នៅប្រទេសអាល្លឺម៉ង់​ មនុស្ស​យ៉ាងតិច ១៣៣ នាក់​ បានស្លាប់​ដោយសារ​ទឹកជំនន់​ដែល​បណ្តាលមក​ពី​ភ្លៀង​ធ្លាក់ខ្លាំង។ ទឹកជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់ និងអឺរ៉ុប​លើកនេះ​ក្លាយជា​គ្រោះមហន្ត​រាយធម្មជាតិ​ដ៏អាក្រក់​បំផុតដែល​បានវាយប្រហារ​ប្រទេសនេះ​ក្នុងរយៈពេល​ជិត ​៦០ ​ឆ្នាំ។

តំបន់ Ahrweiler ស្ថិតនៅ​ភាគខាង​ត្បូង​នៃ​ទីក្រុង Cologne បាន​រាយការណ៍​ថា ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិចណាស់ ៩០​ នាក់ ក្នុងនោះ​មានអ្នក​ពិការ​ចំនួន ​១២ ​នាក់​ ដែលស្នាក់​នៅ​មជ្ឈមណ្ឌល​ថែទាំជនពិការ។

តាមការ​រាយការណ៍​របស់​សារព័ត៌មាន CNN នៅ​តាម​ដង​ទន្លេ Rur នៅរដ្ឋ​ North Rhine-Westphalia​ ភាគខាងលិច​ប្រទេសអាល្លឺម៉ង់​ មានទំនប់​វារីអគ្គិសនី​មួយ​បានបាក់​កាលពីយប់​ថ្ងៃទី ​១៦ ​កក្កដា។ នៅថ្ងៃ​ដដែលនោះ អាជ្ញាធរ​អាល្លឺម៉ង់​បានចាប់​ផ្តើម​ជម្លៀស​ប្រជាជន​ប្រហែល ៧០០ នាក់ នៅ ​Ophoven ក្នុ​ង​ទី​ក្រុ​ង ​Wassenberg។

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាល្លឺម៉ង់​បាន​ផ្សាយ​ថា គេហដ្ឋាន​ប្រហែល​ ២៥​ ខ្នង​ កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​នៃការ​ដួលរលំ​នៅក្នុង​ស្រុក Schuldbei Adenau ក្នុង​តំបន់​ភ្នំ​ Eifel​ ដែលជា​កន្លែង​ប្រកាស​អាសន្ន។ ផ្ទះមួយចំនួន​ត្រូវបាន​កាត់ផ្តាច់ទាំង​ស្រុងដោយ​សារ​លំហូរ​ទឹក ហើយ​ក្រុមជួយ​សង្រ្គោះមិន​អាចទៅ​ដល់តាម​ទូក​បានទេ​។

រដ្ឋរបស់​ប្រទេស​អាល្លឺម៉ង់​ដូចជា ​Rhineland-Palatinate និង North Rhine-Westphalia​ ក្នុងប្រទេស​អាល្លឺម៉ង់ រង​ការវាយ​ប្រហារខ្លាំង​ជាងគេ​ប៉ុន្តែ​ប្រទេសហូឡង់​ក៏​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ​។ កាលពីថ្ងៃទី ១៦ កក្កដា​ មាន​ការព្យាករ​ដែល​ថា អាចមានភ្លៀងធ្លា​ក់ខ្លាំងនៅ​ទូទាំង​តំបន់ខណៈ​ដែលមន្រ្តី​មូលដ្ឋាន​បានស្តីប​ន្ទោស​ការ​រងការខូចខាតនេះ​បណ្តាល​មកពី​ការ​ប្រែប្រួល​​អាកាស​ធាតុ​។

លោក Armin Laschet​ នាយករដ្ឋមន្រ្តី​ប្រចាំរដ្ឋ​ North Rhine-Westphalia ​បានស្តីបន្ទោសការ​ប្រែប្រួល​ អាកាសធាតុ​ដែលបណ្តាល​មកពីការ​កើនឡើង​នូវកម្តៅ​ផែនដីក្នុង​ដំណើរ​ទស្សន​កិច្ច​របស់លោក​ទៅកាន់​តំបន់ដែលរង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ខ្លាំង។

តាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន BBC ​លោកបាន​និយាយ​ថា៖ «យើងនឹង​ប្រឈមមុខ​នឹងព្រឹត្តិការណ៍​បែបនេះ​ម្តងហើយ​ម្តងទៀត​ហើយនោះមា​ន​ន័យថា​យើង​ចាំបាច់​ត្រូវពន្លឿន​វិធាន​ការការពារ​អាកាសធាតុ…ពីព្រោះការ​ប្រែប្រួល​អាកាសធាតុ​មិនត្រូវ​បានកំណត់​ចំពោះ​រដ្ឋតែ​មួយទេ​»។

អ្នកជំនាញ​និយាយថា​ ការប្រែប្រួល​អាកាសធាតុ​ត្រូវបានគេ​រំពឹងថានឹង​បង្កើន​ផលប៉ះ​ពាល់ច្រើន​ប៉ុន្តែប្រសិន​បើភ្ជាប់​ហេតុការណ៍​មួយទៅនឹង​ការឡើង​កម្តៅ​ពិភពលោក​តែ ១ គត់​ គឺមាន​ភាព​ស្មុគស្មាញ​។​

អធិការបតីអាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ហៅ​ហេតុការណ៍នេះ​ថាជា​គ្រោះមហន្ត​រាយហើយ​បាន​និយាយថា ​លោក​ស្រីមានភាព​សោកសៅ​ចំពោះអ្នកដែល​បាន​បាត់បង់ជីវិត​សោយ​សារគ្រោះ​មហន្តរាយ​នេះ។

គួរបញ្ជាក់ផងដែរថា ប៉ូលិស​ និងទាហាន​ជាច្រើន​នាក់ត្រូវ​បានដាក់ពង្រាយ​ទៅកាន់តំ​បន់​ដែលរង​ផលប៉ះពាល់​ ដើម្បីជួយ​អ្នកស្រុក​ដែលកំពុង​ជាប់គាំង​នៅក្នុង​គេហដ្ឋាន​របស់ពួកគេ។​ប្រជាជន​ជាច្រើន​បានឡើង ទៅលើ​ដំបូលផ្ទះ​ដើម្បីរង់​ចាំការ​ជួយសង្គ្រោះ​ពីសំណាក់​ក្រុមការងារ​សង្រ្គោះបន្ទាន់​របស់រដ្ឋាភិបាល។​នៅភាគខាង​លិច​នៃ​ប្រទេសអាល្លឺម៉ង់​សាលា​រៀន​ក៏​ត្រូវ​បានបិទ​៕