កាល​ពី​ថ្ងៃសុក្រ​ កន្លងទៅ ​ក្រុម​ប្រទេស​ដឹកនាំក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) រួមទាំងសហរដ្ឋ​​អាមេរិកប្រទេសរុស្ស៊ី ​និង​​ប្រទេសចិន​ បាន​ប្ដេជ្ញា​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ទ្វេដង ដោយ​​ធ្វើការព​ង្រីកការចែករំលែកនិង​ផលិតវ៉ាក់សាំងកូវីដ ១៩ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺ​​រាតត្បាត​​ជា​សកល។ នេះ​បើតាម​​ការ​ឱ្យ​ដឹងពីសារព័ត៌មាន CNA កាលពីពេលថ្មីៗ​នេះ។

មេដឹកនាំប្រទេសនានា​ កំពុងខិត​ខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​វ៉ារ៉្យង់​ Delta ថ្មី​ បាននិយាយថា ពួកគេ​នឹង​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ ដែល​ចង់​ផ្ទេរ​បច្ចេកវិទ្យាផលិតវ៉ាក់សាំងដោយ​ស្មគ្រ័​ចិត្ត ​តាម​លក្ខខណ្ឌដែល​បាន​ព្រម​ព្រៀង​គ្នា។

ក្រុម​ប្រទេស​មេដឹក​នាំ​ទាំង​នេះ បាន​និយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍រួមមួយ​ថា៖ «ជំងឺ​​រាតត្បាតនេះ​​នឹងនៅតែបន្តជះឥទ្ធិពលយ៉ាងធ្ង​ន់ធ្ងរដ​ល់ប្រជាជននិងសេដ្ឋកិច្ចក្នុងតំបន់របស់យើង។យើង​នឹង​យក​ឈ្នះលើ​ភាពអាសន្ន​ផ្នែកសុខភាពនេះ ដោយកា​របង្កើនល្បឿនចែ​ក​ចាយ​វ៉ាក់សាំង​ ដែល​មានសុវត្ថិភាព​ ប្រសិទ្ធភាព ធានាគុណភាព និងតម្លៃ​សមរម្យ»។​

មេដឹកនាំក្រុម​ APEC បាន​ពិភាក្សាអំពីសកម្មភាពរួមដើម្បីស្វែងរក​ដំណោះ​ស្រាយ​ និង​ធ្វើយ៉ាងណា​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​ផ​លប៉ះពាល់បណ្ដាល​មក​ពី​ជំ​ងឺ​រាត​ត្បាត​នេះ​។លោក Lee Hsien Loong នាយករដ្ឋ​មន្រ្តី​សិង្ហបុរី ​ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ​ដែរ។

ប្រទេសនូវែលសេឡង់ដែលជាម្ចាស់ផ្ទះកិច្ច​ប្រជុំ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក បាន​និយាយ​​​​នៅ​​សប្តាហ៍​នេះ​ថា ខ្លួននឹងធ្វើជាប្រធានកិច្ចប្រជុំ វិសាមញ្ញមុនការជួបជុំជាផ្លូវការមួយ នៅក្នុងខែ វិច្ឆិកា ដែល​នេះជាកិច្ចប្រជុំលើកទី១ ដែល​ត្រូវបានធ្វើឡើង។

នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី​ Jacinda Ardern បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា៖«ការពិភាក្សា​របស់​យើង​ បានជំរុ​ញឱ្យយើងចែក​ចាយ​វ៉ាក់សាំង​ឱ្យ​បាន​ច្រើន​ហួសពី​ជាតិសាសន៍​របស់​យើង។ ឥឡូវនេះ​ យើង​​កំពុងផ្តោតលើគ្រប់ទិដ្ឋភាពទាំងអស់នៃការ​ចូលរួម​ ក្នុងកិច្ចខិត​ខំប្រឹងប្រែង​ចាក់វ៉ាក់សាំងសកល​ បង្កើត​​​វ៉ាក់សាំង ចែករំ​លែកវ៉ាក់សាំងនិងប្រើ​ប្រាស់​វ៉ាក់សាំង»។

