អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ អ្នក​ធ្វើ​ចារកម្ម​បាន​ដាក់​គោលដៅ​ទៅ​លើ​បុគ្គល​ដូចជា​ ប្រធានាធិបតី​នាយក​រដ្ឋមន្ត្រី ឬ​ស្ដេច ដែល​គ្រប់គ្រង​ជោគ​វាសនា​នៃ​ប្រទេស​ណា​មួយ​ហើយ​នៅ​សតវត្សរ៍ទី​២១​ អ្នក​ធ្វើ​ចារកម្ម​កាន់​មាន​ភាព​ងាយ​ស្រួល​ ដោយ​បុគ្គល​ទាំង​នេះ​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ដូចជា​កម្មវិធី IOS និង​ Android នៅ​ក្នុង​ដៃ​គ្រប់​រូប​។

នេះ​ គឺ​ជា​ហេតុផល​មូលដ្ឋានគ្រឹះ​​នៃ​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​ស្ថាប័ន​ព័ត៌មាន​អន្តជាតិ​ចំនួន​ ១៧ ដែល​រួម​មាន​កាសែត​ The Washington Post និង​ The Guardian ទៅ​លើ​ការ​បែកធ្លាយ​​ទិន្នន័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឃ្លាំមើល​ និង​ចារកម្ម​អ៊ីស្រាអែល ក្រុមហ៊ុន​​ NSO Groups​។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ការ​វិភាគ​លើ​បញ្ជី​លេខ​ទូរស័ព្ទ​ច្រើន​ជាង ៥០​ ០០០​ ខ្សែ​ បាន​មក​ពី​ការ​បែក​ធ្លាយ​ខាង​លើ​ និង​ការ​ត្រួត​ពិនិត្យ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ជន​រងគ្រោះ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ​កម្មវិធី​ចារកម្ម​ Pegasus របស់​ NSO ត្រូវ​បាន​​លក់​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​ត្រូវ​បាន​ប្រើ​ដើម្បី​ឃ្លាំមើល​សកម្មជន អ្នក​សារព័ត៌មាន ​អ្នក​នយោបាយ​ និង​បុគ្គល​ឯកជន​មួយ​ចំនួន​។

ក្នុង​ចំណោម​លេខ​ទូរស័ព្ទ​ច្រើន​​ជាង​ ៥០ ០០០ ខ្សែ​ ក្រុម​ស្ថាប័ន​ព័ត៌មាន​អន្តជាតិ​បាន​រក​ឃើញ​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល ម៉ាក្រុង និង​ប្រមុខរដ្ឋ​ ប្រមុខ​ រដ្ឋាភិបាល​ផ្សេង​ទៀត​ចំនួន​ ១៣ ​រូប​ រួម​ជាមួយ​មន្ត្រី​ការ​ទូត មន្ត្រី​យោធា​ និង​អ្នក​​នយោបាយ​ជាច្រើន​​​ទៀត​មក​ពី​ ៣៤ ប្រទេស​។

ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា ​ប្រសិន​បើ​ទូរស័ព្ទ​របស់​លោក​ ម៉ាក្រុង​ ​ពិត​ជា​ត្រូវ​បាន​រក​ឃើញ​លេខ​​នៅ​ក្នុង​បញ្ជី​មែន​នោះ​ វា​ជា​រឿង​ធ្ងន់ធ្ងរ​។

ដោយ​ស្រង់​សម្តី​ពី​ប្រភព​មួយ​កាសែត​បារាំង Le Monde បាន​រាយការណ៍​ថា​ លេខ​ទូរស័ព្ទ​ ១ ​ក្នុង​ចំណោម​លេខ​ទូរស័ព្ទ​លោក​ ម៉ាក្រុង ​ប្រើប្រាស់​ជា​ញឹកញាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ត្រូវ​បាន​ដាក់​ចូល​បញ្ជី​ឃ្លាំមើល​ដោយ​ភ្នាក់ងារ​ចារកម្ម​ប្រទេស​ម៉ារ៉ុក។

បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របស់​កាសែត​​ Le Monde ប្រទេស​ម៉ារ៉ុក ​បាន​ចេញ​សេចក្ដី​ថ្លែងការ​ណ៍​ ១ ​ថា ​ខ្លួន​មិន​មាន​អ្វី​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កម្មវិធី​ Pegasus ទេ​ ហើយ​ច្រានចោល​ «ការ​ចោទ​ប្រកាន់​​គ្មាន​មូលដ្ឋាន​ និង​មិន​ពិត»។

ក្រុមហ៊ុន​ NSO បាន​និយាយ​ថា​ លោក​ ម៉ាក្រុង​ ​មិនមែន​ជា​គោលដៅ​របស់​អតិថិជន​ពួក​គេ​ណា​មួយ​ឡើយ ហើយ​បន្ថែម​ទៀត​ការ​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ក្នុង​បញ្ជី​នេះ​មិន​មាន​ន័យ​ថា​ ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ឃ្លាំមើល​ដោយ​ Pegasus ទេ​។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​យល់​ឃើញ​ថា ​បញ្ជី​នេះ​ គឺ​អាច​ប្រើ​ដោយ​អតិថិជន​របស់​ NCO ដើម្បី​ត្រៀម​ធ្វើ​ការ​ឃ្លាំមើល​នៅ​ពេល​ក្រោយ​ដូច​ដែល​បាន​រក​ឃើញ​ក្នុង​ការ​ពិនិត្យ​ទូរស័ព្ទ​របស់​ជន​រងគ្រោះ​មួយ​ចំនួន​។​

បញ្ជី​នេះ​ក៏​រួម​មាន​ប្រធានាធិបតី​អ៊ីរ៉ាក់ Barham Salih និង​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង ​លោក Cyril Rama phosa នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ចំនួន ៣ រូប​ គឺ​លោក Imran Khan នៃ​ប្រទេស​ប៉ាគីស្ថាន លោក Mostafa Madboulyនៃ​ប្រទេស​អេហ្ស៊ីប និង​លោក Saad-Eddine El Othmani របស់​ប្រទេស​ម៉ារ៉ុក​។

អតីត​នាយក​រដ្ឋមន្ត្រី ៧ រូប​គឺ​លោក Ahmed Obeid bin Daghr នៃ​ប្រទេស​យេម៉ែន លោក Saad Hariri នៃ​ប្រទេស​លីបង់ លោក Ruhakana Rugunda នៃ​អ៊ូហ្គង់ដា លោក Edouard Philippe នៃ​ប្រទេស​បារាំង លោក Bakitzhan Sagintayev នៃ​ប្រទេស​កាហ្សាក់ស្ថាន លោក Noureddine Bedoui របស់​ប្រទេស​អាល់ហ្សេរី និង​លោក Charles Michel នៃ​បែលហ្ស៊ិក ដែល​យោង​ទៅ​តាម​កាល​បរិច្ឆេទ​នៅ​ក្នុង​បញ្ជី​ត្រូវ​បាន​គេ​ដាក់​នៅ​ទីនោះ​ ខណៈ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​តំណែង​។ ព្រះមហាក្សត្រ​ Muhammad VI នៃ​ប្រទេស​ម៉ារ៉ុក និង​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក​ Tedros Ghebreyesus ក៏​ស្ថិត​​ក្នុង​បញ្ជី​នេះ​ដែរ​។

គ្មាន​មេ​ដឹកនាំ​ណា​ម្នាក់​បាន​ផ្ដល់​ទូរស័ព្ទ​របស់​ពួក​គេ​ ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ថា​ តើ​ពួក​គេ​ត្រូវ​បាន​ឃ្លាំមើល​ដោយ​ Pegasus ដែរ​ឬ​ទេ​?