យោងតាម​ទិន្នន័យជា​ផ្លូវការ​បានឱ្យ​ដឹងថា ​ចំនួន​ជនជាតិ​អាមេរិកាំង​ដែល​ស្លាប់​ដោយសារ​ការប្រើ​ថ្នាំញៀន​ហួស​កម្រិត​កាល​ពី​ឆ្នាំមុន​កើន​ឡើង​ជា​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ ១៩។

ជាសរុប ប្រជាជន​អាមេរិក​ប្រមាណ ​៩៣​ ពាន់​នាក់​បានស្លាប់ ដោយ​សារការ​ប្រើគ្រឿង​ញៀន​ហួស​កម្រិត​នៅ​ក្នុងឆ្នាំ ២០២០ ​ដែលកើន​ឡើងជិត​ ៣​០ ភាគ​រយ​ បើប្រៀបធៀប​ទៅនឹង​ឆ្នាំមុន។ ក្រុមអ្នកជំនាញ​បាន​និយាយ​​ថា ​ការកើនឡើងខ្លាំងនេះ ​សឱ្យ​ឃើញ​ពី​ភាព​គ្រោះថ្នាក់​របស់​គ្រឿង​ញៀន និង​ការ​រួម​ចំណែក​របស់​វិបត្តិ​កូវីដ ១៩។

ក្នុង​នោះ​ផងដែរ​ ថ្នាំ fentanyl ដែល​ជា​ប្រភេទ​ថ្នាំ Opioid​ សំយោគ​ប្រើ​សម្រាប់​បំបាត់​ការ​ឈឺ​ជា​កត្តា​ដែល​ធ្វើឱ្យ​ទិន្នន័យ​នេះ​កើន​ឡើង​ខ្លាំង​កាលពីឆ្នាំ​មុន​។​ ប្រភេទ​ថ្នាំ Opioid សំយោគនេះ មាន​ឥទ្ធិពល​ខ្លាំង​ជាង​ហេរ៉ូអ៊ីន​ (heroin) ដល់​ទៅ​ ៥០ ​ដង​ឯណោះ ។

ក្រុមអ្នក​ជំនាញ​បាន​និយាយថា អ្នក​ជួញ​ថ្នាំញៀន​បាន​បន្ថែម​សារធាតុ​ fentanyl នេះ​ ទៅ​ក្នុង​ថ្នាំ​ញៀន​ ដែល​ជួញ​ដូរ​តាម​ផ្លូវ​ធម្មតា​ ដើម្បី​បន្ថែម​ឥទ្ធិពល​របស់​វា​។ ទោះយ៉ាងណា ភាពឯកោនិងអារម្មណ៍​ឯកកោ​ ដោយសារ​ការ​ដាក់​ដោយឡែក ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩គឺ​ជា​កត្តា​ ដែល​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នេះ។

បងប្អូន​ប្រុស​របស់​កញ្ញា ​Gina Malagold ឈ្មោះ Dylan បាន​ប្រើថ្នាំហួស​កម្រិត​នៅខែ​មេសា ​ឆ្នាំ ២០២០។ កញ្ញា​បានប្រាប់​សារព័ត៌មាន ​BBC News ថា គ្រួសាររបស់​នាងជួប​ប្រទះ​ការលំបាក​ក្នុង​ការស្វែង​រក​គ្លីនិក​ និង​មជ្ឍមណ្ឌល​បន្សាប​គ្រឿង​ញៀន​ណាស់​ ខណៈ​ពេល​​ដែល​ទី​កន្លែង​ទាំង​អស់​នោះ​ភាគច្រើន​សុទ្ធ​តែ​ត្រូវ​ប្រើប្រាស់​ ដើម្បីព្យាបាល​អ្នកជំងឺ​កូវីដ ១៩៕