ការ​កើន​ឡើង​នូវ​ករណី​កូវីដ ១៩ បំប្លែង​ថ្មី​ប្រភេទ Alpha ​និង Delta ​នៅ​ទីក្រុង​បាងកក និង​ព្រំដែន​ខាង​ត្បូង​នៅ​ជិត​ប្រទេស​ម៉ាឡេស៊ី​ បាន​បង្កើន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​អាជីវកម្ម​ទេសចរណ៍។

អាជីវកម្ម​ទេសចរណ៍​ទាំង​នោះ ​ភ័យ​ខ្លាច​វីរុស​បំប្លែង​ថ្មី​នេះ ​អាច​នឹង​ចម្លង​ចូល​​កោះ​ទេសចរណ៍​រួមមាន​កោះ​ភូកេត (Koh Phuket) ​និង​កោះ​សាមុយ (​Koh Samui) បន្ទាប់​ពី​មាន​ការ​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើង​វិញ​នៅ​តំបន់​កោះ​ទាំង​នោះ​។​

កោះ​ភូកេត​ បាន​បើក​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ​ កាល​ពី​ថ្ងៃទី ១ ​កក្កដា ហើយ​ភ្ញៀវ​ទេសចរ​ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ប្រហែល​ចំនួន​ ៤​ ០០០ នាក់​ បាន​ធ្វើ​ដំណើរ​មក​កោះ​នេះ ​ដែល​ចំនួន​នេះ​ប្រហែល​នឹង​ ៥ ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​ មុន​ពេល​មាន​រោគ​រាតត្បាត​ផ្ទុះ​ឡើង​ កាល​ពី​ដើម​ឆ្នាំ​ ២០២០​។

ទោះ​យ៉ាងណា ​បច្ចុប្បន្ន​ទីក្រុង​បាងកក​ កំពុង​ស្ថិត​ក្នុង​ការ​រឹត​ត្បិត​ដោយសារ​ចំនួន​ករណី​វិជ្ជមាន​កូវីដ ១៩​ កើន​ឡើង​ច្រើន​ដែល​បណ្តាល​ឱ្យ​មន្ទីរពេទ្យ​ខ្វះ​គ្រែ​សម្រាប់​ដាក់​ព្យាបាល​អ្នក​ជំងឺ​។ អាជ្ញាធរ​ក្រុង​បាងកក ​បាន​ដាក់​បម្រាម​គោចរ​ ដោយ​បិទ​ភោជនីយដ្ឋាន និង​ស្ប៉ា និង​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។

ការ​ផ្ទុះ​ឡើង​វិញ​នៃ​ករណី​កូវីដ ១៩ នៅ​ប្រទេស​ថៃ​នេះ​ គឺ​ជា​ពេលវេលា​មិន​សម​​ស្រប​សម្រាប់​បើក​ដំណើរ​ការ​កោះ​ភូកេត​ឡើង​វិញ ទោះបី​កោះ​នេះ​មាន​អត្រា​ឆ្លង​ទាប និង​មាន​អ្នក​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ប្រមាណ ៤២០ ០០០ ​នាក់ ​ដែល​ចំនួន​នេះ​ ជិត ៧០ ភាគរយ ​នៃ​ប្រជាជន​នៅ​លើ​កោះ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បើក​ដំណើរការ​កោះ​ភូកេត​ឡើង​វិញ​នេះ​ នឹង​ក្លាយ​ជា​គំរូ​សម្រាប់​ខេត្ត​ផ្សេងៗ​​ទៀត​ដែល​មាន​ន័យ​ថា​ ខេត្ត​នីមួយៗ​ត្រូវ​តែ​មាន​វ៉ាក់សាំង ​និង​ធានា​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ​ចំនួន ​៧០ ​ភាគរយ ​នៃ​ប្រជាជន​សរុប​នៅក្នុង​តំបន់​នោះ និង​បុគ្គលិក​ដែល​ធ្វើ​ការ​​ក្នុង​វិស័យ​ទេសចរណ៍​ ត្រូវ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ទាំង​អស់​គ្នា​។

ទោះ​ជា​យ៉ាង​ណា​ កោះ​ភូកេត​អាច​នឹង​បិទ​វិញ​បើ​សិន​ជា​មាន​អ្នក​វិជ្ជមាន​កូវីដ ១៩​ ចំនួន​ ៩០ ករណី ក្នុង​រយៈពេល​ ១ សប្តាហ៍។ បន្ថែម​ពី​ការ​បើក​កោះ​ភូកេត កោះ​ចំនួន ៣ ​បន្ថែម​នឹង​បើក​​ដំណើរការ​ឡើង​វិញ​ នៅ​ថ្ងៃទី ១៥ កក្កដា ​ដោយ​យក​គំរូ​តាម​កោះ​ភូកេត​ដែល​កោះ​ទាំង ៣ នោះ​រួម​មាន​ កោះ​សាមុយ​ កោះផែង ​(Koh Phangan) និង​កោះតាវ​ (Koh Tao)។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​មិថុនា​ ​លោក​នាយក​រដ្ឋមន្រ្តី ​ប្រាយុធ ចាន-អូចា​ បាន​និយាយ​ថា លោក​ប្តេជ្ញា​នឹង​បើក​ប្រទេស​ឡើង​វិញ​នៅ​ពាក់​កណ្តាល​ខែ​តុលា ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ឡើង​វិញ​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​​ The Diplomat នៅ​ថ្ងៃ​បើក​ដំណើរការ​កោះ​ភូកេត​ឡើង​វិញ លោក Prayut ​បាន​និយាយ​ថា បន្ទាប់​ពី​បើក​ដំណើរការ​​តំបន់​ទេសចរណ៍​កោះ​ឡើង​វិញ រដ្ឋាភិបាល​បាន​ដឹង​ពី​កម្រិត​ហានិភ័យ​ដែល​អាច​មាន។ ប៉ុន្តែ​យើង​ត្រូវ​ទទួល​យក​ហានិភ័យ​នេះ​ ដូច្នេះ​ប្រជាជន​ថៃ ​អាច​បើក​ដំណើរ​ការ​រក​ស៊ី​បាន​។

ប្រទេស​ថៃ​ អាច​គ្រប់គ្រង​ស្ថានភាព​កូវីដ ១៩ បាន​ជោគជ័យ​នៅ​ឆ្នាំ​ដំបូង​នៅពេល​ដែល​មាន​រោគ​រាតត្បាត​នេះ​កើត​ឡើង ប៉ុន្តែ​វា​បាន​បំផ្លាញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​ ហើយ​​​វិស័យ​នេះ ធ្លាប់​តែ​បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​ថៃ​រាប់​លាន​នាក់​ឯណោះ​​ និង​រួម​ចំណែក​ប្រមាណ ២០ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ថៃ។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រ៉យទ័រ​ ប្រទេស​ថៃ​ បាន​ខាតបង់​​ថវិកា​ប្រមាណ ​៥០ ពាន់​លាន​ដុល្លារ​នៅ​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​។ យ៉ាងណា​មិញ​ កោះ​ភូកេត​ គឺ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​នេះ ​ដោយ​ប្រហែល ៩៥ ភាគរយ​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​លើ​កោះ​នេះ ​ផ្តោត​លើ​វិស័យ​ទេសចរណ៍​ទាំង​ស្រុង៕