
អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ថ្លែងនាពេលកន្លងទៅ។ រូបថត AFP
សហរដ្ឋអាមេរិកគ្រោងនឹងចាប់ផ្តើមជម្លៀសអ្នកបកប្រែអាហ្វហ្គានីស្ថាន ដែលបានជួយដល់កងកម្លាំងសហរដ្ឋអាមេរិកក្នុងអំឡុងពេលមានជម្លោះ ខណៈក្រុមទាំងនេះកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយប្រតិបត្តិការនេះ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ចុងក្រោយនៃខែកក្កដា នេះ។
ប្រតិបត្តិការដដែលនេះកើតឡើង ខណៈពេលដែលសហរដ្ឋអាមេរិកដកកម្លាំងរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានមុនកាលបរិច្ឆេទកំណត់ថ្ងៃ ១១ កញ្ញា ដែលកំណត់ដោយប្រធានាធិបតី ចូ បៃដិន ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទកាសែតថា៖ «បុគ្គលទាំងនេះ គឺជាបុគ្គលក្លាហាន។ យើងចង់ធ្វើឱ្យប្រាកដថា ក្រុមទាំងនេះត្រូវបានគេទទួលស្គាល់ និងឱ្យតម្លៃទៅលើតួនាទី ដែលពួកគេបានបំពេញក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ»។
មន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuter ថា ដំបូងអាមេរិកនឹងជម្លៀសមនុស្សប្រហែល ២ ៥០០ នាក់ ដែលទំនងជាត្រូវស្នាក់នៅក្នុងទីតាំងយោធាអាចនឹងនៅ ក្នុងសហរដ្ឋអាមេរិក ឬប្រទេសផ្សេងមួយទៀត ខណៈពេលរង់ចាំដំណើរការសុំទិដ្ឋាការរបស់ពួកគេ។
ការគំរាមកំហែងកាន់តែកើនឡើងពីសំណាក់ក្រុម តាលីបង់ ខណៈក្រុមនេះកំពុងបង្កើនកម្លាំងខ្លួននៅទូទាំងប្រទេស ដោយរឹបអូសបង្គោលព្រំដែនពីកងកម្លាំង អាហ្វហ្គានីស្ថាន រាប់បញ្ចូលទាំងច្រកឆ្លងកាត់ជាមួយអ៊ីរ៉ង់ តាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថានផងដែរ៕