
ថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីត Ivermectin។ រូបថត AFP
ថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីត Ivermectin បានក្លាយទៅជាប្រធានបទក្ដៅគគុក ក្រោយមានការអំពាវនាវពីសំណាក់អ្នកជំនាញឱ្យដាក់បញ្ចូលថ្នាំនេះ ជាផ្នែកមួយនៃការព្យាបាលជំងឺកូវីដ ១៩ របស់ប្រទេសម៉ាឡេស៊ី។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA កាលពីថ្ងៃ ១៥ ខែកក្កដា កន្លងទៅនេះ។
ការអំពាវនាវនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីខែមេសាឆ្នាំ ២០២០ ដែលលើកឡើងដោយ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Australia''s Monash University ដែលបានធ្វើពិសោធន៍លើថ្នាំនេះហើយបានរកឃើញថា ១ ដូសនៃថ្នាំនេះ អាចបញ្ឈប់ការរីកលូតលាស់វីរុសនៅក្នុងកោសិការយៈពេល ៤៨ ម៉ោង។
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី ៥ មិថុនាថា ការសាកល្បងប្រើប្រាស់វ៉ាក់សាំងចេញអំពីថ្នាំ ivermectin ត្រូវបានចាប់ផ្តើមហើយ។ ការសាកល្បងទាំងនេះ នឹងត្រូវធ្វើឡើង ដោយក្រសួងនិងវិទ្យាស្ថានស្រាវជ្រាវគ្លីនិកនៅមន្ទីរពេទ្យចំនួន ១២ ទូទាំងប្រទេស។
ការសាកល្បងនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការស្រាវជ្រាវវេជ្ជសាស្រ្តនិង ក្រមសីលធម៌របស់ក្រសួង នៅថ្ងៃទី ២៥ ខែឧសភា ហើយអ្នកជំងឺដំបូងត្រូវបានចុះឈ្មោះ នៅចុងខែឧសភា។ ក្រសួងរំពឹងថា ការសាកល្បងនេះ នឹងបញ្ចប់នៅខែកញ្ញាខាងមុខ។
ទន្ទឹមនឹងនេះដែរ ការអំពាវនាវឱ្យអនុម័តប្រើប្រាស់ ivermectin សម្រាប់ព្យាបាលជំងឺកូវីដ ១៩ នៅតែបន្តកើនឡើង។ កាលពីដើមខែមិថុនាពលរដ្ឋវ័យចំណាស់ ១ រូប បានដាក់ពាក្យប្តឹងប៉ូលិសនៅរដ្ឋ Johor ដោយចោទប្រកាន់អគ្គនាយកក្រសួងសុខាភិបាល Noor Hisham Abdullah ថា បានប្រព្រឹត្ដបទឧក្រិដ្ឋមួយ ដោយបដិសេធមិនព្រមប្រើប្រាស់ ivermectin ព្យាបាលអ្នកជំងឺកូវីដ ១៩។
ទោះយ៉ាងណា សម្ព័ន្ធឱសថ និងក្រុមអ្នកប្រើប្រាស់ដែលហៅខ្លួនឯងថា សម្ព័ន្ធម៉ាឡេស៊ី ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ (MAECC) ក៏បានចេញសេចក្តីថ្លែងការណ៍ជំរុញ ឱ្យរដ្ឋាភិបាលបញ្ចូល ថ្នាំ ivermectin ទៅក្នុងបញ្ជីថ្នាំរបស់ខ្លួនដើម្បីព្យាបាលជំងឺនេះ។
នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតនៅថ្ងៃទី ២១ មិថុនា សម្ព័ន្ធនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលតាមដានការប្រើប្រាស់ថ្នាំ ivermectin ឱ្យបានកាន់តែឆាប់ដោយគូសបញ្ជាក់ថា ថ្នាំនេះត្រូវបានប្រើប្រាស់ក្នុងរយៈពេល ៤ ទសវត្សរ៍ចុងក្រោយនេះ ដោយមានចំនួនច្រើនជាង ៣,៧ ពាន់លានដូសឯណោះ។
យ៉ាងណាមិញ ការអំពាវនាវឱ្យមានការប្រើប្រាស់ថ្នាំ ivermectin មិនត្រឹមតែកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ វាក៏កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ខណៈដែលឱសថ ស្ថាននានា បានលក់ថ្នាំអស់ពីស្តុក ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីប្រសិទ្ធ ភាពរបស់វាក្នុងការព្យាបាលជំងឺកូវីដ ១៩។
អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា ទីភ្នាក់ងារបទប្បញ្ញត្តិឈានមុខគេផ្សេងទៀត ដូចជារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) និងទីភ្នាក់ងារឱសថអឺរ៉ុប បានព្រមានថា គេនៅមិនទាន់មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់ថ្នាំលេប ivermectin ក្នុងការព្យាបាលកូវីដ ១៩ នោះទេ។
កាលពីខែមីនាឆ្នាំនេះ អង្គការ WHO បានបញ្ជាក់ថា ភ័ស្តុតាងបច្ចុប្បន្នស្តីពីការប្រើប្រាស់ ivermectin ដើម្បីព្យាបាលជំងឺកូវីដ ១៩ មានលក្ខណៈមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយគេត្រូវរង់ចាំទិន្នន័យបន្តទៀត ខណៈថ្នាំនេះ ត្រូវបានប្រើតែក្នុងការសាកល្បងព្យាបាលប៉ុណ្ណោះ។
អង្គភាពដដែលបានពន្យល់ថា ដោយសារតែការយកចិត្តទុកដាក់ជាអន្តរជាតិទៅលើថ្នាំដែលអាចមានសមត្ថភាពព្យាបាលជំងឺកូវីដ ១៩ គោលការណ៍ណែនាំពីអ្នកឯកទេស ជំនាញជាច្រើន ត្រូវបានបង្កើតឡើង ដោយក្រុមការងារនេះ នឹងត្រូវពិនិត្យមើលទិន្នន័យដែលបានប្រមូលពីការសាកល្បង។
ប្រភពដដែលបានបន្តថា៖ «គេបានកំណត់ថាភ័ស្តុតាងស្តីពីថា តើថ្នាំ ivermectin អាចនឹងជួយកាត់បន្ថយអត្រាមរណភាព កាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងពេលវេលាដើម្បីធ្វើឱ្យស្ថានភាពធូរស្រាលជាងមុននោះ គឺស្ថិតនៅក្នុងភាពប្រាកដប្រជាទាបណាស់ ដែលនេះបណ្ដាលមកពីវិសាលភាពនៃការសាកល្បងនៅស្ថិតក្នុងទំហំគំរូតូច និងកម្រិតវិធីសាស្រ្តទិន្នន័យសាកល្បងក៏នៅតូចនៅឡើយ»។
ដោយឡែក ក្រសួងសុខាភិបាលក្នុងប្រទេសក៏កំពុងសិក្សាអំពីការប្រើប្រាស់ ivermectin សម្រាប់ការព្យាបាលជំងឺកូវីដ ១៩ នៅឡើយ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន ម៉ាឡេស៊ីBernamaនៅថ្ងៃទី ១០ ខែកក្កដាវេជ្ជបណ្ឌិត Noor Hisham បានពន្យល់ថា ក្រសួង កំពុង សិក្សាអំពីប្រសិទ្ធភាពនៃថ្នាំនិងផលប៉ះពាល់របស់វាចំពោះអ្នកជំងឺដែល មានជំងឺទឹក នោមផ្អែមប្រភេទទី១៩ ក្នុងប្រភេទទី៣ (អ្នកដែលមានការឆ្លងមេរោគសួត) ដល់ប្រភេទទី៥ (ដែលមានបញ្ហាសរីរាង្គច្រើន) ។
បន្ថែមពីនេះ កាលពីថ្ងៃទី ១១ ខែកក្កដា ក្រសួងបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ថ្នាំ ivermectin ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រៅផ្លូវការ ដោយមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធពីវេជ្ជបណ្ឌិតឱ្យបានដិតដល់។
ក្រសួងក៏បានចុះផ្សាយពីផលប៉ះពាល់មួយចំនួនពីការប្រើប្រាស់ថ្នាំនេះ ដែលរួមមានករណី កន្ទួលលើស្បែកដែលអាចត្រូវការការសម្រាកនៅមន្ទីរពេទ្យ វិលមុខ ក្អួតចង្អោរ ឈឺពោះ និងរាគហើម សម្ពាធឈាមទាបនិងខូចថ្លើម ក៏ដូចជាករណីប្រកាច់ និងវង្វេងស្មារតីផងដែរ៕