ទឹកជំនន់​ដ៏​កាច​សាហាវ​នៅ​ខេត្ត​ហឺណាន​ ភាគ​កណ្ដាល​ប្រទេស​ចិន​ កាល​ពី​ថ្ងៃពុធ​ បាន​វាយ​ប្រហារ​អ្នក​រស់​នៅ​ទីនោះ ដោយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​រាប់​សិប​នាក់​បាន​បាត់បង់ជីវិត នៅក្រុង​ ចឹងជូ​ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​ជួប​គ្រោះ​រាំងស្ងួត​ ហើយ​គ្រោះ​នា​ពេល​បច្ចុប្បន្ន​ជា​អ្វី​ដែល​ក្រុម​អ្នក​តាមដាន​អាកាសធាតុ​និយាយ​ថា​ ជា​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ក្នុង​រយៈពេល ​១ ០០០ ឆ្នាំ​កន្លង​មក​នេះ​។

យោង​តាម​រដ្ឋាភិបាល​ក្រុង ចឹងជូ ដែល​ជា​ទីក្រុង​មួយ​មាន​ប្រជាជនជាង​ ១២ លាន​នាក់​ និង​ស្ថិត​នៅ​តាម​មាត់​ទន្លេ​លឿង​បាន​និយាយ​ថា​ មនុស្ស​ជាង​ ១២ នាក់​ បាន​ស្លាប់​នៅ​ក្នុង​ខ្សែ​រថភ្លើង​ក្រោម​ដី​ដែល​ជន់​លិច ​ខណៈ​ដែល​មនុស្ស​ជាង​ ៥០០ នាក់ ​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ទី​ទួល​មាន​សុវត្ថិភាព។

ខ្សែវីដេអូ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃអង្គារ​ បាន​បង្ហាញ​ពី​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹកជំនន់​ ដោយ​នៅ​លើ​រថភ្លើង​ក្លាយ​ជា​ទី​ងងឹត​ និង​ស្ថានភាព​ក្រោម​ដី​បាន​ប្រែក្លាយ​ជា​អាង​ហែល​ទឹក​ដ៏​ធំ​ ១៕

មឹង ​ច័ន្ទ​សុម៉ា​នីតា​