ចំនួន​អ្នកស្លាប់​នៅ​អាហ្វ្រិក​ខាងត្បូង​បានកើន​ឡើង​ដល់ ​៧២ នាក់​ ខណៈ​អំពើ​ហិង្សា​បាន​រាលដាល​ពាសពេញ​ប្រទេស​ បន្ទាប់​ពី​ការ​ជាប់ពន្ធនាគារ​របស់អតីត​ប្រធានាធិបតី​លោក ​Jacob Zuma​។

បច្ចុប្បន្ន​យោធា​ត្រូវបានដាក់​ពង្រាយ​ដើម្បីជួយ​ប៉ូលិស​ បន្ទាប់ពី​ភាពចលាចល​​បាន​ចាប់ផ្តើម​កាលពីសប្តាហ៍មុន​។​ ប៉ូលិស​អាហ្វ្រិក​ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា​ ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​មនុស្ស​ ១២ ​នាក់ ​ដែល​សង្ស័យថា ​បាន​បង្ក​ចលាចល​ហើយ​មនុស្សសរុប​ ១ ២៣៤ នាក់ ត្រូវ​បានចាប់​ខ្លួន។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ​លោក ​Cyril Ramaphosa​ បានហៅ​សកម្មភាពនេះ​ថាជា​អំពើហិង្សា​អាក្រក់បំផុត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០៕