
វ៉ាក់សាំង Sinovac, AstraZeneca និងវ៉ាក់សាំង Pfizer។ រូបថត AFP
រដ្ឋាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ ១៩ លាយគ្នា ដោយចាក់វ៉ាក់សាំងចិន Sinovac ជាដូសទី១ និងវ៉ាក់សាំង AstraZeneca ឬ Pfizer ជាដូសទី២ ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ៉្យង់ថ្មី បើទោះជាអង្គការសុខភាពពិភពលោក WHO ព្រមានពីគ្រោះថ្នាក់នៃការលាយវ៉ាក់ សាំងក្ដី។
វិធាននៃការលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងលោកខាងលិចនេះ គឺជាលទ្ធផលថ្មីបានមកពីការសិក្សាបឋមរបស់ថៃ ដែលសិក្សាអំពីការលាយវ៉ាក់សាំង ដើម្បីការពារក្នុងរយៈពេលយូរនៃវ៉ាក់សាំងSinovac។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានថា៖ «ការ ធ្វើដូចនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំក្នុងរាងកាយ ដើម្បីប្រឆាំងនឹងវ៉ារ៉្យង់ថ្មីនេះ។ ហើយគន្លាតនៃការចាក់វ៉ាក់សាំង AstraZeneca ដែលនឹងត្រូវចាក់នៅដូសទី២ គឺមានរយៈពេលពី ៣ ទៅ ៤ សប្ដាហ៍ ពីវ៉ាក់សាំង Sinovac»។
យ៉ាងណាមិញ មិនមានការសិក្សាជាក់លាក់ណាមួយស្តីពីការលាយវ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំង AstraZeneca នោះទេ ប៉ុន្តែប្រទេសមួយចំនួនកំពុងក្រឡេកមកមើលលទ្ធភាពនៃការលាយវ៉ាក់សាំងបញ្ចូលគ្នារវាងវ៉ាក់សាំងផ្សេងៗគ្នា ឬចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទប់ទល់នឹងក្ដីបារម្ភរបស់វ៉ារ្យ៉ង់ថ្មី និងចំនួនឆ្លង ដែលបានកើនឡើងជាលំដាប់។
ការប្រកាសនេះធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាសថា ចាប់តាំងពីខែមេសា ដល់ខែកក្កដា បុគ្គលិកសុខាភិបាលចំនួន ៦១៨ នាក់ក្នុងចំណោមបុគ្គលិក សរុបចំនួន ៦៧៧ ៣៤៨ នាក់ ដែលទទួលវ៉ាក់សាំង Sinovac ចំនួន ២ ដូស នៅតែឆ្លងកូវីដ ១៩ ក្នុងនោះមានគិលានុបដ្ឋាយិកាម្នាក់បានស្លាប់ថ្មីៗនេះ។
ដូចគ្នានេះដែរ ប្រទេសជិតខាងដូច ឥណ្ឌូនេស៊ីក៏ បានរាយការណ៍ ពីការឆ្លងក្នុងចំណោម កម្មករពេទ្យនិងមន្ត្រីជួរមុខ ដែលបានទទួលការចាក់វ៉ាក់សាំង Sinovac ទាំង ២ ដូសផងដែរ។ ក្រោយពេលប្រទេសថៃ គ្រោងនឹងចាក់វ៉ាក់សាំងការពារដូសទី៣ ដល់បុគ្គលិកជួរមុខរបស់ខ្លួន ហើយប្រទេសឥណ្ឌូនេស៊ី ក៏កំពុងពិចារណាលើជំហានស្រដៀងគ្នាដែរ។
