ការបៀត​បៀន​ និង​ការ​យារយី​ ទៅលើស្ត្រី​ដែលកាន់​សាសនាអ៊ិ ស្លាមបណ្តាល​ឱ្យ​ ស្ត្រីដែលរស់​នៅ​ប្រទេស​កាណាដា​មានការ​ភ័យខ្លាច​នឹង​សុវត្ថិភាព​របស់​ខ្លួន។

កាលពី​ប៉ុន្មាន​ខែមុននេះ​ នៅ​ប្រទេសកាណាដា​មាន​ការ​វាយ​ប្រហារ​មួយ​ទៅលើ​គ្រួសារកាន់​សាសនា​អ៊ិស្លាម ដែល​បង្ក​ដោយអ្នក​បើកបរ​រថយន្តម្នាក់​បើកទៅ​បុក​គ្រួសារនោះ​ដែល​បណ្តាលឱ្យ​ មានអ្នកស្លាប់ និង​រង​របួស។ អាជ្ញាធរ​បានសន្មត​ការវាយ​ប្រហារនេះ​ជា​បទល្មើស​ស្អប់ខ្ពើមទៅ​លើអ្នកកាន់​សាសនា​អ៊ិស្លាម។

នេះ​គឺ​ជា​ហេតុការណ៍​មួយដែល​កើតមានឡើង​ទៅលើ​អ្នកកាន់​សាសនា​អ៊ិស្លាម​នៅ​ប្រទេស​កាណាដា ដែលក្លាយ​ជាហេតុការណ៌​មួយ​ធ្វើឱ្យ​អ្នកកាន់សាសនា​អ៊ិស្លាមនៅ​ទីនោះ​មានការភ័យ​ខ្លាចពី​សុវត្ថិភាព​របស់ខ្លួន​។

លោកស្រី Nur​ ដែលជា​ជនជាតិ​សូម៉ាលី​កាត់​កាណាដា និងជា​សហស្ថាបនិ​កនៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ស៊ីវិល​រវាង​អាហ្វ្រិក ​និងកាណាដា​បាន​បញ្ចេញ​ភាពភ័យខ្លាច​របស់នាង​បន្ទាប់ពី​បាន​ជួបប្រទះ​នឹងភាព​រើសអើង​ នៅ​ប្រទេស​កាណាដា​ផ្ទាល់ ព្រមទាំង​ដឹងពី​ហេតុការណ៍​មួយចំនួន​ទៅលើ​អ្នកកាន់​សាសនាអ៊ិស្លាម​ដូច​អ្នក​ស្រីដែរ។

តាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន​ Aljazeera លោកស្រី Nur​ បាន​និយាយថា៖ «ស្ត្រីស្បែក​ខ្មៅកាន់​សាសនាអ៊ិស្លាម​កំពុងត្រូវ​បានគេ​វាយប្រហារ​ហើយពួកគេ​ត្រូវបាន​គេវាយ​ប្រហារ​ដោយសារ​តែការ​រើសអើង​ជាតិសាសន៍​ស្បែកខ្មៅ​ពួកគេ​ត្រូវបានគេវាយ​ប្រហារដោយ​សារតែ​ជំនឿសាសនា​អ៊ិស្លាម​ហើយពួកគេ​ត្រូវបាន​គេវាយប្រហារ​ដោយសារ​តែពួកគេ​ជាស្ត្រី។ ​ចំណុច​ទាំងនេះ​ធ្វើឱ្យ​យើងមិន​ប្រាកដថា​នឹងមាន​អ្វីកើតឡើង​ចំពោះយើង​នៅពេល​យើងចេញ​ទៅ​ខាងក្រៅ​»។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ចុងខែមិថុនា​បងប្អូនស្រី ២ នាក់ ដែល​ជាស្ត្រីជន​ជាតិ​មូស្លីម​ដែលស្លៀក​សម្លៀកបំពាក់​ហ៊ីចាប់​ត្រូវ​បានវាយ​ប្រហារ​ដោយ​បុរសកាន់​កាំបិត ហើយបុរសនោះ​បានបានជេរ​ប្រមាថជា​តិ​សាសន៍​របស់អ្នកទាំង​ ២ លើផ្លូវមួយ​នៅខាង​ក្រៅទី​ក្រុង។ ក្នុងករណីផ្សេង​ទៀតស្ត្រី​មូ​ ស្លីមត្រូវ​បានគេ​បណ្តាញចេញ ​ឬ​គំរាមកំហែង​ខណៈពេល​ពួកគេរង់ចាំ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ។

