ្ហភាព​ឡើង​ខ្ពស់​។

លោក Wiens​ បាន​និយាយ​ថា រលក​កម្តៅ​បាន​ធ្វើ​ឱ្យ​មិន​មាន​​ទឹក​ភ្លៀង​មាន​សីតុណ្ហភាព​ខ្ពស់​មាន​សំណើម​ទាប​នៅ​លើ​ផែនដី​។

គួរ​បញ្ចាក់​ផង​ដែរ​ថា ប្រទេស​កាណាដា ​កាល​ពី​ខែ​មុន​បាន​បំបែក​កំណត់ត្រា កម្តៅ​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​រយៈពេល ៣ ថ្ងៃ ជាប់​គ្នា​​អាកាសធាតុ​មាន​កម្តៅ​រហូត​ដល់ ​៤៩,៦​ អង្សាសេ ក្នុង​ទីក្រុង​ Lytton ខេត្ត​ British​ Columbia​។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ សត្វ​សមុទ្រ​ជាង​ ១ ពាន់​លាន​ក្បាល​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​កាណាដា​ ទំនង​ជា​បាន​ងាប់​ដោយសារ​ការ​កើន​ឡើង​កម្តៅ​ផែន​ដី​កាល​ពី​សប្តាហ៍​មុន។ រលក​កម្តៅ​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា ​បាន​សម្លាប់​មនុស្ស​អស់ ​៥០០ នាក់ ​នៅ​ក្នុង​រដ្ឋ British Columbia ហើយ​អ្នក​ជំនាញ​បារម្ភ​ពី​ការ​ជះ​ឥទ្ធិពល​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​សត្វ​សមុទ្រ​ផង​ដែរ៕