កាលពីថ្ងៃ​អាទិត្យ ​ទី ​១១ កក្កដា ​ប្រជាជន​គុយបា​រាប់ពាន់នាក់ បានធ្វើ​ដំណើរ​តាមដង​ផ្លូវធ្វើការ​តវ៉ាប្រឆាំង​នឹង​រដ្ឋាភិបាល។

ការតវ៉ា​នៅ​ទី​ក្រុង​ San Antoniodelos Banos​ ដែលជាទី​ប្រជុំជន​មួយមាន​ប្រជាជន​ប្រមាណ ​៥០ ០០០ នាក់ នៅ​ភាគ​និរតី​នៃ​ទីក្រុង Havana ភាគច្រើន​យុវជន​បានស្រែក​ជេរ​ប្រមាថ​ប្រឆាំងនឹង​ប្រធានាធិបតី​គុយបា​ លោក ​Miguel Diaz-Canel។

ការធ្វើ​បាតុកម្មនេះ ​បានកើត​ឡើងនៅ​ពេលដែល​ប្រទេសគុយបា​កំពុង​ជួបប្រទះ​វិបត្តិកូវីដ ១៩ ធ្ងន់ធ្ងរ​។ ​ប្រជាជនគុយបា​ចាប់ផ្តើម​ខឹង​សម្បា​នឹង​ស្ថានភាព​កូវីដ ១៩ បច្ចុប្បន្ន​ បន្ទាប់ពី​មានការ​ខ្វះស្បៀងអាហារ​ និងការខ្វះខាត​ថ្នាំចាប់​តាំងពី​មានការ​ចាប់ផ្តើម​នៃ​ការរីករាលដាល​កូវីដ ១៩​។

ប្រទេសគុយបា​ ចាប់ផ្តើម​មាន​ករណីវិជ្ជ​មាន​កូវីដ ១៩ កាន់តែ​ច្រើន​ឡើងរយៈ​ពេលថ្មីៗ​នេះ​ដោយក​រណី​ប្រចាំ​ថ្ងៃចំនួន ​៦​ ៩២៣ ​ត្រូវបាន​គេ​រាយការណ៍​កាលពីថ្ងៃទី​ ១១​ កក្កដា ​រួមជា​មួយអ្នក​ស្លាប់​បន្ថែម​ចំនួន ៤៧ ​នាក់៕