នេះ​មិនមែន​ជា​លើក​ទី១​ ទេ ដែល​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ ដែល​ចង់​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក​ ជាក់​ស្ដែង​ដូច​ករណី​ថ្មីៗ​លើ​ក្រុមហ៊ុន​ DiDi ដែល​វិធាន​ទាំង​នេះ​ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អនាគត​នៃ​ការ​​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​ចិន​នៅ​អាមេរិក​ និង​ភាគហ៊ុន​ចិន​ជា​ទូទៅ។​

រយៈពេល​តែ ២ ថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ញូវយ៉ក​បាន​ព្រមព្រៀង​ឱ្យ​ក្រុមហ៊ុន​នេះ​ ចុះ​បញ្ជី​ជា​សាធារណៈ​ ការិយាល័យ​ត្រួត​ពិនិត្យ​សន្តិសុខ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ជា​អង្គភាព​ឃ្លាំមើល​មួយ​នៃ​រដ្ឋបាល Cyberspace ចិន (CAC) បាន​​បញ្ជា​ឱ្យ​ក្រុមហ៊ុន​នេះ ​បញ្ឈប់​ការ​ចុះ​ឈ្មោះ​អ្នក​ប្រើប្រាស់​ថ្មី​ ជា​បន្ទាន់។ ៤ ថ្ងៃ ​បន្ទាប់​ពី​ការ​ចុះ​បញ្ជី​អង្គភាព​ដដែល​នេះ​ ក៏​បាន​បញ្ជា​ឱ្យ​បិទ​ការ​ទាញ​យក​កម្មវិធី Didi ជា​បណ្ដោះ​អាសន្ន​ដោយសារ​អង្គភាព​នេះ​ បាន​រក​ឃើញ​អំពី​បទល្មើស​ប្រមូល ​និង​ប្រើ​ទិន្នន័យ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន។

ក្រោយ​មក​គេ​សង្កេត​ឃើញ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ ​ធ្លាក់​ចុះ​ជា​លំដាប់​ពោល​ គឺ​ធ្លាក់​ចុះ​ ៥ ភាគរយ​ នៅ​ថ្ងៃ​សុក្រ ទី ២ ​ខែ​កក្កដា​ និង​ធ្លាក់​ចុះ ២៥ ​ភាគរយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ ទី ៦​ ខែ​កក្កដា និង​ ៤,៦ ភាគរយ ​នៅ​ថ្ងៃ​ពុធ​ ទី ៧ ខែ​កក្កដា។ នេះ​បើ​តាម​​ឱ្យ​ដឹង​ពី​អត្ថបទ​ចេញ​ពី​វេបសាយ​ទីផ្សារ​ហិរញ្ញវត្ថុ​ Seeking Alpha។

ទោះយ៉ាងណា​រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា ​សកម្មភាព​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​ក្រុមហ៊ុន​បាន​រំលោភ​ច្បាប់​ស្តីពី​ការ​ប្រមូល​ និង​ការ​ប្រើប្រាស់​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់ ​ទោះបី​ជា​សកម្មភាព​នេះ​ ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វិនិយោគិន​អាមេរិក​ក៏​ដោយ​។

ទីផ្សារ​បច្ចេកវិទ្យា​កាន់​តែ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ក្រោយ​​ក្រុម​ប្រឹក្សា​រដ្ឋ​របស់​ប្រទេស​ចិន ​បាន​ប្រកាស​ថា ខ្លួន​នឹង​ពិនិត្យ​មើល​​លើ «ការ​ទទួល​ខុស​ត្រូវ​ខាង​ព័ត៌មានវិទ្យា» របស់​ក្រុមហ៊ុន​ ដែល​ចុះ​បញ្ជី​នៅ​ក្រៅ​ប្រទេស ហើយ​ខ្លួន​កំពុង​បង្កើត «ប្រព័ន្ធ​នៃ​ការ​អនុវត្ត​កម្មវិធី​សិក្សា​បន្ថែម​នៃ​ច្បាប់​ទីផ្សារ​មូលធន​របស់​ប្រទេស​ចិន​» ថែម​ទៀត​ផង។

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​របស់​ចិន​គ្រប់គ្រង​ទិន្ន័យ​ឯកជន​អ្នក​ប្រើប្រាស់​ស្ទើ​គ្រប់​ផ្នែក​ពោល​ពី​ទម្លាប់​នៃ​ការ​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​រហូត​ដល់​ការ​បង់​ប្រាក់​បាន​ផ្ដល់​ភាព​មិន​ងាយ​ស្រួល​ដល់​រដ្ឋាភិបាល​ចិន​ ជាពិសេស​ លោក ស៊ី ជីនភីង​។ ការ​ព្រួយបារម្ភ​មួយ​ផ្នែក​គឺ​ថា ​តើ​ទិន្នន័យ​សំខាន់ៗ​អាច​លេច​ធ្លាយ​​ហួស​ព្រំដែន​ប្រទេស​ដែរ ​ឬ​យ៉ាង​ណា?

