
អ្នកស្រី Tilda Kalaivani គ្រវីអាវប្រើជាទង់ជាតិស ដើម្បីអំពាវនាវសុំជំនួយក្រោយពីរងប៉ះពាល់ដោយជំងឺកូវីដ ១៩ នៅក្នុងបន្ទប់ជួលក្នុងទីក្រុងគូឡាឡាំពួ។ AFP
ប្រទេសម៉ាឡេស៊ី បានរកឃើញករណីថ្មី ១១ ០៧៩ ករណី កាលពីថ្ងៃអង្គារ កន្លងទៅ ដែលជាការកើនឡើងយ៉ាងខ្លាំងពីកម្រិតនៃការឆ្លងខ្ពស់ បើធៀបនឹងសប្តាហ៍មុនៗ ហើយក៏ជាលើកទី១ ដែរដែលករណីឆ្លងប្រចាំថ្ងៃឡើងខ្លាំងដល់លេខ ៥ តួ។
ក្នុងចំណោមករណីឆ្លងសរុបករណីនាំចូលពីក្រៅប្រទេសមានតែ ២៧ ករណីប៉ុណ្ណោះ ចំណែកឯករណីសេសសល់ គឺជាករណីឆ្លងក្នុងស្រុក។ករណីជាងពាក់កណ្តាលនៃករណីថ្មី ស្ថិតនៅក្នុងតំបន់ Klang Valley នៅតំបន់ Selangor មាន ៥ ២៦៣ ករណី និងនៅគូឡាឡាំពួមាន ១ ៥២១ ករណី។
ក្រសួងសុខាភិបាលក៏បានប្រកាសថា មានអ្នកស្លាប់ចំនួន ១២៥ នាក់បន្ថែមទៀត ដែលមានអាយុពី ២៧ ទៅ ៨៦ ឆ្នាំ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ឡើងដល់ ៦ ៣៨៥ នាក់ក្នុងប្រទេសនេះ។ ប្រភពដដែលបានបន្ថែមថា ការកើនឡើងនូវករណីឆ្លងទាំងនេះ គឺបណ្តាលមកពីការរីករាលដាលនៃវ៉ារ៉្យង់ Delta ថ្មី។
ទិន្នន័យរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញថា រហូតមកទល់ពេលនេះ ប្រជាជនជាង ៣,៦ លាននាក់ ទទួលបានវ៉ាក់សាំងទាំង ២ ដូសហើយ។ ទោះយ៉ាងណា ចំនួននេះ នៅមិនទាន់ដល់គោលដៅរបស់ប្រទេស ដែលគ្រោងនឹងចាក់វ៉ាក់សាំងឱ្យបាន ៨០ ភាគរយឬស្មើនឹង ២៦,៧ លាននាក់ក្នុងចំណោមប្រជាជនសរុប ៣៣ លាននាក់របស់ខ្លួនដែរ៕