លោកស្រី អ៊ុង​សាន ស៊ូជី​ ប្រឈមមុខ​នឹង​ការចោទ​ប្រកាន់​ពី​បទព្រហ្មទណ្ឌ​ចំនួន​ ៤ បន្ថែមទៀត ​ដែលត្រូវ​បានដាក់​បញ្ចូន​ទៅតុលាការ​ក្នុងទី​ក្រុង​ម៉ាន់ដាឡាយ​ (Mandalay​) ប្រទេស​មីយ៉ាន់ម៉ា​។

ក្រុមមេធាវី​របស់​លោកស្រី​ អ៊ុង​សាន ស៊ូជី​ មាន​ព័ត៌មាន​តិចតួច​អំពីការ​ចោទប្រកាន់​ចុងក្រោយ​លើកលែង​តែថា ​ការចោទ​ប្រកាន់ទាំងនោះ​ពាក់ព័ន្ធ​នឹងអំពើ​ពុក​រលួយ។

គួរ​បញ្ជាក់ផង​ដែរ​ថា លោកស្រី​ត្រូវបាន​ក្រុម​យោធា​ដណ្តើម​អំណាច​ដោយការ​ធ្វើរដ្ឋ​ប្រហារ​ថ្ងៃទី ១ ខែកុម្ភៈ​ និងត្រូវ​បាន​កាត់ទោស​ពី​បទចោទ​ប្រកាន់​ដែលរួម​មានការ​នាំចូល​ខុសច្បាប់ ​និង​ការកាន់កាប់​វិទ្យុ​ទាក់ទង​ ​(Walkie-Talkie) និង​ការ​រំលោភ​បំពានលើ​គោលការណ៍​ការពារ​កូវីដ ១៩ ​ដែលស្ថិត​នៅក្រោមច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

លោកស្រីក៏ត្រូវ​បានគេចោទ​ប្រកាន់​នៅ​ក្នុងតុលាការ​ក្រុង​យ៉ាំងហ្គោន ​(Yangon ) ផងដែរ​ ដោយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ទម្លាយ​ព័ត៌មាន​សម្ងាត់មួយ​ដែលត្រូវ​ផ្តន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​រយៈពេល​អតិបរមា​ ១៤ ឆ្នាំ។ ប៉ុន្តែក្រុម​មេធាវីរបស់​លោកស្រី​បដិសេធ​រាល់ការ​ចោទ​ប្រកាន់​ទាំងនោះ​៕