រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានធ្វើបច្ចុប្បន្នភាពលើ​ស្លាកព្រមាន​ និង​សេចក្ដី​ណែនាំ​ប្រើប្រាស់​លើ​កញ្ចប់​វ៉ាក់សាំង​ Johnson & Johnson (J&J) ដោយ​បញ្ចូល​ព័ត៌មានអំពី​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ប្រសាទ​ដ៏​កម្រមួ​យ​ ដែលមានឈ្មោះថា Guillain-Barre Syndrome (GBS)​។

យោងតាមការវិភាគពី​សហព័ន្ធ​ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំងមន្រ្តី​ទាំង​នេះ​ បាន​កំណត់​របាយ​ការណ៍​បឋម​អំពី​ករណី GBS ចំនួន ១០០ ករណី ​ក្នុង​ចំណោម​វ៉ាក់សាំង​​ចំនួន ១២,៥ លានដូស​ ដែល​បាន​ចែក​ចាយ​។ ក្នុងចំណោមរបាយការណ៍ទាំងនេះ ករណី​ប្រមាណ​ ៩៥ ករណី​ មាន​សភា​ពធ្ងន់ធ្ងរ​ និង​តម្រូវ​ឱ្យ​មាន​ការ​​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​និង​មាន​ករណី​​ស្លាប់ ១ ករណី​។

គួរបញ្ជាក់ផងដែរថា ករណី GBS គឺជា​ជំងឺសរសៃប្រសាទម្យ៉ាង​ ដែលធ្វើ​ឱ្យ​ប្រព័ន្ធភាពស៊ាំរបស់រា​ង​កាយ​បំផ្លាញ​​ដល់កោសិកាសរសៃប្រសាទធ្វើឱ្យ​សាច់ដុំចុះខ្សោយ ឬក្នុងករណីធ្ងន់ធ្ងរបំផុត គឺខ្វិន។ វា​អាច​កើត​លើ​​មនុស្សប្រមាណពី ៣ ០០០ ទៅ ៦ ០០០ នាក់ ​ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ប៉ុន្តែ​ភាគច្រើន​ជា​សះស្បើយ​​វិញ៕