បុរសជនជាតិ​ចិនម្នាក់​បានជួប​ជា​មួយកូន​ប្រុស​ដែលត្រូវ​បានគេ​ចាប់​ពង្រត់ បន្ទាប់ពី​ការស្វែង​រកអស់រយៈ​ពេល​ជាង​ ២៤ ​ឆ្នាំ។

កូនប្រុស​របស់​លោក ​Guo Gangtang ​មានអាយុ​ទើបតែ ​២ ឆ្នាំ ​៥ ​ខែ​ប៉ុណ្ណោះ ​នៅពេល​ដែល​ក្មេង​ប្រុស​នេះ​ ត្រូវគេ​ចាប់ពង្រត់​ពី​មុខផ្ទះ​ខ្លួន​នៅ​ខេត្ត​ Shandong ​ភាគ​ខាងកើត។​

កាលពីថ្ងៃទី​ ១៣​ កក្កដា ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​និយាយ​ថា​ ក្រុម​អ្នក​ជួញ​ដូរ​បាន​ចាប់​ក្មេងប្រុសនោះ​ ហើយ​បាន​លក់​ក្មេងនោះ​ទៅឱ្យ​ក្រុម​គ្រួសារ​នៅ​កណ្តាល​ប្រទេស​ចិន។

ការចាប់​ជំរិត​ និង​ការជួញដូរ​កុមារ​បាន​រីក​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ នៅពេល​ដែលច្បាប់​របស់ចិន​ តម្រូវឱ្យ​ក្នុង​ ១ គ្រួសារ​មានកូនតែ ១ ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង។

បន្ទាប់ពីធ្វើ​ការស្រាវជ្រាវ​អស់រយៈ​ពេលជាច្រើន​ឆ្នាំ​ ប៉ូលិស​បានប្រាប់​លោក Guo​ កាលពី​ថ្ងៃទី ​១១ ​កក្កដា​ថា តាមលទ្ធផល​តេស្ត​ ឈាម​បានបញ្ជាក់ថា​គ្រូបង្រៀនម្នាក់​មាន​អាយុ​ ២៦ ឆ្នាំ​រស់​នៅក្នុងខេត្ត​ Henan​ ភាគកណ្តាល គឺជាកូន​ប្រុសរបស់លោក​ដែល​បានបាត់​កាលពី​ ២៤ ឆ្នាំមុន​៕