នៅរដ្ឋ Oregon នៃ​សហរដ្ឋអាមេរិក​មានភ្លើងឆេះ​ព្រៃ​ដ៏ខ្លាំងមួយ​នៅលើផ្ទៃដី​ជាង ​៣០​ ម៉ឺន​ហិកតា​ ដោយ​បង្កឱ្យមានការ​ជម្លៀសមនុស្ស​រាប់ពាន់នាក់​នៅក្នុង​តំបន់នោះ។​ អ្នកពន្លត់​អគ្គិភ័យ​ជាង​ ២ ពាន់ នាក់​កំពុងព្យាយាម​គ្រប់គ្រង​ស្ថានការណ៍​ភ្លើងឆេះ​ព្រៃនោះ​ ដែលគេហៅថា​ The Bootleg Fire។

ភ្លើងឆេះព្រៃ ​The Bootleg Fire​បាន​បណ្ដាល​ឱ្យ​ប្រជាជន​យ៉ាងតិច​ ២​ពាន់នាក់ ​នៅតំបន់​ជន បទភាគ​ច្រើនបោះបង់​ចោលផ្ទះ​សំបែង​របស់ពួកគេ​ដើម្បីទៅ​ស្នាក់នៅ​តំបន់ដែល​មាន​សុវត្ថិភាព​។ គិតមក​ដល់ពេលនេះ​ផ្ទះ​និងអគារ​ចំនួន ១៦០​ត្រូវបាន​បំផ្លាញ​ដោយសារ​ឧបទ្ទវហេតុ​ភ្លើងឆេះ​ព្រៃនេះ​។

គួរបញ្ជាក់​ផងដែរថា​ ភ្លើងឆេះ​ព្រៃនៅរដ្ឋ ​Oregon នេះកើត​ឡើង​ចាប់តាំង​ពី​ថ្ងៃទី៦ ​ខែ​កក្កដា​មក​ម្ល៉េះ ហើយបានដុត​បំផ្លាញតំបន់​មួយដែល​ធំជាងទី​ក្រុងLos Angeles ​ផងដែរ​។

តាមការ​ស្រង់សម្តី​របស់​សារព័ត៌មាន​BBC​កាលពី​ថ្ងៃទី ​១៨​ កក្កដា ​ប្រធានផ្នែក​ប្រតិបត្តិ​ការ​លោក​John Flannigan បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកថា​ កម្តៅភ្លើងឆេះ​ព្រៃអាច​នឹងកើន​ឡើង​លឿន​ជាង​មុន ដោយ​សារអាកាសធាតុ​មិនអំណោយផល​ដែលមាន​សភាពក្តៅ​ស្ងួតហើយ​ខ្យល់មិន​មានស្ថិរភាព​ដែល​ធ្វើ​ឱ្យ​ កម្តៅកើន​ឡើង​លឿន​ជាងមុន​។

ភ្លើងឆេះ​ព្រៃនេះ​មានសភាព​ខ្លាំងណាស់​ដែលអគ្គិភ័យនេះ​អាចបង្កើត​ឱ្យមាន​អាកាសធាតុ​មួយដែល​ឯកឯង​នៅក្នុង​តំបន់​ដែលមាន​ភ្លើងឆេះនោះ។​ អាំងតង់ស៊ីតេ​និង​កម្តៅខ្លាំង​របស់​អគ្គិភ័យនេះ​អាច​បង្ក​ឱ្យ​ មាន​ខ្យល់ វិលជុំវិញ​ដែលបង្កើត​បាន​ជាពពក​ហើយជួន​កាល​បង្កើតបាន​ជាព្យុះ​កំបុតត្បូង​បក់​កំដៅ​ផ្សែង​និង​ខ្យល់ខ្លាំង​។

ភ្លើងឆេះ​ព្រៃជា​ច្រើន​រាលដាល​ទៅតំបន់​ផ្សេងយ៉ាងឆាប់​រហ័ស​ហើយ​ភ្លើងឆេះ​ព្រៃ​The Bootleg Fir​eនេះ ក៏មិនខុស​គ្នាដែរ។​ ក្នុងរយៈពេល២-៣​ថ្ងៃដំបូង​ អគ្គិភ័យនេះ ​បានបង្ក​ឱ្យ​មានការឆេះ​ព្រៃ​ត្រឹម​ប៉ុន្មាន​ ៣ ​ទៅ ៤គីឡូម៉ែត្រការេ​ប៉ុណ្ណោះ​ឬតិច​ជាង​នេះ ប៉ុន្តែក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​បន្ទាប់ភ្លើង​ក៏រាលដាល​បន្ថែម​ដល់ទៅជាង​១០០ ​គីឡូ​ម៉ែត្រ​ការ៉េ។

បុគ្គលិកពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​អគ្គិភ័យនេះ ​ប៉ុន្តែ​ស្ថានភាព​នៅតំបន់ឆេះ​ ព្រៃនោះ​នៅតែ​មិន​អន់ ថយដែល​បានបង្ខំឱ្យ​បុគ្គលិក​ពន្លត់​អគ្គិ​ភ័យជិត​ ២ ២០០ នាក់ ​ដកថយ​ទៅទីតាំង​មាន​សុវត្ថិភាព​។

មូលហតុ​ដែល​បណ្តាលឱ្យ​ មានភ្លើងឆេះ​ព្រៃ​ភាគ​ច្រើន​បណ្តាល​មកពី​ បរិមាណ​កម្តៅ​ដែលទាក់ទង​ នឹង ភាពស្ងួត​នៃ​ព្រៃឈើ​និង​រុក្ខជាតិ​ដទៃទៀត​ទាំង​រុក្ខជាតិ​ងាប់និងរស់។​ តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ Oregon​ក៏ដូចជា​តំបន់​ភាគខាង​លិច​ភាគច្រើន​គឺមាន​អាកាសធាតុ​ស្ងួតខ្លាំង​ ដែល​ជា​លទ្ធផល​បណ្តាល​ឱ្យ​ មានគ្រោះ ​រាំងស្ងួត​ដែល​កំពុង​ប៉ះពាល់​ដល់​តំបន់​ជាច្រើន​៕