យ៉ាងណា​មិញ ​វេបសាយ​ដដែល​នេះ​ បាន​ឱ្យ​ដឹង​ដែរ​ថា វា​ជា​រឿង​ធម្មតា​ហើយ​នៅ​ពេល​អាជ្ញាធរ​ក្នុង​ស្រុក​ព្រួយ​បារម្ភ​ពី​ទិន្នន័យ​សន្តិសុខ​ជាតិ​ និង​ការ​ការពារ​ទិន្នន័យ​ឯកជន​ និង​គោលន​យោបាយ​ប្រកួត​ប្រជែង​រវាង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ។ សកម្មភាព​​របស់​ចិន​ ហាក់​ដូចជា​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​អាមេរិក​ ដែល​បាន​អនុម័ត​កាល​ពី​ខែ​ធ្នូ​ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចិន​ចុះ​បញ្ជី​ជាមួយ​សហរដ្ឋ​អាមេរិក​ឱ្យ​មាន​ការ​ធ្វើ​សវនកម្ម​ពី​សំណាក់​ក្រុមហ៊ុន​​សវនកម្ម​អាមេរិក​។

ដោយ​ឡែក​ ក្រុម​អ្នកវិភាគ​ក៏​បាន​និយាយ​ថា ក្រៅ​ពី​ក្ដី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​ប្រើប្រាស់​នៅ​​​មាន​កត្តា​ស៊ី​ជម្រៅ​ផ្សេង​ទៀត​នៅ​​ពី​ក្រោយ​វិធានការ​ទាំង​នេះ​។

«គ្មាន​អ្វី​ដែល​គណបក្ស​កុម្មុយនីស្ត​ស្អប់​ជាង​ពេល​ ដែល​ស្ថានភាព​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​នោះ​ទេ​»។លោក ​Kendra Schaefer ទីប្រឹក្សា​ត្រីសិល្ប៍វិទ្យា​ចិន (Trivium China) (សំដៅ​លើ​គណបក្ស​កុម្មុយនីស្ត​ចិន​កំពុង​កាន់​អំណាច) បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ។

គោល​បំណង​របស់​គណបក្ស​នេះ​ហាក់​ដូចជា​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​មួយ​ ហើយ​លទ្ធផល​ដែល​អាច​ទៅ​រួច​នោះ​ គឺ​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​តាម​ប្រព័ន្ធអ៊ីនធឺណិត ​អាច​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ដាក់​ហ្វ្រាំង​លើ​ការ​ចុះ​បញ្ជី​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ខ្លះ​។

បើទោះ​ជា​ទីក្រុង​ប៉េកាំង ​បាន​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ឱ្យ​ចុះ​បញ្ជី​ជា​សកល​ ប៉ុន្តែ​ការ​ប្រញាប់ប្រញាល់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ចុះ​បញ្ជី​នៅ​បរទេស​ទំនងជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​និយតករ​នៅ​ចិន។

លោក Schaefer បាន​ប្រាប់​សារព័ត៌​មាន​ AFP ថា៖ «ការ​ចុះ​បញ្ជី​នៅ​បរទេស​ទាំង​នេះ​ កំពុង​កើត​ឡើង​ដោយ​គ្មាន​បទប្បញ្ញត្តិ​គ្រប់គ្រាន់។ ​វាគួរ​តែ​មាន​និយតករ​ចិន​យ៉ាង​ហោច​ម្នាក់ ​ដើម្បី​ត្រួត​ពិនិត្យ​»។​

វេបសាយ​ដដែល​បាន​​បន្ត​ថា ​សកម្មភាព​ដដែល​នេះ ក៏​អាច​ជា​ប្រតិកម្ម​ពី​ប្រទេស​ចិន​ ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ចុះ​បញ្ជី​នៃ​ក្រុមហ៊ុន​ចិន​នៅ​អាមេរិក ​ដែល​មាន​​​​មូលធននីយកម្ម​ទីផ្សារ​កើន​ឡើង​ជាង​ ២៤ ពាន់​លាន​ដុល្លារ​ ​​ក្នុង​រយៈពេល​ ១៨ ខែ ​ង​ក្រោយ​នេះ​ រួម​ទាំង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ ដែល​ស្មើ​ប្រមាណ ១២,៤ ​ពាន់​លាន​ដុល្លារ​ នៅ​​ឆមាស​ទី១​ នៃ​ឆ្នាំ ​២០២១​ ផង​ដែរ​។

ការ​ប្រកាស​ដែល​ថា ​ចិន​មាន​គោល​បំណង​រឹត​បន្តឹង​ការ​រឹតត្បិត​​លើ​ការ​ចុះ​បញ្ជី​នៅ​បរទេស​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភព​លោក​ជាពិសេស​ទីក្រុង​ញូវយ៉ក​ ដែល​មាន​ក្រុមហ៊ុន​ចិន​ជិត​ ២៥០ ក្រុមហ៊ុន​ និង​មាន​​មូលធន​នីយកម្ម​ទីផ្សារ​ជាង​ ២ ទ្រីលាន​ដុល្លារ​ ដែល​បាន​ចុះ​បញ្ជី​។

ក្រៅ​ពី​នេះ​អាជ្ញាធរ​ក៏​បាន​ខិតខំ​​ប្រឹងប្រែង​ទប់ស្កាត់​ភាព​ផ្តាច់​មុខ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ក្នុង​នោះ​ក៏​មាន​ការ​​បង្ក្រាប​លើ​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា Tencent ដែល​​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី​រដ្ឋាភិបាល​ក្នុង​​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ផងដែរ​៕