
លោករដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស Sajid Javid។ AFP
លោក Sajid Javid មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអង់គ្លេស មានភារកិច្ចដឹកនាំការឆ្លើយតបនឹងជំងឺឆ្លងចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បើទោះជាលោកបាន ចាក់វ៉ាក់សាំងរួចក៏ដោយ។
លោក Javid បាននិយាយថា គាត់បានធ្វើតេស្តកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានអារម្មណ៍អស់កម្លាំង មិនស្រួលខ្លួនកាលពីយប់មុន។ គាត់បានចាក់វ៉ាក់សាំង AstraZeneca ទាំង ២ ដូស ហើយនិយាយថា រហូតមកដល់ពេលនេះរោគសញ្ញារបស់គាត់គឺ «ស្រាលណាស់» ។
ករណីនេះបានកើតឡើង ទន្ទឹមពេល ដែលប្រទេសអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មករកភាពដើមវិញក្រោយមានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត។ នាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសកាលពីដើមខែនេះថា ការពាក់ម៉ាស់ និងតម្រូវការពីចម្ងាយនៃសង្គមនឹងត្រូវបានដកចេញរួមជាមួយនឹងការកំណត់ហ្វូងមនុស្ស ការជួបជុំឯកជនការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាជាដើម។
ទន្ទឹមនឹងនេះ ករណីឆ្លងនៅក្នុងប្រទេសនេះ មានការកើនឡើងយ៉ាងខ្លាំង។ កាលពីសប្តាហ៍មុនមនុស្សចំនួន ៣០០ ០០០ នាក់ បានធ្វើតេស្តវិជ្ជមាននៅប្រទេសនេះ ពោលគឺកើនឡើង ៤០ ភាគរយ បើប្រៀប ធៀបទៅនឹងសប្តាហ៍មុន៕