រដ្ឋាភិបាលចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេតនៅមន្ទីរពិសោធន៍អាមេរិកដែលអាចទាក់ទងនឹង ប្រភពដើមនៃវីរុសកូវីដ ១៩ បន្ទាប់ពីមានការចោទប្រកាន់ជាច្រើនដែលថា ប្រភពវីរុសនេះ គឺលេចចេញពីមន្ទីរពិសោធន៍នៅវូហាន ប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying និងសហការីចំនួន ២ នាក់ នៅក្រសួងការបរទេសដូចគ្នាគឺលោក Zhao Lijian និងលោក Wang Wenbin បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍ Fort Detrick សរុបចំនួន ៣៣ ដង នៅក្នុងសន្និសីទសារព័ត៌មានផ្លូវការ។

តាមការរាយការណ៍របស់សារព័ត៌មាន South China Morning Post បន្ទាប់ពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមករា នេះមក មានការអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើវិទ្យាស្ថាននេះមានចំនួន ២៧ រួចមកហើយទាក់ទងនឹងប្រពភនៃវីរុសកូវីដ ១៩។

កាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយដោយបង្ហោះជាសារនៅក្នុងបណ្តាញសង្គមធ្វីធើរថា៖ «ករណីផលប៉ះពាល់ទៅដល់សួតដែលបណ្តាលដោយសារជក់បារីអេឡិចត្រូនិក (EVALI) បានកើតឡើងនៅរដ្ឋ Wisconsin ក្នុងខែកក្កដាឆ្នាំ ២០១៩ ដោយករណីនេះ មានរោគសញ្ញាស្ទើរតែដូចទៅនឹងវីរុសកូវីដ ១៩។ លោកស្រី Hua បានបន្តនិយាយថា កន្លែងដែលមានករណីនេះ គឺស្ថិតនៅក្បែរមន្ទីរពិសោធន៍ Fort Detrick។»

ការផ្តោតទៅលើមន្ទីរពិសោធន៍ Fort Detrick គឺជាការប្រឆាំងទៅនឹងសម្មតិកម្មដែលបានលើកឡើងពីប្រទេសចិន ដែលថា ការរាតត្បាតវីរុសកូវីដ ១៩ អាចចេញពីមន្ទីរពិសោធន៍ Wuhan ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា មន្ទីរពិសោធន៍ Fort Detrick គឺជាបញ្ជាការស្រាវជ្រាវនិងអភិវឌ្ឍន៍វេជ្ជសាស្រ្តកងទ័ពសហរដ្ឋអាមេរិក (MRDC) ដែលគាំទ្រដល់សហគមន៍រដ្ឋាភិបាលជាច្រើនដែលធ្វើការស្រាវជ្រាវ និងអភិវឌ្ឍជីវសាស្រ្តការគ្រប់គ្រងសម្ភារវេជ្ជសាស្ត្រ ការទាក់ទងនៅទូទាំងពិភពលោក និងការសិក្សាអំពីភ្នាក់ងារបង្កជំងឺ។

ការលើកឡើងដំបូងរបស់ទីក្រុងប៉េកាំងអំពី Fort Detrick បានកើតឡើងនៅខែមីនាឆ្នាំ ២០២០ ភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងដោយគ្មានភ័ស្តុតាងថា វីរុសនេះលេចចេញមន្ទីរពិសោធន៍នៅទីក្រុង Wuhan។

១ ថ្ងៃ បន្ទាប់ពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកត្រូវបានចេញផ្សាយថា វីរុសកូវីដ ១៩ អាចមិនលេចចេញពីមន្ទីរពិសោធន៍ប្រទេសចំនួន ១៤ រួមមានសហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី ជប៉ុន កូរ៉េខាង ត្បូងនិងកាណាដា បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីការព្រួយបារម្ភអំពីកង្វះលទ្ធភាពទទួលបានទិន្នន័យមន្ទីរពិសោធន៍ Wuhan សម្រាប់ការស៊ើបអង្កេត។

អ្នកនាំពាក្យចិនលោក Zhao បាននិយាយទាក់ទងនឹង Fort Detrick ដោយលោកចោទជាសំណួរថាតើយោធាអាមេរិក បានធ្វើអ្វីខ្លះនៅក្នុងមន្ទីរពិសោធន៍ ទាំងនេះ និងមូលដ្ឋាននៅឯ Fort Detrick? លោកបាននិយាយថា៖ «ជាថ្មីម្តងទៀតយើងសូមអំពាវនាវដល់សហរដ្ឋអាមេរិកឱ្យប្រកាន់អាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបដោយយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់អន្តរជាតិ និងផ្តល់ការបញ្ជាក់ពេញលេញអំពីសកម្មភាពយោធារបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេស»។

ការសិក្សារួមគ្នាលើប្រភពដើមនៃវីរុសកូវីដ ១៩ ដោយអ្នកជំនាញចិន និងអង្គការសុខភាពពិភពលោកកាលពីខែមីនានេះ បានច្រានចោលសម្មតិកម្មដែលថា វីរុសនេះ គឺលេចចេញពីមន្ទីពិសោធន៍ Wuhan ប្រទេសចិន។ ភ័ស្តុតាងបន្ថែមទៀតបានចង្អុលបង្ហាញពីការពិតដែលថា វីរុសនេះ ប្រហែលជាចម្លងពីសត្វប្រចៀវទៅមនុស្សតាមរយៈអន្តរការី ១ ហើយវាមិនអាចទំនងលេចចេញពីមន្ទីរពិសោធន៍នោះទេ៕