
លោក Jeremy Hunt មកដល់ដើម្បីចូលរួមជំនួបគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។ AFP
មេធាវីតំណាងឱ្យរដ្ឋមន្រ្តីក្រសួងការបរទេស លោក Dominic Raab បានប្រាប់តុលាការកំពូលថា រដ្ឋាភិបាលចក្រភពអង់គ្លេសគាំទ្រ និងទទួលស្គាល់មេដឹកនាំប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា គឺលោក ចួន ហ្គៃដូ ក្នុងករណីដេញថ្លៃមាសតម្លៃជិត ១ ពាន់លានដុល្លារ។
រដ្ឋាភិបាលអង់គ្លេសបានព្យាយាមដកហូតការដេញថ្លៃរបស់ធនាគារកណ្តាលវ៉េណេស៊ុយអេឡា (BCV) ដែលគាំទ្រដោយដោយលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃចន្ទ ក្នុងករណីដេញថ្លៃផ្ទេរមាសមានតម្លៃជិត ១ ពាន់លានដុល្លារ ដែលផ្ទុកនៅក្នុងធនាគារទីក្រុងឡុងដ៍ មកប្រទេសខ្លួនវិញ។
ក្រុមប្រឹក្សាទាំង ២ ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងលោក ចួន ហ្គៃដូ ក៏មានជម្លោះពាក់ព័ន្ធនឹងករណី ១ ទៀត ទាក់ទិនទឹកប្រាក់ប្រមាណ ១២០ លានដុល្លារអាមេរិក ដែលធនាគារ Deutsche Bank ឱ្យធនាគារកណ្ដាលខ្ចីផងដែរ។
មេធាវីតំណាងឱ្យក្រុមប្រឹក្សាភិបាលលោក ហ្គៃដូ បានចាត់វិធានការស្របច្បាប់កាលពីឆ្នាំមុន ដើម្បីផ្ទេរមាសដែលប្រទេសនេះតម្កល់ទុកដើម្បីយកទៅលក់ហើយដោះស្រាយវិបត្ដិមេរោគឆ្លងនៅប្រទេសនេះ។ ប៉ុន្តែធនាគារអង់គ្លេសបាននិយាយថា ខ្លួនត្រូវឈរកណ្តាលដៃគូប្រជែងទាំង ២ ដែលគ្រោងនឹងផ្ទេរមាសនេះ ដោយសារករណីជំពាក់ប្រាក់ធនាគារ Deutsche Bank នៅមិនទាន់ដោះស្រាយរួច ពោលគឺត្រូវចាំលទ្ធផលពីករណីនេះសិន។
ទោះស្ថិតនៅក្នុងស្ថានភាពតស៊ូផ្លូវច្បាប់ដ៏តឹងរ៊ឹងយ៉ាងណាក្ដី រដ្ឋាភិបាលចក្រភពអង់គ្លេសបានទទួលស្គាល់លោក ហ្គៃដូ ជាប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅលេខាធិការបរទេសលោក Jeremy Hunt បាននិយាយថា រដ្ឋាភិបាលអង់គ្លេសបានទទួលស្គាល់លោក ចួន ហ្គៃដូ ជាប្រធានាធិបតីបណ្តោះអាសន្នក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសវ៉េណេស៊ុយអេឡា រហូតទាល់តែមានការបោះឆ្នោតប្រធានាធិបតីដែលអាចទុកចិត្តបាន។
ជំហររបស់រដ្ឋាភិបាលនៅតែត្រូវបង្ហាញម្ដងទៀតក្នុងលិខិតពីមន្រ្តីជាន់ខ្ពស់នៃការិយាល័យការបរទេសសហគមន៍ និងអភិវឌ្ឍន៍ (FCDO) ទៅកាន់ចៅក្រមតុលាការជាន់ខ្ពស់ក្នុងករណីរឿងក្ដីធនាគារ Deutsche Bank នៅខែមីនា ឆ្នាំ ២០២០។
កាលពីខែកក្កដា ឆ្នាំមុន តុលាការជាន់ខ្ពស់ក៏បានរកឃើញថា សេចក្តីថ្លែងការណ៍ដដែលនេះមានន័យថា រដ្ឋាភិបាលអង់គ្លេស «បានទទួលស្គាល់ជាផ្លូវការ» ថា លោក ហ្គៃដូ ជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសវ៉េណេស៊ុយអេឡា ហេតុដូច្នេះហើយ លោកមានសិទ្ធិក្នុងការផ្ទេរមាសនេះ។
ប៉ុន្តែនៅក្នុងខែតុលា កន្លងទៅសាលាឧទ្ធរណ៍បាននិយាយថា សេចក្តីថ្លែងការណ៍ដដែលនេះ គឺមិនច្បាស់ដែលជាការបើកលទ្ធភាពឱ្យរដ្ឋាភិបាលទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា។
មេធាវីតំណាងក្រុមប្រឹក្សាភិបាលលោក ហ្គៃដូ ក៏កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនោះនៅក្នុងសវនាការកំពូលរយៈពេល ៤ ថ្ងៃ នៅទីក្រុងឡុងដ៍។
ដោយឡែកកាលពីថ្ងៃចន្ទនេះ មេធាវីតំណាងលោក Raab បានប្រាប់តុលាការកំពូលថា លិខិតការិយាល័យ FCDO ដែលផ្ញើទៅឱ្យតុលាការ គឺជាការទទួលស្គាល់យ៉ាងច្បាស់ និងមិនមានមន្ទិលថា លោក ហ្គៃដូ ជាប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡា។
លោក James Eadie នៃការិយាល័យ FCDO បាននិយាយនៅក្នុងសេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សរថា៖ «លិខិតនេះ បានបញ្ជាក់ច្បាស់ណាស់ថា អ្នកណាជាប្រធានាធិបតី និងណាជាប្រធានាធិបតីទទួលស្គាល់»។
លោកបានបន្ថែមថា៖ «រដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា ចក្រភពអង់គ្លេសបានទទួលស្គាល់លោក ហ្គៃដូ ជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសនេះ កាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ និងបន្តទទួលស្គាល់លោកតែក្នុងឋានៈនេះប៉ុណ្ណោះ។
ចាប់ពីថ្ងៃ ខែដដែលនោះ អង់គ្លេសលែងទទួលស្គាល់ លោក ម៉ាឌូរ៉ូ ជាប្រមុខរដ្ឋវ៉េណេស៊ុយអេឡាមិនថាលើផ្លូវច្បាប់ ឬមិនផ្លូវច្បាប់ទេ»។
លោក Timothy Otty តំណាងឱ្យក្រុមប្រឹក្សាភិបាលលោក ហ្គៃដូ បាននិយាយថា អន្តរាគមន៍របស់រដ្ឋាភិបាលមានន័យថា បញ្ហានៃចក្រភពអង់គ្លេសដែលត្រូវបានទទួលស្គាល់ជាប្រធានាធិបតីនៃប្រទេសវ៉េណស៊ុយអេឡា ត្រូវតែត្រូវបានសម្រេចចិត្តថា ដើម្បីជាប្រយោជន៍យើងនោះទេ៕