ប៉ូលិស​ Edmonton ​បានទទួល​សេចក្តីរាយការណ៍​អំពី​ឧប្បត្តិហេតុ​ចំនួន​ ៥ ដែលពាក់ព័ន្ធ​នឹងស្ត្រី​ស្បែកខ្មៅ​ដែល​ពាក់ហ៊ីចាប់​តាំង​ពីថ្ងៃទី ​៨ ​ខែ ធ្នូ ឆ្នាំ ​២០២០ ហើយអង្គភាព​ប្រឆាំងល្មើស​របស់កម្លាំង​ប៉ូលិស​បានចាប់ខ្លួន​និងបាន​ធ្វើ​ការចោទ​ប្រកាន់ទៅ​លើជនសង្ស័យ​ក្នុង​ករណីនីមួយៗ​។

ការទាមទារ​ឱ្យមាន​វិធានការ​ន្ថែមទៀត​ចំពោះស្ត្រីកាន់សាសនា​អ៊ិស្លាម​នៅ Edmonton​ កើតឡើង​ចំពេលប្រទេស​កាណាដា​អំពាវនាវឱ្យ​រដ្ឋាភិបាល​អនុវត្ត​ផែនការ​សកម្មភាព​មួយចំនួន​ ដើម្បី​ទប់ស្កាត់​ការស្អប់ខ្ពើម​សាសនា​អ៊ិស្លាម​។

សម្រាប់​មនុស្សជាច្រើន​ការវាយប្រហារ​នៅខែមិថុនា​ នៅ​រដ្ឋ Ontario ក៏ដូចជាកា​របាញ់​សម្លាប់ដ៏​សាហាវនៅ​ឆ្នាំ ២០១៧​ នៅឯ​វិហារអ៊ិស្លាម​នៅក្នុង​ទីក្រុង Quebec និងការចាក់​សម្លាប់​កាលពីឆ្នាំ​មុននៅ​ខាងក្រៅវិហារ​អ៊ិស្លាមមួយ​នៅចុងខាង​លិច​នៃ​ទីក្រុង Toronto បង្ហាញពីបញ្ហា​ដែលអាច​បង្កគ្រោះ​ថ្នាក់ដល់​អាយុជីវិត​អ្នកកាន់​សាសនា​អ៊ិស្លាម​ដែលរស់នៅ​ក្នុង​ប្រទេស​កាណាដា។

តាមការស្រង់​សម្តី​របស់​សារព័ត៌មាន​ CBC លោកស្រី Sahada Alolo​ ប្រធាន​សមាគម​នារី​ស្ត្រី​មូស្លីម​អូតាវ៉ា (Ottawa Muslim Women’s Association) បាននិយាយថា​លោកស្រីបាន​កត់សម្គាល់​ឃើញនិន្នា​ការគួ​រឱ្យរំ​ខានក្នុង​ប៉ុន្មានឆ្នាំថ្មីៗ​នេះ បន្ទាប់​ពីបទល្មើស​ស្អប់ខ្ពើមដូច​ជា​ការបាញ់​សម្លាប់នៅ​វិហារអ៊ិស្លាម​ក្នុងទីក្រុង​ Quebec ឆ្នាំ ២០១៧ ។

លោកស្រី Alolo ​បាន​និយាយថា៖ «យើងរស់​នៅដោយភាព​ភ័យខ្លាច។ វាពិតជា​ការភ័យខ្លា​ចហើយ​ខ្ញុំមាន​អារម្មណ៍ថា​យើងមិនសូវ​យកចិត្តទុក​ដាក់ខ្ពស់​ឡើយ​»។ កាលពីខែ​មិថុនា មាន​ស្ត្រីមូស្លីមជា​ច្រើនបាន​ទាក់ទងទៅ​លោកស្រី ដោយមានកា​រព្រួយ​បារម្ភអំ​ពីសុវ​ត្ថិ​ភាព​របស់ពួក​គេ ពេល​ចេញពី​ផ្ទះរបស់​ពួកគេ៕