ការសិក្សាបឋមរបស់ថៃលើបុគ្គលិកពេទ្យ ៧០០ នាក់ ចេញកាលពីថ្ងៃចន្ទ បានបង្ហាញថា អត្រាការពាររបស់វ៉ាក់សាំង Sinovac បានផលិតកម្រិតអង្គបដិបក្ខប្រាណចន្លោះពី ៦០ ទៅ ៧០ ភាគរយសម្រាប់ ៦០ ថ្ងៃដំបូង បន្ទាប់ពីការចាក់លើកទី២ ប៉ុន្តែអត្រានេះ បានថយចុះ ជា លំដាប់ ហើយហាក់ដូចជាថយចុះវិញ រៀងរាល់ ៤០ ថ្ងៃម្ដង។
អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បាននិយាយថា៖ «បើយោងតាមការស្រាវជ្រាវរបស់យើង ប្រសិនបើបុគ្គលិកពេទ្យរបស់យើងបានទទួលវ៉ាក់សាំងSinovac ចំនួន ២ ដូស ពួកគេគួរតែចាក់វ៉ាក់សាំងដូសទី៣ ទៀត ពោលគឺចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer បាន»។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវនេះ នៅមិនទាន់បានបង្ហាញទិន្នន័យការសិក្សាពេញលេញ របស់ពួកគេនៅឡើយទេ។ ដោយឡែក អ្នកតំណាងក្រុមហ៊ុន AstraZeneca បានបដិសេធ មិនធ្វើអត្ថាធិប្បាយ ដោយអះអាងថា គោលនយោបាយនៃការចាក់វ៉ាក់សាំង គឺជាបញ្ហា សម្រេចចិត្តរបស់ប្រទេសនីមួយៗ។ឯក្រុមហ៊ុន Sinovac ក៏មិនបានឆ្លើយតបនឹងសំណើសុំការ អត្ថាធិប្បាយដូចគ្នា។
ខណៈពេល ដែលការសិក្សាជាច្រើនបង្ហាញថា វ៉ាក់សាំងកូវីដ១៩មានប្រសិទ្ធភាពប្រឆាំងនឹង វ៉ារ្យ៉ង់«ដែលតា» (Delta) ថ្មីអង្គការ WHO និយាយថា ព្រមានពីការចាក់វ៉ាក់សាំងលាយគ្នាថាជា «និន្នាការគ្រោះថ្នាក់»ពីព្រោះមានទិន្នន័យតិចតួច ដែលបង្ហាញអំពីប្រសិទ្ធភាពនៃការលាយវ៉ាក់សាំងនេះ។
លោកស្រី Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានថ្លែងប្រាប់សន្និសីទកាសែតតាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃចន្ទថា៖ «ការធ្វើដូចនេះ គឺជានិន្នាការគ្រោះថ្នាក់បន្តិច ដោយសារយើងនៅមិនទាន់មានទិន្នន័យច្បាស់អំពីប្រសិទ្ធ ភាពនៃការលាយវ៉ាក់សាំង
នៅឡើយ»។
«វានឹងក្លាយជាស្ថានភាពវឹកវរនៅក្នុងប្រទេសនានាលើពិភពលោក ប្រសិនបើប្រទេសនីមួយៗចាប់ផ្តើមសម្រេចចិត្តថា តើពេលណា និងនរណា នឹងប្រើវ៉ាក់សាំងដូសទី២ ទី៣ និងទី៤»។
ទោះយ៉ាងណាក្ដី នៅកាណាដា អ្នកវិទ្យាសាស្ត្រភាគច្រើនមានសុទិដ្ឋិនិយមខ្លាំងចំពោះការលាយវ៉ាក់សាំងនេះ។ កាលខែ មិថុនា កន្លងទៅ គណៈកម្មាធិការប្រឹក្សាជាតិ ស្តីពីការចាក់ ថ្នាំបង្ការរោគ (NACI) បាននិយាយថា អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca ដូសទី១ គួរតែទទួលវ៉ាក់សាំង Pfizer-BioNTech ឬ Modernaនៅដូសទី២។ អ្នកវិទ្យាសាស្ត្រអះអាងថា ការលាយគ្នានេះ មានសុវត្ថិភាពនិងប្រសិទ្ធភាពនៅក្នុងសេណារីយោភាគច្រើន៕