សភា​ហុងកុងបាន​ចាប់​ផ្ដើម​បើក​កិច្ច​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ពី​ការ​ប្រឆាំង​នឹង​ការ​ទម្លាយ​ព័ត៌មាន​ឯកជន​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ ក្រោយ​ពេល​ដែល​ព័ត៌មាន​ឯកជន​របស់​មន្ត្រី​រដ្ឋបាល​នៅ​លើ​ដែនដី​នេះ ដែល​មាន​ដូច​ជា អាសយដ្ឋាន​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​សាលារៀន ដែល​កូន​របស់​ពួក​គេ​កំពុង​តែ​រៀន ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ដោយ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែនដី​ស្វយ័ត​ហុងកុង។

គេ​រំពឹង​ទុក​ថា ច្បាប់​នេះ ​អាច​នឹង​ត្រូវ​អនុម័ត​យ៉ាង​លឿន ដោយសារ​តែ​នៅ​ពេល​នេះ​ សភា​ហុងកុង​មិន​មាន សមាជិក​ក្រុម​ប្រឆាំង​ណា​មួយ​ទេ ខណៈ​អ្នក​តាក់តែង​ច្បាប់​មាន​និន្នាការ​ប្រឆាំង​បាន​លា​ឈប់ ក្រោយ​ពេល​ដែល​ច្បាប់​សន្តិសុខ​ជាតិ​ត្រូវ​បាន​អនុម័ត ដោយ​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ២០២០។

បើ​តាម Reuters អ្នក​ដែល​ល្មើស​នឹង​ច្បាប់​នេះ គឺ​ជា​អ្នក​ដែល​ទម្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ណា​មួយ ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​មាន​បំណង​ក្នុង​ការ​វាយប្រហារ​ជាក់លាក់​ណា​មួយ​ដូច​ជា ការ​គំរាមកំហែង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ជា​ដើម។ អ្នក​ល្មើស​ច្បាប់ អាច​នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ចំនួន ១លាន​ដុល្លារ​ហុងកុង ឬ ក្បែរ ១៣ម៉ឺន​ដុល្លារ ហើយ​អាច​ជាប់​ពន្ធនាគារ​ ៥ឆ្នាំ។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ច្បាប់​នេះ​ត្រូវ​បាន​សម្ព័ន្ធ​អ៊ីនធឺណិត​អាស៊ី ដែល​រួម​មាន​ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និង Twitter សម្ដែង​ពី​ការ​ព្រួយបារម្ភ​ ហើយ​បាន​ហៅ​វិធានការ​នេះ​ថា មិន​សមស្រប​នឹង​បទប្ប​ញ្ញត្តិ និង​ទំនោរ​របស់​ពិភពលោក៕

ហ៊ីម រដ្ឋា​