ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​មួយចំនួន​ កំពុងប្រឆាំង​នឹង​បម្រាមគោចរ​យោធា ដើម្បី​ស្វែងរក​អុកស៊ី​ហ្ស៊ែន​ឱ្យ​ទៅអ្នកជំងឺ​កូវីដ ១៩ ​ធ្ងន់ធ្ងរ ខណៈរលកឆ្លង​ក្នុងសហគមន៍​ដែលមាន​វីរុសបំប្លែងថ្មី​បានផ្ទុះឡើង​នៅ​ប្រទេសនេះ។

រលកថ្មីនៃការឆ្លង​ក្នុងសហគមន៍​កើតឡើង​ក្រោយមាន​រដ្ឋប្រហារ​ក្នុងប្រទេស​ហើយបុគ្គលិក​ពេទ្យ​ជា​ច្រើននាក់​បានចូលរួម​យុទ្ធនាការ​ប្រឆាំងនឹង​យោធា​ទូទាំង​ប្រទេស​ដែល​បណ្តាលឱ្យ​ខ្វះ​ធនធាន​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​បច្ចុប្បន្ន។

បច្ចុប្បន្ន​ប្រទេសមីយ៉ាន់ម៉ា​ កំពុងប្រឈម​នឹងកង្វះ​អុកស៊ី​ហ្ស៊ែន ព្រមទាំងបុគ្គលិន​ពេទ្យ​សម្រាប់ ព្យាបាលអ្នកជំងឺ​ប្រជាជន​មីយ៉ាន់ម៉ា​មួយចំនួន​បានល្មើស​នឹងវិធានការ​រឹតបន្តឹង​របស់​យោធា ដើម្បីស្វែង​រកអុកស៊ីហ្ស៊ែន​ ដល់អ្នក​ជំងឺ​ដែលត្រូវការ។​ ក្រុមស្ម័គ្រ​មួយ​ចំនួន​បាន​ទទួល​ការ​ឱបត្ថម្ភ ជាថវិកា ​តាមរយៈ​អ្នកឧ បត្ថម្ភ​ក្នុង​បណ្តាញសង្គម​ដើម្បី​ទិញ​បំពង់​អុកស៊ី​ហ្ស៊ែន​ដើម្បី​ផ្គត់ផ្គង់​អ្នកជំងឺ​។

លោក Phoe Thar​ បានចេញទៅក្រៅ​ពីព្រលឹម​ដើម្បី​ប្រមូលបំពង់​អុកស៊ីហ្ស៊ែន​ពី​ផ្ទះរបស់អ្នក​ជំងឺកូវីដ ១៩​ នៅក្នុងទី​ក្រុងម៉ាន់ដាឡាយ​ប្រទេស​មីយ៉ាន់ម៉ា។​ លោក Thar​ និងក្រុម​អ្នកស្ម័គ្រចិត្ត​ព្យាយាមជួយ​សង្គ្រោះ ជីវិតនៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា ដែល​ប្រព័ន្ធសុខាភិបាល​បាន​ដួលរលំ​យ៉ាងខ្លាំង​ចាប់តាំងពី​មាន​រដ្ឋប្រហារថ្ងៃទី ១ ​ខែកុម្ភៈ ហើយឥឡូវនេះ​ប្រឈមមុខ​នឹង​ការរីករាល​ដាលកូ​វីដ ១៩ ក្នុង​សហគមន៍​ថែមទៀត​ផង។

តាមការស្រង់​សម្តីរបស់​សារព័ត៌មាន​រ៉យទ័រលោក ​Thar​ បាននិយាយថា​ បញ្ហាប្រឈម​ដ៏​ធំសម្រាប់​ក្រុម ការងារ​ស្ម័គ្រចិត្ត​របស់លោក ​គឺ​បច្ចុប្បន្ន​តម្រូវ​ការបំពង់​អុកស៊ីហ្ស៊ែន​ គឺ​មានច្រើន។

តួលេខ​របស់ក្រសួង​សុខាភិបាលមី​យ៉ាន់ម៉ា​បានបង្ហាញថា ​អ្នកស្លាប់​ដោយសារ​កូវីដ១៩​ បាន​កើនឡើង ដល់ ២៣៣​ នាក់ ​ត្រឹមថ្ងៃទី ​១៧ ​កក្កដា ​ប៉ុន្តែ​ពេទ្យព្យាបាល​អ្នកជំងឺ​បាន​និយាយថា​ចំនួន​អ្នកស្លាប់ គឺ​ខ្ពស់ជាង​នេះ​ទៅទៀត​។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា បានអំពាវនាវ​ឱ្យមាន​ការចូលរួមជា​អន្តរជាតិ​ជាបន្ទាន់​ ដើម្បីដោះស្រាយ​បញ្ហាដែល​ជា​កត្តា​កំពុងជំរុញ​ឱ្យ​មាន​វិបត្តិកូវីដ ១៩​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។

លោកTom Andrews​អ្នក​រាយការណ៍​ពិសេស​របស់អង្គការ​ សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ មនុស្ស​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាននិយាយថា ​វិស័យ​សុខាភិបាល​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ដួលរលំ រួមទាំងការ​មិនទុកចិត្ត​របស់​ប្រជាជន​មីយ៉ាន់ម៉ា​ទៅកាន់​របប​យោធាបាន​បង្កើតជា​កត្តាដែល​អាចបណ្តាល​ឱ្យ​បាត់​បង់ជីវិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ជាច្រើន ​បើសិនជាគ្មាន​ជំនួយបន្ទាន់​ពី​សហគមន៍​អន្តរជាតិ​ទេ។

លោក Andrews ​បានបញ្ជាក់ជា​ថ្មីនូវការ​អំពាវនាវ​របស់លោក​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​នៅទី​ក្រុង ហ្ស៉ឺណែវ​កាលពី​ថ្ងៃទី ៧ ​ខែកក្កដា ​ស្តីពីស្ថានការ​បន្ទាន់​ នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ដើម្បីផ្តល់​ជំនួយ​មនុស្ស ធម៌បន្ទាន់​ដល់​ប្រទេសនេះ​។

លោកបាន​និយាយថា៖ «​របបយោធា​ខ្វះ​ធនធាន​សមត្ថភាព ​និង​ភាពស្របច្បាប់​ ដើម្បី​ធ្វើ​ឱ្យ​វិបត្តិនេះ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង។ ​វិបត្តិនៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ គឺមានគ្រោះថ្នាក់​ខ្លាំង ​ជា​ពិសេស​ដោយ សារតែការ​មិនទុកចិត្ត​របស់​ប្រជាជន​មីយ៉ាន់ម៉ា​ទៅកាន់​របប​យោធា​»។

លោកបាន​បន្តនិយាយថា ​សហគមន៍​អន្តរជាតិ​ត្រូវជួយ​សម្របសម្រួល​ស្ថាប័ន​មិនមែន​យោធា និងមិនមែនន​យោបាយ​ ដើម្បីមាន​គំនិតផ្តួច​ផ្តើមឆ្លើយតប​ស្ថានការណ៍​កូវីដ ១៩ ​ដែល​រួមមាន យុន្ទាការ​ចែកចាយ​វ៉ាក់សាំង​កាពារកូវីដ ១៩ ​ដែល​ប្រជាជន​មីយ៉ាន់ម៉ា​អាចនឹង​ជឿទុក​ចិត្ត​បាន​៕