លោក Nyan Win ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោកស្រី​ អ៊ុង​សាន ស៊ូជី បាន​ទទួល​មរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​សារ​ជំងឺ​កូវីដ ១៩ ក្នុង​ជន្មាយុ ៧៨ ឆ្នាំ ក្រោយ​ពី​ឆ្លង​ជំងឺ​នេះ​ អំឡុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ Insein ក្រុង​យ៉ាំងហ្គោន​។​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ជា​ភាសា​ភូមា​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ (NLD)​។

បើ​តាម​សេចក្ដីថ្លែងការណ៍​ខាង​លើ​បុរស​វ័យ ៧៨ ឆ្នាំ​រូប​នេះ​​​​​​​​​​ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​អំឡុង​ពេល​ក្រុម​យោធា​មីយ៉ាន់ម៉ា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល កាល​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ហើយ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ Insein ចាប់​ពី​ពេល​នោះ​រហូត​មក។ លោក​ទើប​តែ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ កាល​ពី​សប្ដាហ៍​មុន​នេះ ក្រោយ​ពី​ឆ្លង​ជំងឺ​កូវីដ ១៩។

ប្រភព​ព័ត៌មាន​យោធា​មីយ៉ាន់ម៉ា​ បាន​ប្រាប់​សារព័ត៌មាន​ Reuters ថា លោក Nyan Win បាន​ផ្ទុក​នូវ​ជំងឺ​ប្រចាំ​កាយ ​ដូច​ជា​ ជំងឺ​ទឹក​នោម​ផ្អែម និង​មាន​សម្ពាធ​ឈាម​ខ្ពស់។ ប្រភព​យោធា​ដដែល​បាន​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​ក្នុង​ពន្ធនាគារ​សរុប ៣៧៥ នាក់ មាន ៦ នាក់​បាន​បាត់បង់​ជីវិត។

ក្រៅ​ពី​ជួប​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​តាំង​ពី​ខែ​កុម្ភៈ​មក មីយ៉ាន់ម៉ា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នូវ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ ចាប់​តាំង​ពី​ខែ​មិថុនា​មក។ ប្រទេស​នេះ ​មាន​ករណី​ប្រចាំ​ថ្ងៃ​ជា​មធ្យម ៥ ពាន់​ករណី នៅ​ក្នុង​ ១ សប្ដាហ៍​ចុង​ក្រោយ៕

ហ៊ីម រដ្ឋា