លោកស្រីបាននិយាយថា មេដឹកនាំទាំងអស់​បានឯកភាពថា នេះមិនមែនជា​ ព្រឹត្តិការណ៍​ជំងឺ​រាតត្បា​ត​ចុង​ក្រោយ​របស់​ពិភពលោកទេ ដូច្នេះ​ហើយ​ការ​ត្រៀមខ្លួន​រួច​ជាស្រេច​ពិត​ជា​មាន​សារៈ​​សំខាន់ណាស់។​ កិច្ច​ប្រជុំ​នេះ​ បង្ហាញ​ពីក្តីកង្វល់ដែលកំពុងកើនឡើងនៅជុំ​វិញបញ្ហា​ជំងឺ​កូវីដ ១៩ ដែលកំពុងរីករាលដាល​នៅ​ក្នុង​តំបន់​ ខណៈ​ប្រទេសជាច្រើនរួមមានឥណ្ឌូណេស៊ី ថៃ និងអូស្ត្រាលី ក៏​កំពុង​ប្រឈម​មុ​ខនឹ​ង​រលក​ថ្មី​។

ប្រធានាធីបតីរុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថា ឧបសគ្គសកលចំពោះការផលិតនិង​ការ​ចែកចាយវ៉ាក់សាំ​ង ​ចាំបាច់ត្រូវដោះស្រាយឱ្យ​ចេញ​។ ដោយឡែក នាយករដ្ឋមន្រ្តីជប៉ុនលោក​ Yoshihide Suga បានសម្តែងការប្តេជ្ញាចិត្តចំពោះមេដឹកនាំដទៃទៀតឱ្យ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ប្រកប​ ដោយសុខ​ និងសុវត្ថិភាពផងដែរ​។

ជាមួយគ្នានេះ ប្រធានាធិបតីចិនលោក Xi Jinping បានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ដដែល​នេះ​ថា ប្រទេស​ចិន​បាន​ផ្តល់​វ៉ាក់​សាំង​ជាង​ ៥០០ លានដូស ដល់​ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត គ្រោង​នឹងផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត ដើម្បី​គាំទ្រដល់ការឆ្លើយតបជំងឺ​កូវីដ ១៩​ និង​ការស្តារ​សេដ្ឋកិច្ចនិងសង្គម នៅក្នុងប្រទេសកំពុង​អភិវឌ្ឍន៍ដទៃទៀត។

បើទោះបីជាមានការបង្ហាញនូវដំណោះស្រាយមួយ​ចំនួន​ក្នុង​កិច្ច​ប្រជុំ​ក៏ដោយភាពតានតឹង​ក្នុង​ចំណោម​សមាជិក ​APEC ជាពិសេសរវាងបស្ចិមប្រទេស និងចិនជុំវិញបញ្ហាប្រភព​ដើម​នៃ​វីរុស​ រហូត​ដល់​ពាណិជ្ជកម្ម​ស៊ីនជាំ​ង​ ហុងកុងនិងសមុទ្រចិ​នខាងត្បូងក៏នៅតែ​កើត​មាន​ឡើង​។

ដោយកិច្ចប្រជុំបានបញ្ចប់ ទីក្រុងវ៉ាស៊ីនតោនបាន​ប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចិន ៧ នាក់ ជុំវិញការ​បង្ក្រាប​របស់​ក្រុងប៉េកាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែលជាកិច្ចខិតខំ​ប្រឹងប្រែង​ចុង​ក្រោយ​របស់​ខ្លួន​ ដើម្បីធ្វើឱ្យទីក្រុងប៉េកាំងទទួលខុសត្រូវចំពោះអ្វីដែលខ្លួនហៅថា ការលុបបំបាត់នីតិរដ្ឋ​នៅ​ក្នុង​អតីត​អាណានិគមអ​ង់គ្លេស។ ជា​ការ​ឆ្លើយ​តប​ ចិន​បាន​សម្តែង​ការ​ខឹង​សម្បា​ចំពោះ​ការដាក់​ទណ្ឌកម្ម​នេះ​។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក​ Joe Biden បាននិយាយថា ប្រធានាធិបតី​ប្រទេស​នេះ គ្រោងនឹងប្រើ​វេទិកានេះ​ ដើ​ម្បី​បង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ចំ​ពោះប្រទេស​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរីនិងបើក​ចំហ​៕