
អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price ធ្វើសន្និសីទកាសែតនាពេលកន្លងមក។AFP
រដ្ឋបាលលោក បៃដិន កាលពីថ្ងៃអង្គារ បានព្រមានដល់ក្រុមហ៊ុនដែលមានខ្សែចង្វាក់ផ្គត់ផ្គង់ និងការវិនិយោគនៅតំបន់ស៊ីនជំាងទាំងអស់ថា ពួកគេអាចប្រឈមនឹងផលវិបាកផ្នែកច្បាប់ ដោយសំអាងពីភ័ស្តុតាងជាច្រើនបង្ហាញអំពីអំពើប្រល័យពូជសាសន៍ និងការរំលោភសិទ្ធិមនុស្សដទៃទៀតនៅតំបន់នេះ។
ការព្រមានចេញពីទីប្រឹក្សា អាជីវកម្មខ្សែចង្វាក់ផ្គត់ផ្គង់ខេត្តស៊ីនជាំង ដែលបោះពុម្ពផ្សាយរួមគ្នាដោយក្រសួងការបរទេសក្រសួងរតនាគារពាណិជ្ជកម្ម និងក្រសួងសន្តិសុខមាតុភូមិ ការងាររួមទាំងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា៖ «ក្រុមហ៊ុន និងបុគ្គលដែលនៅតែមបន្តខ្សែចង្វាក់ផ្គត់ផ្គង់ការបណ្តាក់ទុន និងការវិនិយោគជាមួយនឹងតំបន់ស៊ីនជាំង អាចមានហានិភ័យខ្ពស់នៃការរំលោភលើច្បាប់របស់សហរដ្ឋអាមេរិក»។
ការព្រមានលើកនេះ គឺជាការពង្រឹងបន្ថែមលើការប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយគូសបញ្ជាក់ពីការអនុវត្តលើវិធានការចាំបាច់ស្ដីអំពីការរំលោភច្បាប់សហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនេះនៅតែបន្តប្រតិបត្តិការ ពួកគេ ឬសូម្បីតែមានទំនាក់ទំនង ដោយប្រយោលជាមួយរដ្ឋាភិបាលចិននៅស៊ីនជាំងក៏ដោយ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «ប្រទេសចិន នៅតែបន្តការរំលោភបំពានដ៏គួរឱ្យរន្ធត់របស់ខ្លួននៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសចិន សំដៅលើជនជាតិភាគតិចអ៊ុយហ្គ័រជនជាតិ Kazakhs និងជនជាតិ Kyrgyz ដែលភាគច្រើនជាមូស្លីម និងសមាជិកនៃក្រុមជនជាតិភាគតិច និងសាសនាដទៃទៀត។
លោកបានបន្ថែមថា៖ «ការរំលោភបំពានទាំងនេះ រួមមានការបង្ខំឱ្យធ្វើការដោយបង្ខំ និងការឃ្លាំមើលដោយរំលោភបំពានពីសំណាក់រដ្ឋ ការរឹតត្បិតការគ្រប់គ្រងចំនួនប្រជាជន និងការបំបែកកុមារចេញពីគ្រួសារ ការឃុំឃាំងមនុស្សធំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតក្នុងពេលមានអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
យ៉ាងណាមិញ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មាន CNBC ទេ។
កាលពីថ្ងៃសុក្រ កន្លងទៅរដ្ឋបាលលោក បៃដិន បានបន្ថែមក្រុមហ៊ុនចិនចំនួន ១៤ និងអង្គភាពផ្សេងទៀតទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចរបស់ខ្លួន ជុំវិញការរំលោភសិទ្ធិមនុស្ស និងការឃ្លាំមើលបច្ចេកវិទ្យាខ្ពស់នៅស៊ីនជាំង។
ដោយឡែក កាលពីខែមីនា កន្លងទៅ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើមន្ត្រីចិន ២ រូប ដោយអះអាងថា ពួកគេចូលរួមក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិភាគតិចនៅស៊ីនជាំង។ ការដាក់ទណ្ឌកម្មរបស់រដ្ឋបាល Biden ជាសកម្មភាពបំពេញបន្ថែមលើសកម្មភាពដែលបានធ្វើឡើងដោយសហគមន៍អឺរ៉ុបចក្រភពអង់គ្លេស និងកាណាដាផងដែរ។
កន្លងមកទីក្រុងប៉េកាំង តែងច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអ៊ុយហ្គ័រ ដែលជាប្រជាជនមូស្លីមមានដើមកំណើតនៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រនៅភាគពាយព្យប្រទេសចិន។ ក្រសួងការបរទេសចិនបានឆ្លើយតបនឹងការចោទប្រកាន់ពីអាមេរិកថាជា «ការភូតកុហកបង្កអន្តរាយ» ដែលបង្កើតឡើងដើម្បីធ្វើឱ្យមានការស្អប់ខ្ពើមប្រទេសចិន និងធ្វើឱ្យរំខានដល់ការអភិវឌ្ឍរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានចំអកឡកឡឺយដល់សហរដ្ឋអាមេរិកដែលថា ប្រទេសចិន បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ថា៖ «ជារឿងកំប្លែង...រាប់សតវត្សរ៍!»។
ថ្មីៗនេះដែរ អគ្គនាយកដ្ឋានគយ និងការពារព្រំដែនសហរដ្ឋអាមេរិកក៏បានហាមឃាត់ការនាំចូលឧបករណ៍ស្រូបពន្លឺព្រះអាទិត្យមួយចំនួនពីក្នុងតំបន់ផងដែរ។
កាលពីថ្ងៃអង្គារ កន្លងទៅស្ថាប័នផ្តល់យោបល់ខាងច្បាប់ និងនយោបាយនៃតំបន់នេះ ក៏ដូចជារដ្ឋាភិបាលក្នុងតំបន់បានថ្កោលទោស និងជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើសហគ្រាសស៊ីនជាំង Photovoltaic (PV) ចំនួន ៤ ដោយអះអាងថា អំពើរបស់សហរដ្ឋអាមេរិក គឺខុសច្បាប់ទាំងស្រុងហើយ ជាចេតនាដ៏កាចសាហាវ ដើម្បីទប់ស្កាត់ឧស្សាហកម្មសូឡានៅតំបន់នេះកុំឱ្យរីកចម្រើនទៅមុខ។
ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិត រដ្ឋាភិបាលតំបន់ស៊ីនជាំងបន្តបង្កើនការត្រួតពិនិត្យសន្តិសុខការងារ និងការអនុវត្តច្បាប់ការពារ និងប្រយុទ្ធប្រឆាំងនឹងការបំពានច្បាប់ និងបទប្បញ្ញត្តិសន្តិសុខការងារប្រកបដោយប្រសិទ្ធភាពពង្រឹងការសម្របសម្រួលវិវាទការងារ និងអាជ្ញាកណ្តាល ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្នុងតំបន់។
រដ្ឋាភិបាលក្នុងតំបន់បានបន្ថែមទៀតថា តំបន់ស៊ីនជាំង គឺជាទីតាំងសំខាន់ ១ នៅក្នុងឧស្សាហកម្មផលិតវត្ថុធាតុដើម ដែលមានមូលដ្ឋានលើការផលិត silicon បានក្លាយទៅជាបន្លាដល់ប្រទេសប្រឆាំងចិននៅភាគខាងលិច៕