ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍កីឡាអូឡាំពិក គ្រោងនឹងចាប់ផ្តើមសមាជិក​ប៉ុន្មាននាក់ដែល​មក​ពី​​ក្រុម​​បាល់​​​ទាត់​​​អូឡាំពិក​នៃ​ប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់​ពីបាន​ទៅ​ដល់​ភូមិ​អូឡាំពិក​ទី​ក្រុងតូក្យូ​។

លោក Mxolisi Sibam អ្នកចាត់ការទូទៅ​សមាគម ​បាល់ទាត់អាហ្វ្រិកខាងត្បូង​ បានឱ្យដឹងនៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា៖ ​«យើង​រកឃើញ​​ករណី​វិជ្ជមាន​ចំនួន ៣ នៅក្នុងជំរំ​នៅទី​នេះ​ អ្នក​លេង២នាក់និងមន្ត្រីម្នាក់»។

យោងតាមសមាគម​បានឱ្យដឹងថា អត្តពលិកទាំង២គឺជាកីឡាករបាល់ទាត់លោក ​Thabiso Monyane និងលោក ​Kamohelo Mahlatsi និង​មន្ត្រីវិភាគវីដេអូ​ លោក Mario Masha។ ពួកគេជាអត្តពលិក​ដំបូង​គេ​ ​​​ដែល​បានធ្វើតេស្តវិជ្ជមាននៅក្នុងភូមិ​កីឡា​នេះ​។ក្រុមកីឡានេះ បានចាកចេញ​ពី​អាហ្វ្រិក​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​ ១៣ ខែកក្កដា ហើយបានទៅដល់ទីក្រុងតូក្យូ​នៅថ្ងៃ​បន្ទាប់​ ហើយ​​លទ្ធផលតេស្ត​គឺ​ ​អវិជ្ជមាន។​

សមាគម​បាននិយាយថា មន្ត្រី​វិភាគវីដេអូ​បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ហើយ​ បាន​ធ្វើ​ចត្តាឡី​ស័ក​​​ ដោយ​ឡែក​អ​ត្តពលិកបានធ្វើ​តេស្តវិជ្ជមា​ននៅថ្ងៃសុក្រ និង​​ថ្ងៃ​សៅរ៍​។​ ឥឡូវ​​​នេះ ​ក្រុម​ទាំង​មូល​កំពុង​ស្ថិត​​ក្នុង​ការ​ដាក់​ឱ្យ​ដាច់ដោយឡែក​​ពី​គ្នា រហូត​ដល់​ស្ថានភាព​ល្អ​ប្រសើរ​វិញ​។

លោក Sibam បាននិយាយថា៖«ឥឡូវនេះយើងទាំងអស់គ្នា​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​​​មុន​​នឹ​ង​ហាត់​សម​​​សម្រាប់ ថ្ងៃនេះដោយរ​ង់ចាំលទ្ធផលនៅព្រឹកនេះ។ ស្ថានភាពអកុសលនេះ បាន​ធ្វើ​ឱ្យ​យើង​ខក​ខាន​វគ្គ​ហ្វឹក​ហាត់​ ហើយ​ហាត់​សង​វិញ​យ៉ាង​សកម្ម​កាលពីយប់មិញ»​។

ករណីដំបូងនៅក្នុងភូមិកីឡា ត្រូវបានគេ​រកឃើញ​កាលពីថ្ងៃសៅរ៍ ក្រោយ​ពី​បុគ្គលម្នាក់​ (អាច​មិន​មែន​ជា​អត្តពលិក​) បាន​ធ្វើ​​តេស្តវិជ្ជមាន​។​ អ្នករៀបចំការ​ប្រកួត​បាននិយាយថា នៅ​ខាង​ក្រៅ​ភូមិ​អូឡាំពិកករណី​ទី៣​ ដែលជាអត្តពលិក​​ ត្រូវ​បានគេ​រកឃើញ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ឈ្មោះនិងស​ញ្ជាតិនៃបុគ្គល​នេះ​ មិន​ត្រូ​វ​បាន​បង្ហាញ​ទេ​។

កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ នឹងចាប់ផ្តើមនៅថ្ងៃសុក្រប៉ុន្តែ​គេ​កំពុង​​ព្រួយបារ​ម្ភ​អំពី​ករណី​វិជ្ជមាន​កូវីដ ១៩ ដែល​កំពុង​រីក​រាល​ដាល​ដោយ​មក​ដល់​បច្ចុប្បន្ន គេ​បាន​រកឃើញ​​ ៥៥ ករណី​ហើយទាក់​ទិន​នឹ​ង ព្រឹត្តិការណ៍កីឡានេះរួ​មទាំងមន្ត្រីនិង​អ្នកម៉ៅការ​នានា​។

សាធារណជនជប៉ុនក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិ​ជាច្រើន​ បានសម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ព្រឹត្តិ-ការណ៍​កីឡា​ ដែលនឹងដំណើរការទៅមុខ ខណៈដែលប្រទេសជប៉ុន​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីករាល​ដាល​​នេះ។

ប្រទេសនេះ ត្រូវ​ទទួល​រង​បទពិសោធ​រលកទី២ ដ៏​ធំ​ ចាប់​តាំង​ពីខែមីនា​មក​ ហើយ​បន្ត​កើនឡើង​ខ្លាំង​នៅ​ខែ​ មេសានិង​ឧសភា ដោយ​រកឃើញ​​ករណីប្រចាំង​ថ្ងៃ​​ជិត ៦ ០០០ ករណី និងបាន​ចាប់ផ្តើមធ្លាក់ចុះ​នៅ​ក្នុង​ខែមិថុនា ប៉ុន្តែបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលធ្វើឱ្យមានការភ័យ​ខ្លាច​ដល់​ការ​មក​ដល់​នៃ​ក្រុមអត្តពលិក​មក​ពី​ប្រមាណ​ ២០០ ប្រទេសដែលអាចប្រែក្លាយ​ព្រឹត្តិការណ៍​ហ្គេម​ទៅ​ជា​ការ​រីក​រាល​ដាល​ជា​សកល​។

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា គិត​ត្រឹម​ថ្ងៃ​ សុក្របុគ្គល​អូឡាំពិកជាង ១៥ ០០០ នាក់ បានមក​ដល់​​ប្រទេសជប៉ុន និង​ស្នាក់​នៅ​ក្នុង​ភូមិអូឡាំពិកដែល​​មាន​​អគារ​លំនៅឋានចំនួន ​២១ នឹងមាន​អត្តពលិកប្រមាណ ១១ ០០០ នាក់។

លោក Bach បានទទួលស្គាល់ការរិះគន់អំពី​ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកអំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ ប៉ុន្តែក៏​បានការពារវិធានការបង្ការដែលត្រូវបានអនុវត្ត។លោកបាននិយាយនៅក្នុងសន្និសីទ​សារព័ត៌​មាន​ កាលពីថ្ងៃសៅរ៍ថា៖ «យើងដឹងច្បាស់​ពី​ការព្រួយបារម្ភ​ពី​មនុស្ស​មួយ​ចំនួន ដែល​មក​ដល់​ប្រទេស​​ជប៉ុន ហើយ​ការអំពាវនាវ​របស់​ខ្ញុំគឺ សុំ​ឱ្យ​​​ប្រជាជន​ជប៉ុ​ន​​​ស្វាគមន៍ដល់​​អត្តពលិក ដែល​បាន​មក​ដល់​ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ផងដែរ​»។

គួរបញ្ជាក់ផងដែរថា ទីក្រុង​ត្យូក្យូបាន​រកឃើញ​ករណី​កូវីដថ្មី​ ១ ករណី កាលពីថ្ងៃអាទិត្យដែ​លជាករណី​ខ្ពស់​ជាង៧​ថ្ងៃមុន។ កីឡាអូឡាំពិកនឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃសុក្រក្រោមស្ថា​នភាព​អាសន្ន​នៅទី​ក្រុងតូក្យូ​ និងខេ​ត្ត ជិតខាងចំនួន ៣ ដែល​ការ​ដាក់​ក្នុង​ភាពអាសន្ន​នេះ​ នឹង​បញ្ចប់​នៅ​​ថ្ងៃទី ២២ ខែសីហា ខណៈ​ ការ​ប្រកួត កីឡា​អូឡាំពិកនឹងបញ្ចប់​​នៅថ្ងៃទី ៨ ខែសីហា៕